ព័ត៌មានទាន់ហេតុការណ៍៖

ង៉ូវ ទី បន្តកាប់និងដឹកជញ្ជូនឈើចេញពីដែនជម្រកភ្នំឱរ៉ាល់រាល់ថ្ងៃ

ចែករំលែក៖

ប្រជាពលរដ្ឋរស់នៅស្រុកភ្នំក្រវាញបានឲ្យដឹងថាឈ្មួញឈ្មោះ ង៉ូវ ទី នៅតែបន្ត សកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្រុកភ្នំក្រវាញរាល់ថ្ងៃដោយមានការឃុបឃិតពីមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន ។

ប្រភពបានឲ្យដឹងថា ឈ្មួញឈ្មោះ ង៉ូវ ទី ដែលមានលំនៅដ្ឋានក្នុងភូមិត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកដឹកនាំកម្លាំងចូលទៅកាប់ឈើក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយដឹកជញ្ជូនមកចែកចាយតាមដេប៉ូក្នុងក្រុងពោធិ៍សាត់ដោយគ្មានការរំខានពីមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានឡើយ។ ជាងនេះទៅទៀតឈ្មួញឈ្មោះ ង៉ូវ ទី បានប្រើគោយន្តកន្ត្រៃរថយន្តធំៗនិងរថយន្តកែច្នៃដឹកជញ្ជូនឈើចេញពីព្រៃហើយ សមត្ថកិច្ចពាក់ព័ន្ធជាអ្នករាប់ក្បាលយកលុយទាំងយប់ទាំងថ្ងៃ។

តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា រយៈពេលប៉ុន្មានខែចុងក្រោយនេះឈ្មួញឈ្មោះ ង៉ូវ ទី បានដឹកនាំកម្លាំងចូលកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រក សត្វព្រៃភ្នំឱរ៉ាល់កាន់តែខ្លាំងឡើងៗ ។ ឈើទាំងនោះត្រូវដឹកយកមកស្តុកទុកនៅត្រង់ចំណុចទំនប់ទី៥ និងចំណុចខ្សាច់ពូកនៅពេលបានគ្រប់ចំនួនទើបមានរថយន្តស្ទូចនិងរថយន្តកូរ៉េធំៗ២ទៅ៣គ្រឿងដឹកចេញពីតំបន់នោះ។ ជាងនេះទៅទៀតឈ្មួញឈ្មោះ ង៉ូវ ទី បានប្រើប្រាស់គោយន្តកន្ត្រៃពី១០ទៅ១៥គ្រឿងសម្រាប់ដឹកឈើចេញពីព្រៃ ដោយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបឡើយ ព្រោះពួកគេខ្លាចបាត់បង់ ផលប្រយោជន៍ ។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញ បានឲ្យដឹងថារថយន្ត ដឹកឈើធំៗរបស់ ឈ្មួញឈ្មោះង៉ូវទីបើកបរកាត់មុខសាលាស្រុកភ្នំក្រវាញជារៀងរល់ យប់ ហើយយកទៅចែកចាយតាមដេប៉ូក្នុងស្រុកបាកានក៏ដូចជាយកទៅចែកចាយ តាមដេប៉ូក្នុងក្រុងពោធិ៍សាត់ និងក្រុងបាត់ដំបងជាដើម ៕

Untitled-1


ចែករំលែក៖