ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ពលរដ្ឋខ្មែរឆ្ងល់រឿងជនជាតិជប៉ុន១ក្រុមដើររើសសំរាម

ចែករំលែក៖

នៅក្នុងបណ្តាញទំនាក់ទំនងសង្គមបានចែករំលែកអំពីរូបភាពជនជាតិជប៉ុន១ក្រុម ដើររើសសំរាមរៀងរាល់ព្រឹកនៅម្តុំភូមិតាភុល ក្រុងសៀមរាប ដែលប្រការនេះ ធ្វើឲ្យអ្នកភូមិក្បែរខាងម្តុំនោះ ចោទជាសំណួរឡើងថា តើជនជាតិជប៉ុនទាំងនោះរើសសំរាមធ្វើអ្វី? ជាសំណួរមួយដែលឆ្លុះបញ្ចាំងឲ្យឃើញថា ពលរដ្ឋកម្ពុជាម្តុំនោះ មិនទម្លាប់រស់នៅក្នុងភាពស្អាត ហើយចាត់ទុកសំរាម ដែលគរនៅមុខផ្ទះថា ជារឿងធម្មតាទៅវិញ ។ មិនតែប៉ុណ្ណោះទំនងជាយល់ថា ជនជាតិជប៉ុននោះ បានផលប្រយោជន៍ណាមួយពីការដើរប្រមូលសំរាមនោះទៀតផង ។

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទយល់ឃើញថា ក្រុមជនជាតិជប៉ុនដែលដើររើសសំរាមរាល់ព្រឹកនៅម្តុំភូមិតាភុល មិនមែនដើម្បីផលប្រយោជន៍អ្វីនោះឡើយ ប៉ុន្តែក្នុងគោលបំណងចង់ឲ្យមូលដ្ឋានរបស់ពលរដ្ឋខ្មែរ នៅតំបន់នោះ ស្អាត គ្មានសំរាម ដែលនាំឲ្យមានមេរោគនោះឡើយ ។ វាជាចេតនាក្នុងការបង្រៀនពលរដ្ឋខ្មែរឲ្យចេះរស់នៅ ស្អាត មានអនាម័យ បរិស្ថានល្អ ។ ប៉ុន្តែអ្វីដែលជាការយល់ឃើញរបស់ប្រជាពលរដ្ឋខ្មែរយើងមួយចំនួនតូច ទំនងជាគិតថា បណ្តាជនជាតិជប៉ុនដែលដើររើសសំរាមនោះ បានផលប្រយោជន៍ណាមួយ ។

ផ្ទុយទៅវិញ យើងគួរតែមានភាពខ្មាស់អៀនចំពោះទង្វើបែបនេះផង ។ ជារឿយៗគេតែងតែសង្កេតឃើញជនបរទេសមួយចំនួនបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្អាតបរិស្ថាន តាមរយៈការរើសសំរាមនៅក្នុងសហគមន៍របស់ពលរដ្ឋខ្មែរ ។ នេះបានបញ្ជាក់ឲ្យឃើញថា ពលរដ្ឋខ្មែរយើងមួយចំនួនខ្វះការយល់ដឹងអំពីបញ្ហាបរិស្ថាន អនាម័យ ។ ដូច្នេះ គួរតែបោសសំអាតសំរាមនៅតាមលំនៅឋានរបស់ខ្លួនឲ្យបានស្អាតបាត ជៀសវាងចាំជនបរទេសចូលទៅបោសសំរាមដល់ក្នុងផ្ទះរបស់ខ្លួន ៕ ប្រជាពលរដ្ឋម្នាក់

ses (1)

ses


ចែករំលែក៖