ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញផ្អាកការរកស៊ីដឹកជញ្ជូនឈើ ក្រោយពីមេព្រៃដំឡើងថ្លៃក្បាលឡានខ្ពស់

ចែករំលែក៖

ខេត្តក្រចេះ៖ ឈ្មួញមួយចំនួននៅក្នុងខេត្តក្រចេះ ដែលបានចាប់អាជីពជាអ្នករកស៊ីដឹកជញ្ជូនឈើល្មើសច្បាប់ បាននិយាយថា ពួកគាត់បានផ្អាកសកម្មភាពដឹកជញ្ជូនឈើមួយរយៈ ដោយសារការដឹកជញ្ជូនឈើរបស់ពួកគាត់ដឹកមិនចំណេញ ខណៈមន្ត្រីរដ្ឋបាលព្រៃឈើនៅក្នុងខេត្តក្រចេះ បានសម្រេចដំឡើងថ្លៃក្បាលឡានកាន់តែខ្ពស់ ។

ការលើកឡើងរបស់អ្នករកស៊ីដឹកជញ្ជូនឈើ បានធ្វើឱ្យពលរដ្ឋនៅទូទាំងខេត្តក្រចេះ ក៏ដូចជាមជ្ឍដ្ឋាននានា ហួសចិត្តទៅនឹងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្ត ដោយពួកគាត់លើកឡើងថា ខ្លួនមានភារៈកិច្ចបង្ក្រាបទប់ស្កាត់រាល់បទល្មើសព្រៃឈើតែបែរជាមិនចាប់បង្ក្រាប ហើយម្នាក់គិតតែពីរកវិធីកៀបសង្កត់និងដំឡើងថ្លៃក្បាលឡានឈើកាន់តែខ្ពស់ទៅវិញ ។

ឈ្មួញអ្នករកស៊ីដឹកជញ្ជូនឈើម្នាក់បាននិយាយថា ពេលនេះលោកសម្រេចចិត្តឈប់ដឹកឈើមួយរយៈ ដោយសារលោកដឹកមិនចំណេញ ហើយលោកនឹងគ្រោងលក់រថយន្តដឹកឈើចោល យកលុយទៅប្រកបមុខរបរផ្សេង ។

លោកថា វាពិតជាពិបាកណាស់ព្រោះរបរដែលលោករកសព្វថ្ងៃនេះ ជារបរដែលគេហាម ឃាត់ តែលោកក៏បានបង់លុយទៅឱ្យសមត្ថកិច្ចតាមដងផ្លូវទាំងអស់ដើម្បីចែករំលែកគ្នា តែសមត្ថកិច្ចទាំងនោះគេចេះយោគយល់គេយកមិនច្រើន ដូចមន្ត្រីជំនាញនោះទេ ។

លោកថា ក្នុងមួយរថយន្តសាំយ៉ុងកែច្នៃ ថែមកង់ កែច្នៃទ្រុង លោកអាចផ្ទុកឈើបានត្រឹមតែ១០ម៉ែត្រគីប ហើយជាប្រភេទឈើអារលេខ២ តែលោកត្រូវបង់លុយ ទៅឱ្យលោក ប៊ួយ រតនា មានតួនាទីជានាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ ក្នុងមួយរថយន្ត៣២ម៉ឺនរៀល បង់ទៅឱ្យលោក ទ្រី សុភក្រ័ នាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ ៣២ម៉ឺនរៀលដូចគ្នា ហើយភារៈកិច្ចចាំរាប់ក្បាលឡានដឹកឈើយកលុយ គឺនាយខណ្ឌនឹងនាយផ្នែក បានប្រគល់នាទីនេះទៅឱ្យលោក អៀវ ហាក់ ជាមន្ត្រីរដ្ឋបាលព្រៃឈើ ជាអ្នកទទួលមើលការខុសត្រូវ ។ ជាងនេះទៅទៀត សំរាប់រម៉កដឹកឈើវិញដែលអាចផ្ទុកឈើបានត្រឹម តែ៤ទៅ៥ម៉ែត្រគីប គឺនាយខណ្ឌនិងនាយផ្នែករូបនេះ កំណត់តម្លៃយក១២ម៉ឺនរៀល ក្នុងមួយរម៉ក ។

ឈ្មួញរូបនោះបានបន្តថា ឈើដែលពួកគាត់ដឹកជញ្ជូនសព្វថ្ងៃនេះគឺបានទិញពីពលរដ្ឋនៅក្នុងតំបន់ស្រុកសំបូរ ដោយក្នុង១ម៉ែត្រគីបតម្លៃ៩០ម៉ឺនរៀល ហើយបើកដឹកយក ទៅលក់ត្រឹមស្រុកឆ្លូងខេត្តក្រចេះ បានតម្លៃ១គីប១លាន២សែនរៀល ទៅ១លាន៣សែនរៀល ទៅតាមឈើល្អឬឈើមិនសូវល្អ ។លោកថា តែបើយើ់ងដឹកបង្ហួសទៅលក់ឱ្យដេប៉ូឈើក្នុងខេត្តព្រៃវែងវិញ គឺបាន១ម៉ែត្រគីប ចាប់ពី១លាន៥សែន រៀលទៅ១លាន៦សែនរៀល ។

ពាក់ពន្ឋនិងការណីខាងលើនេះ មិនអាចសុំការបកស្រាយបានទេ ពីលោក ទ្រី សុភក្រ័ នាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ ដោយទួរស័ព្ទចុចចូលតែលោកមិនទទួល ។ បើកតាមការលើកឡើងពីអ្នកព័ត៍មានក្នុងខេត្តក្រចេះមួយចំនួន បាននិយាយថា លេខទួរស័ព្ទលោក ទ្រី សុភក្រ័ គឺចុចមិនលើកទេ ព្រោះខ្លាចពលរដ្ឋទួរស័ព្ទររាយការពីការដឹកជញ្ជូនឈើល្មើសច្បាប់របស់ក្រុមឈ្មួញ និងអាចប៉ះពាល់ឬបាត់បង់ផលប្រយោជន៍ដែលបានមកការបើកភ្លើងខៀវឱ្យក្រុមឈ្មួញដឹកជញ្ជូនឈើសព្វថ្ងៃនេះ ៕ កោះទ្រុង

abc (3)

abc

abc (1)

abc (2)


ចែករំលែក៖