ព័ត៌មានទាន់ហេតុការណ៍៖

​ក្រុមឆ្លៀតឱកាសដំឡើងថ្លៃសំបុត្រផ្ញើម៉ូតូពេលប្រកួតបាល់ទាត់

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមឆ្លៀតឱកាសនៅក្នុង ពហុកីឡដ្ឋានជាតិពេលប្រកួតបាល់ទាត់ម្តងៗ មិនខ្វល់ជាមួយសម្តីថ្នាក់នាំដឹកនាំរបស់ខ្លួនឡើយ បើទោះបីមានការណែនាំយ៉ាងម៉ឺងម៉ាត់ក៏ដោយ ក៏ក្រុមអ្នកយាមកន្លែងផ្ញើកង ម៉ូតូដំឡើងថ្លៃសំបុត្រស្រេចតែចិត្តដែរ គឺ ចាប់ពី២ពាន់រៀលដល់៨ពាន់រៀលខុសពីគោលការណ៍របស់លោករដ្ឋមន្ត្រីក្រសួង អប់រំយុវជននិងកីឡាដែរបានដាក់ជាទូទៅត្រឹម១ពាន់រៀលប៉ុណ្ណោះមិនថាថ្ងៃណានោះឡើយ ។

ការណែនាំនេះចាប់តាំងពីលោករដ្ឋ មន្ត្រីសម្រេចបញ្ឈប់ក្រុមហ៊ុនដេញថ្លៃមុនរួចដាក់ជំនួសដោយមន្ត្រីរបស់ក្រសួងអប់រំ ដែលមានលោក អុីវ គឹមសួ ជាទីប្រឹក្សា ក្រសួងអប់រំយុវជននិងកីឡា និងជាប្រធាន ទីភ្នាក់ងារប្រតិបត្តិការពិសេសពហុកីឡដ្ឋានជាតិជាអ្នកគ្រប់គ្រងជំនួសវិញ ។

ពេលចាប់ផ្តើមអនុវត្តគឺមានភាពល្អ ប្រសើរ ប៉ុន្តែបន្សល់ទុកស្លាកស្នាមខ្លះៗឲ្យប្រជាពលរដ្ឋរិះគន់ដើម្បីស្ថាបនា ដូចជាភាពអនាធិបតេយ្យនៃការជិះនិងចតរថយន្តម៉ូតូ កង់គ្មានសណ្តាប់ប់ធ្នាប់អំពើចោរកម្មគាស់ ទ្វារបុគ្គលិកនាយកដ្ឋានលូចយកសម្ភារ ផ្សេងៗ ចោរកាច់សោម៉ូតូ កីឡាករកីឡាការិនីក្រុមជម្រើសជាតិជាដើម ។

អ្វីដែលកាន់តែធ្វើឲ្យប្រជាពលរដ្ឋទូទៅស្តីបន្តោស ដល់ថ្នាក់ដឹកនាំក្នុងពហុកីឡដ្ឋានជាតិនោះ រាល់ការប្រកួត បាល់ទាត់មិត្តភាពដែលមានមនុស្សចូលទស្សនារាប់ម៉ឺននាក់ត្រូវបានក្រុមជនខិលខូចចូលបន្លំយកម៉ូតូរបស់ពួកគាត់ ។ ចំពោះបញ្ហាអស់ទាំងនេះក្រុមមហាជនដាក់ការសង្ស័យថា ការ ដំឡើងថ្លៃសំបុត្រម៉ូតូចាប់ពី២ពាន់រៀល ដល់៨ពាន់រៀលនោះទំនងជាក្រុមអ្នកយាមម៉ូតូទាំងនោះ ប្រមូលលុយពីការផ្ញើម៉ូតូទុកគ្រាន់ដោះសងម្ចាស់ម៉ូតូដែលចោរបន្លំយកនោះ។

ប្រភពព័ត៌មានដាច់ដោយឡែកមួយបានបង្ហើបឲ្យដឹងថាចំពោះការឡើងថ្លៃសំបុត្រម៉ូតូនាយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ដែល ជាជំនួបប្រកួតបាល់ទាត់វគ្គជម្រុះ AFC Asian Cup 2019 រវាងក្រុមជម្រើសជាតិ កម្ពុជានឹងឆាយនីសតៃប៉ិនោះអគ្គនាយក កីឡា និងលោក អុីវ គឹមសួ ប្រធានទីប្រក្សា ក្រសួងអប់រំបានធ្វើសន្និសីទសារព័ត៌មានមួយដើម្បីបញ្ជាក់ថា នៅថ្ងៃប្រកួតបាល់ទាត់ខាងលើមិនមានការឡើងថ្លៃការផ្ញើកង់ ម៉ូតូឡើយនេះគឺជាការអះអាងបែបប្រថុយ ប្រថានរបស់លោក អីុវ គឹមសួ ខណៈដែលលោកមិនអាចគ្រប់គ្រងកូនចៅរបស់ខ្លួនបានផងនោះ។

ការសន្យានេះត្រូវបានពលរដ្ឋចំអកឲ្យថា គឺជារឿងគោះទឹក បង្អើលត្រីរបស់លោក អុីវ គឹមសួ តែប៉ុណ្ណោះ។

ជាក់ស្តែងថ្ងៃប្រកួត បាល់ទាត់រវាងក្រុមកម្ពុជានឹងក្រុមឆាយនីសតៃប៉ិដែលមាន ទស្សនិកជនប្រមាណជាង៦ម៉ឺននាក់តម្លៃសំបុត្រផ្ញើម៉ូតូឡើងរហូតដល់ទៅ៨ពាន់រៀលឯណោះ ៕ សារីម

 

Udntitled-1 ds 12


ចែករំលែក៖