ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវបានចាប់ខ្លួនតាមពាក្យបណ្តឹងក្នុងករណីលួចម៉ូតូ

ចែករំលែក៖

ខេត្តតាកែវ ÷ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង ខេត្តតាកែវ បាន ចាប់ឃាត់ខ្លួនជនសង្ស័យករណីលួចម៉ូតូ ម្នាក់រួមនឹងវត្ថុតាង តាមពាក្យបណ្តឹងរបស់ម្ចាស់ម៉ូតូកាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីសាកសួរ ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសំរោង ដែលបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តតាកែវបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជា រតនៈ ហៅរត្ន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិខ្វាវខាងត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពាក់ស្លាក់លេខ តាកែវ 1k 2506 ដែលជាកម្មសិទ្ធរបស់លោក សែម ស្រស់ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិពេជដង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។

ផ្អែកតាមសម្តីរបស់ជនសង្ស័យបានសារៈភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើមែន ហើយជិះមិនបានមួយថ្ងៃផង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តងទៅ ។

បច្ចុប្បន្ន ជនសង្ស័យក្រោយពីសមត្ថកិច្ចស្រុកសំរោងចាប់ខ្លួន និងបានទទួលចម្លើយសារៈភាពរួចមក ក៏បានបញ្ជូនខ្លួនភ្លាមៗមកស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការតាមនីតិវិធី ៕ (ជីសូរិកា)

2


ចែករំលែក៖