ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកកាប់សម្លាប់នារីវ័យក្មេងខ្មែរអ៊ិស្លាមម្នាក់ទម្លាក់ទឹកទន្លេ

ចែករំលែក៖

ខេត្តកណ្ដាល៖ នារីវ័យក្មេងអាយុ១៨ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាមម្នាក់ ត្រូវបានឃាតកកាប់សម្លាប់ទម្លាក់ចូលក្នុងទន្លេបាសាក់ ហើយត្រូវបានគេប្រទះឃើញសពអណ្ដែតទឹកទន្លេ មកទើរនៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ។

មន្ត្រីនគរបាលស្រុកស្អាងបានប្រាប់ឱ្យដឹងថា នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ កៅ អីសះ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានប្ដីជាមនុស្សគ-ថ្លង់ និងមានកូនម្នាក់អាយុ៦ខែ រស់នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលបាឱ្យដឹងបន្ថែមទៀតថា កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នារីរងគ្រោះបានដេកនៅលើទូកជាមួយប្ដី និងកូន លុះដល់ព្រឹកថ្ងៃទី១១ខែឆ្នាំដដែល ប្ដីងើបពីដេកបានបាត់ប្រពន្ធដោយមិនដឹងមូលហេតុ មិនដឹងបាត់ពីពេលណា ។ លុះវេលាម៉ោង៩ព្រឹកថ្ងៃដដែល ម្តាយបង្កើតរបស់នារីរងគ្រោះបានត្រឡប់មកពីលក់ត្រី ហើយជួបឈ្មោះ សឹក គ្រីយ៉ា ត្រូវជាប្តីនារីរងគ្រោះជាមនុស្សគ-ថ្លង់បានធ្វើកាយវិការប្រាប់ម្តាយក្មេកថា ខ្ញុំភ្ញាក់ពីដេកម៉ោង៦ព្រឹក បាត់ប្រពន្ធខ្ញុំមិនដឹងទៅណាទេ ឈ្មោះ ស្ត្រស់ ជាម្ដាយនារីរងគ្រោះធ្វើកាយវិការប្រាប់ថា អត់បានជួបប្រពន្ធឯងទេ ។ ពេលនោះបងប្អូនខ្មែរអ៊ិស្លាមបានស្វែងរកនារីរងគ្រោះរហូតដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី១១ខែឆ្នាំដដែលទើបបានប្រទះឃើញសាកសពនារីរងគ្រោះឈ្មោះ កៅ អីសះ នៅកន្លែងកើតហេតុខាងលើ រួចក្រុមគ្រួសាជនរងគ្រោះលើកសាកសពដាក់លើទូករបស់ឈ្មោះ ស្ត្រស់ ដឹកសំដៅមកភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ។

នៅវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃដដែល ទើបនគរបាលទទួលបានព័ត៌មានពីគ្រួសារសពខាងលើ ហើយនគរបាលជំនាញបច្ចេកទេសខេត្ត និងស្រុក បានទៅពិនិត្យសាកសពឃើញថា សាកសពពាក់អាវពណ៌ផ្កាឈូកដៃវែង មានស្នាមដាច់បាត់ក្តោងច្រមុះ និងក្រោមភ្នែកខាងស្តាំប្រវែង៩សង្ទីម៉ែត្រ ហើយបានសន្និដ្ឋានថា នារីរងគ្រោះត្រូវបានឃាតករកាប់ដោយកាំបិតដាច់ក្ដោងច្រមុះ ធ្លាក់ទឹកស្លាប់ ។

ក្រោយពិនិត្យរួច សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

IMG_3985

IMG_3984

IMG_3983

IMG_3982

IMG_3981


ចែករំលែក៖