ព័ត៌មានទាន់ហេតុការណ៍៖

ចិនមានមីស៊ីលបំពាក់បានក្បាលគ្រាប់បរមាណូ១០គ្រាប់បង្កការព្រួយបារម្ភដល់អាមេរិក

ចែករំលែក៖

មន្ត្រីអាមេរិក ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ចិនបានបាញ់សាកល្បងគ្រាប់មីស៊ីល មានរយៈចម្ងាយឆ្ងាយបំផុតលើពិភពលោក ប្រភេទ DF-41 ដោយមីស៊ីលនោះ អាចហោះទៅកាន់គោលដៅក្នុងចម្ងាយរហូតដល់ទៅ១២.០០០គីឡូម៉ែត្រ ប្រើរយៈពេលតែ៣០នាទីប៉ុណ្ណោះ ។

សារព័ត៌មាន Washington Free Beacon បានផ្សាយថា ការបាញ់សាកល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ចិន ធ្វើឡើងនៅពាក់កណ្តាលខែមេសា ដោយមិនបានផ្តល់ព័ត៌មានឲ្យដឹងនោះឡើយ ។ ប៉ុន្តែការបាញ់នោះត្រូវបានផ្កាយរណបយោធាអាមេរិកចាប់បាន ។ មន្ត្រីការពារជាតិអាមេរិក ក៏មិនបានបកស្រាយពីទីតាំង និងពេលវេលាបាញ់បង្ហោះឲ្យបានច្បាស់លាស់ នោះដែរ ។

តាមព័ត៌មានខាងលើកាំជ្រួចមីស៊ីលរបស់ ចិនបានបាញ់ចេញពីរថយន្តធុនធំមួយគ្រឿង ហើយការសាកល្បងនោះគឺជាការបាញ់សាកល្បងលើកទី៧ហើយនូវប្រភេទមីស៊ីល DF-41 ។

អ្នកឯកទេសយោធារបស់អាមេរិកបានឲ្យដឹងថា កាំជ្រួចមីស៊ីល DF-41 គឺជាក្តីព្រួយបារម្ភ ដោយសារតែកាំជ្រួចមីស៊ីមាន ទំហំធំមានទម្ងន់រហូតដល់ទៅ៨០តោន អាចបំពាក់ក្បាលគ្រាប់បរមាណូបានរហូតដល់ទៅ១០គ្រាប់ ។

ការសាកល្បងគ្រាប់មីស៊ីលខាងលើ ចំពេលដែលមន្ត្រីចិន បានទៅកាន់កោះដែលមានវិវាទស្ថិតនៅក្នុងដែនសមុទ្រក្រោមការគ្រប់គ្រងរបស់វៀតណាមហើយក៏ជាពេលវេលាដែលរដ្ឋមន្ត្រីការពារជាតិអាមេរិកបំពេញទស្សនកិច្ចទៅកាន់នាវាផ្ទុកយន្តហោះ USS John C Stennis ស្ថិតនៅដែនសមុទ្រចិនភាគខាងត្បូង ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ នៅលើកោះសិប្បនិមិត្តដែលចិនបានសាងសង់ឡើងនៅសមុទ្រចិនភាគខាងត្បូងនោះចិន ក៏បានសម្ពោធបង្គោលភ្លើងហ្វាសម្រាប់បំភ្លឺនៅទីនោះ ។

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវបង្គោលភ្លើងហ្វាលើកោះសិប្បនិមិត្តក្នុងសមុទ្រចិនខាងត្បូងបានចូលរួមដោយមន្រ្តីជាន់ខ្ពស់ចិនផ្នែកដឹកជញ្ជូនជាច្រើនរូប។បង្គោលភ្លើងហ្វានោះមានកម្ពស់៥៥ម៉ែត្រនិងមានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលនឹងអនុញ្ញាតឲ្យចិនប្រើសម្រាប់តាមឃ្លាំមើលរាល់ចរាចរណ៍ចេញចូលរបស់នាវាក្នុងសមុទ្រចិនខាងត្បូង ។ តាមកាសែតស៊ីនហួ បានផ្សាយថាបង្គោលភ្លើងហ្វាមួយនេះត្រូវបានសាងសង់លើកោះសិប្បនិមិត្តរបស់ចិនដែលស្ថិតមិនឆ្ងាយប៉ុន្មានពីទីប្រជុំកោះSpratleys ។

ទីប្រជុំកោះ Spratleysជាកោះដែលចិន និងបណ្តាប្រទេសអាស៊ីខ្លះមានវៀតណាមហ្វុីលីពីន ម៉ាឡេស៊ី និងតៃវ៉ាន់កំពុងទាមទារជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួន។ គួរបញ្ជាក់ ថានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះចិនបានធ្វើការសាងសង់កោះសិប្បនិមិត្តជាច្រើនរយហិកតាលើផ្ទៃទឹកសមុទ្រក្នុងសមុទ្រចិនខាងត្បូង។រូបថតផ្កាយរណបអាមេរិកាំងបានប៉ាន់ប្រមាណមើលថាកោះសិប្បនិមិត្តរបស់ចិននៅលើទឹកសមុទ្រ មានផ្ទៃក្រឡាដីជិត៤០០ហិកតា។

នៅលើកោះសិប្បនិមិត្តនោះចិនថែមទាំងបានសាងសង់កំពង់ផែព្រលានយន្តហោះនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតជាច្រើន។ លោកលូ កាងអ្នកនាំពាក្យក្រសួង ការបរទេសចិនបានបញ្ជាក់នៅថ្ងៃពុធ ទី៦មេសាថា អ្វីដែលចិនបាននិងកំពុងធ្វើពេល នេះគឺដើម្បីធានាសន្តិសុខនិងសេរីភាពធ្វើចរាចរណ៍ផ្លូវសមុទ្រក្នុងសមុទ្រចិនខាងត្បូងក្នុងគោលដៅបង្កើនពាណិជ្ជកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់ ។

ក៏ប៉ុន្តែការអះអាងរបស់ប៉េកាំងមិនបានរម្ងាប់កំហឹង របស់ប្រទេសដែលកំពុងមានជម្លោះផ្ទាល់ជាមួយចិនទេ ។ សូម្បីតែអាមេរិកដែលគ្មានភាគហ៊ុនក៏ជួយឈឺ ឆ្អាលដោយបានចេញមុខបរិហារចិនចំមុខ ។ អាមេរិកធ្លាប់បានបញ្ជាក់ជាច្រើនដងថាដែនទឹកនៅសមុទ្រចិនខាងត្បូងជាដែនទឹកអន្តរជាតិដែលមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសណាមួយទេ។ថ្មីៗកន្លងទៅដើម្បីបង្ហាញពីសិទ្ធិរបស់ខ្លួនអាមេរិកបានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់សមុទ្រចិនខាងត្បូង។ទង្វើអាមេរិកកាលណោះបានធ្វើឲ្យចិនក្តៅស្លឹកត្រចៀកងំ ៕ ម៉ែវ សាធី

111

11111


ចែករំលែក៖