ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកសណ្ឋាគារ Flamingo ក្លែងត្រាឈ្មោះប្រធានភូមិ និងត្រាចៅសង្កាត់ព្រែកឬស្សី ធ្វើលិខិតបញ្ជាក់ភាពនៅលីវយកទៅបង្ហាញនារីជាសង្សារដើម្បីសុំរៀបការ

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ជាបុគ្គលិកផ្នែកអគ្គិសនីនៅសណ្ឋាគារ Flamingo បានបែកគំនិតក្លែងត្រា ​ឈ្មោះ ហត្ថលេខា ប្រធានភូមិ និងត្រាឈ្មោះ ត្រាមូល ហត្ថលេខារបស់ចៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ដើម្បីធ្វើលិខិតបញ្ជាក់ភាពនៅលីវ​យកទៅ​បង្ហាញនារីជាសង្សាសុំរៀបមង្គលការ ។

សកម្មភាពនេះធ្វើឲ្យនារីជាសង្សាមានការសង្ស័យ ក៏​កាន់លិខិតបញ្ជាក់ទៅប៉ុស្តិ៍នគរ​បាលរដ្ឋបាលព្រែកឬស្សីឲ្យជួយពិនិត្យមើល ។ បន្ទាប់ពីពិនិត្យដឹងថាជាឯកសារក្លែងបន្លំសមត្ថ​កិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ឡុង វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកផ្នែកអគ្គិសនី នៅសណ្ឋា​គារ​Flamingo មានស្រុកកំណើតនៅស្រុកសំឡូត ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅសង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជនសង្ស័យ មានប្រពន្ធនិងកូន០១នាក់ បានចេញពីស្រុក​កំណើតរស់នៅផ្សេងគ្នាអស់រយៈពេលប្រមាណ៥ឆ្នាំមកហើយ តែមិនទាន់លែលះដាច់​ស្រេច​ទេ ។ ចំណែកឯនារីជាសង្សាររបស់ជនសង្ស័យ ឈ្មោះ ទត ថាវី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិអូរម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​ស្នាក់នៅផ្ទះជួលក្នុងសង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ លិខិតបញ្ជាក់ក្លែងក្លាយចំនួន០១សន្លឹក, ត្រាឈ្មោះប្រធានភូមិព្រែកឬស្សីក្លែងក្លាយចំនួន០១, ត្រាឈ្មោះចៅសង្កាត់ព្រែកឬស្សីក្លែងក្លាយចំនួន០១, ត្រាមូលសលាសង្កាត់ព្រែកឬស្សីក្លែងក្លាយ​ចំនួន០១ និងម៉ូតូ១គ្រឿង ម៉ាកToday ពណ៌ឈាមជ្រូក បិទស្កុតពណ៌ស្វាយ គ្មានស្លាកលេខ។

ប្រភពដដែលបានបន្តថា នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០១៥ ជនសង្ស័យខាងលើនេះ​បានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះឈ្មោះ ទត ថាវី ដោយប្រាប់ថាខ្លួននៅលីវមិនទាន់​មានប្រពន្ធកូនទេ ។ ដោយសារតែនារីជាសង្សាមិនជឿរថាខ្លួននៅលីវ ជនសង្ស័យបានបែក​គំនិត​​ទៅជួលជាងឲ្យឆ្លាក់ក្លែងត្រាឈ្មោះប្រធានភូមិ និងត្រាឈ្មោះ ត្រាមូល ព្រមទាំងហ​ត្ថ​លេខា​របស់ចៅសង្កាត់​ព្រែកឬស្សី ធ្វើលិខិត​បញ្ជាក់ភាពនៅលីវយកទៅបង្ហាញនារីជា​សង្សា​ ដើម្បីសុំរៀបមង្គលការ ។

ប្រភពដដែលបានបន្តទៀតថា បន្ទប់ពីទទួលបានលិខិតបញ្ជាក់ពីគូរសង្សារួចមក នារី​រងគ្រោះនៅតែមិនអស់ចិត្តមានការសង្ស័យ ម្យាងទៀតមានការឲ្យយោបល់ពីក្រុមគ្រួសារ​សាច់​ញាតិ នារីរង​គ្រោះបានកាន់លិខិតបញ្ជាក់នោះទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សី ដើម្បីឲ្យសមត្ថ​កិច្ច​ជួយពិនិត្យមើលលិខិតបញ្ជាក់នោះជាលិខិតបញ្ជាក់ពិតប្រាកដឬអត់ ។ បន្ទាប់ពីសមត្ថកិច្ច​ពិនិត្យឃើញថាជាឯកសារក្លែងក្លាយ សមត្ថកិច្ចបានសហការជាមួយនារីរង​គ្រោះ​ឈានដល់​បង្រ្កាបឃាត់ខ្លួនជនសង្ស័យ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់​ការ​តាមនីតិវិធីច្បាប់ ។

ជនសង្ស័យឈ្មោះ ឡុង វុទ្ធី សារភាពថា ខ្លួនពិតជាបានក្លែងត្រាឈ្មោះ ហត្ថលេខា​ប្រធានភូមិ ព្រែកឬស្សី និងត្រាឈ្មោះ ត្រាមូល ព្រមទាំងហត្ថលេខារបស់ចៅសង្កាត់​ព្រែក​ឬស្សី ប្រាកដមែន ។ ជនសង្ស័យបញ្ជាក់ថា ខ្លួនធ្លាប់មានប្រពន្ធនិងកូន០១នាក់ តែបានរស់នៅ​ផ្សេងគ្នាអស់រយៈពេលប្រមាណ៥ឆ្នាំមកហើយ ។ ការបែកផ្លូវរស់នៅផ្ទះផ្សេងគ្នានេះ គឺនៅមិន​ទាន់លែងលះដាច់ស្រេចនៅឡើយទេ ៕ ស្អាងជ័យ

ses (4)

ses (3)

ses (2)

ses (1)

ses


ចែករំលែក៖