ព័ត៌មានទាន់ហេតុការណ៍៖

ប្លន់ផ្ទះវេរលុយវីងនៅស្រុកថាឡាបរីវ៉ាត ទាំងកណ្តាលអធ្រាត្រ បាត់បង់មាស និងលុយយ៉ាងច្រើនសន្ធឹកសន្ធាប់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ក្រុមចោរប្លន់មានគ្នាប្រមាណ៤នាក់ ប្រដាប់ដោយកាំភ្លើងវែងខ្លី និងដែកស្បែង ធ្វើសកម្មភាពចូលប្លន់ផ្ទះវេលុយវីង កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត ខេត្តស្ទឹងត្រែង ខណៈមេឃកំពុងភ្លៀង ក្រុមចោរបានចូលទៅគាស់ទំលាយ និងភ្ជង់ជនរងគ្រោះយកទ្រព្យសម្បត្តិអស់មួយចំនួនធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះយ៉ាងតិច៤នាក់ត្រូវបានក្រុមចោរភ្ជង់ និងយកដែកស្បែងវាយទៅលើក្បាលបណ្តាលឲ្យរងរបួស ក្នុងនោះមានក្មេងស្រីម្នាក់ផងដែរ។ សមត្ថកិច្ចបន្តថា ជនរងគ្រោះរួមមានទី១ឈ្មោះវួច លី ភេទស្រី អាយុ២៧ឆ្នាំ ត្រូវក្រុមចោរបាញ់មួយគ្រាប់ចំភ្លៅ ផ្នែកខាងឆ្វេង ទី២ឈ្មោះប៊ុន ហួរ ភេទប្រុស អាយុ៣៣ឆ្នាំ ជាប្ដី ទី៣ឈ្មោះអ៊ុច សុខឃាន់ ភេទស្រី អាយុ៥៨ឆ្នាំ និងទី៤ឈ្មោះហៀវ នីហ្សា ភេទស្រី អាយុ៩ឆ្នាំ មិនរងរបួសក្នុងហេតុការណ៍នេះទេ។

សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុគឺមានក្រុមជនសង្ស័យជាចោរចំនួន៤នាក់ អាយុប្រហែល២០ឆ្នាំម្នាក់ និង៣នាក់ទៀតអាយុប្រហែល៤០ឆ្នាំ មានប្រដាប់ដោយកាំភ្លើងAKស្វាយ១ដើម កាំភ្លើងខ្លីមួយដើម និងដែកស្បែង១ដើម បាននាំគ្នាគាស់ទ្វារផ្ទះវេលុយវីង នៅផ្នែកខាងក្រោយ រួចហើយក៏បន្តឡើងទៅលើឡៅតឿដកកាំភ្លើងភ្ជង់ និងវាយជនរងគ្រោះ រួចហើយប្រមូលយកទ្រព្យសម្បត្តិមានដូចជា ខ្សែក ខ្សែដៃ ចញ្ចៀន មាសសុទ្ធសរុប១ដំឡឹង ខ្សែដៃផ្លាកទីន៩ជី លុយដុល្លារ៨០០ ប្រាក់រៀលជាង៨០លាន ព្រមទាំងទូរស័ព្ទIPhone ១គ្រឿង។ ក្រោយធ្វើសកម្មភាពជនសង្ស័យបាននាំគ្នាគេចខ្លួនដោយសុវត្ថិភាព។ ដោយឡែកជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ហើយសមត្ថកិច្ចក៏បានចុះមកស្រងយកព័ត៌មានដើម្បីកំណត់មុខសញ្ញាស្វែងរកការចាប់ខ្លួនជនសង្ស័យ៕ មាស សុផាត

abc (8)

abc (7)

abc (6)

abc (5)

abc (4)

abc (3)

abc (2)

abc (1)

abc

abc (9)


ចែករំលែក៖