ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុកម៉ូតូស្លាប់ម្នាក់ របួសធ្ងន់២នាក់ នៅលើផ្លូវជាតិលេខ៤

ចែករំលែក៖

ខេត្តកណ្ដាលៈ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ រីឯ២នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូបុកម៉ូតូនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល កាលពីវេលាម៉ោង១៧និង២០នាទី ថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០១៦ ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ចឹក មាន ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិ/ឃុំកើតហេតុ បើកបរម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១AV-៩៧០៧ និងអ្នករួមដំណើរម្នាក់ឈ្មោះ មាស អ៊ី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ (រងរបួសធ្ងន់) មានទីលំនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ។ ជនរងគ្រោះម្នាក់ទៀតដែលរងរបួសធ្ងន់ដែរនោះឈ្មោះ ញឹម សុវណ្ណមុនី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត មានទីលំនៅភូមិណងស្រាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្ដតាកែវ បើកបរម៉ូតូធំ ម៉ាកPULSAR ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FW-៥០០៣ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូហុងដាឌ្រីមជិះគ្នា២នាក់ តាមបណ្ដោយផ្លូវលំ ក្នុងទិសដៅពីត្បូងទៅជើង ហើយបានបើកឡើងលើផ្លូវជាតិលេខ៤ដោយខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យម៉ូតូម៉ាកPULSAR បើកបរក្នុងទិសដៅពីខេត្ដព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញគេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់បុកពេញមួយទំហឹង ធ្វើឲ្យអ្នកបើកបរម៉ូតូហុងដាឌ្រីមនិងអ្នករួមដំណើរស្លាប់ របួសរីឯអ្នកបើកបរម៉តូPULSAR ក៏ទទួលរងរបួសធ្ងន់ផងដែរ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់២នាក់ ត្រូវរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ចំណែកឯម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកអង្គស្នួលដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

តាមការសន្និដ្ឋានរបស់នគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូហុងដាដ្រីម បើកឡើងលើផ្លូវជាតិដោយខ្វះការប្រុងប្រយ័ត្ន ខណៈដែលម៉ូតូPULSARបើកបរលើផ្លូវជាតិក្នុងល្បឿនលឿនគេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់ ក៏បុកពេញមួយទំហឹងតែម្ដង ៕ ស្អាងជ័យ

kandl (3)

kandl (2)

kandl (1)

kandl


ចែករំលែក៖