ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដង្កោបញ្ជាឲ្យម្ចាស់ផ្សារសារឿនយ៉ានីបញ្ឈប់ការយកទ្រូងផ្លូវសាធារណៈធ្វើកន្លែងផ្ញើកង់ម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងឱកាសចុះពិនិត្យគម្រោងជួសជុលផ្លូវបេតុង ១ខ្សែ ប្រវែង ២៣០ម៉ែត្រ ទទឹង ៧ម៉ែត្រ តភ្ជាប់ពីផ្លូវ ២១៧ ចូលក្នុងភូមិតាឡី និងសំណេះសំណាលជាមួយប្រជាពលរដ្ឋភូមិតាឡី សង្កាត់ដង្កោ រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ លោក នុត ពុធដារ៉ា អភិលបាល នៃគណៈអភិបាលខណ្ឌដង្កោ បានបញ្ជាឲ្យបងប្អូនអាជីវករទាំងអស់ ដែលដាក់តាំងទំនិញលក់រំលោភនៅលើផ្លូវសាធារណៈ ត្រូវបញ្ឈប់ជាបន្ទាន់ ក្នុងនោះផងដែរ គឺលោកអភិបាលខណ្ឌដង្កោបានសង្កត់ធ្ងន់ទៅលើម្ចាស់ផ្សារ សារឿន យ៉ានី ដែលរំលោភយកទ្រូងផ្លូវសាធារណៈធ្វើកន្លែងផ្ញើ កង់ ម៉ូតូ សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន ។

នាឱកាសនោះផងដែរលោក នុត ពុធដារ៉ា បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរអាជីវកម្មនានានៅតាមបណ្តោយផ្លូវចូលភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ នេះ ជាពិសេសម្ចាស់ផ្សារ សារឿន យ៉ានី ដែលរំលោភយកទ្រូងផ្លូវសាធារណៈធ្វើកន្លែងផ្ញើកង់ និងម៉ូតូ សូមមេត្តាជួយថែរក្សាផ្លូវនេះអោយបានល្អទាំងអស់គ្នា ជៀសសវាងការដាក់តាំងរបស់លក់ដូរ ឬ ចតយាន្តជំនិះគ្រប់ប្រភេទ នៅលើចំណីផ្លូវសាធារណៈ ដែលនាំឲ្យកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់ ។

ពាក់ព័ន្ធទៅនិងករណីនេះប្រជាពលរដ្ឋលួចប្រាប់ឲ្យដឹងថា ការកកស្ទះចរាចរណ៍នៅ ចំណុចផ្សារ សារឿន យ៉ានី នេះ គឺតែងតែកកស្ទះចរាចរណ៍ជាញឹកញាប់ ដោយសារម្ចាស់ ផ្សារមួយនេះ រំលោភយកទ្រូងផ្លូវសាធារណៈធ្វើកន្លែងផ្ញើ កង់ ម៉ូតូ និងអនុញ្ញាតិឲ្យក្រុមអាជីវករ ដាក់តាំងទំនិញលក់នៅលើផ្លូវ យ៉ាងអាណាធិប្បតេយ៍ ធ្វើឲ្យបាត់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈផងដែរ ។ ដោយឡែកតម្លៃ នៃការផ្ញើ កង់ ម៉ូតូ ឯណោះវិញ ក៏ថ្លៃហួសហេតុថែមទៀត គឺ ម៉ូតូ តម្លៃ ១០០០រៀល និងកង់ តម្លៃ ៥០០រៀល ដែលតម្លៃទាំងនេះ គឺខុសពីតម្លៃសៀវភៅបន្ទុកទាំងស្រុង ៕ តាឡឹម

2

1

3


ចែករំលែក៖