ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ អ្នកខាតបំផុត គឺរាជរដ្ឋាភិបាលកម្ពុជារឿងឃាតកម្មលើលោក បណ្ឌិត កែម ឡី

ចែករំលែក៖

information minister

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋ មន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា អ្នកខាតបំផុតគឺរាជរដ្ឋាភិបាលកម្ពុជាជុំវិញរឿង ឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នក វិភាគឯករាជ្យ ព្រោះនៅពេលនេះរាជរដ្ឋា ភិបាលកំពុងលើកកម្ពស់សិទ្ធិសេរីភាព បញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋា ភិបាលនឹងរកឲ្យឃើញឫសគល់នៃអំពើឃាតកម្មនេះ ។ នៅពេលនេះសមត្ថកិច្ច ជំនាញកំពុងធ្វើការលើករណីនេះ។

ការប្រកាសរបស់លោករដ្ឋមន្ត្រីនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅ ទីស្តីការក្រសួងព័ត៌ មាន។

បុរសម្នាក់ដែលសារភាពថា ជាខ្មាន់ កាំភ្លើងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ប្រធានអង្គការអភិវឌ្ឍន៍សង្គម និងជាអ្នក វិភាគនយោបាយកំពុងស្ថិតក្រោមការសាក សួររបស់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញនៅឡើយ ។

លោក លី សុផាណា អ្នកនាំពាក្យអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ថា សំណុំរឿងខ្មាន់កាំភ្លើងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កំពុងបន្តនីតិវិធីនិងអនុវត្តវិធានការស្រាវ ជ្រាវនៅស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ។

គួរបញ្ជាក់ថា ចាប់ពីតាំងម៉ោងជិត៩ព្រឹក រហូតមកទល់ម៉ោងជិត៣រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ប្រជាពលរដ្ឋជាច្រើន នាក់បានចោមរោមមើលយ៉ាងកកកុញ បានឈរស្រែកយំសម្ដែងក្ដីសោកសៅ និង សង្វេគបន្ទាប់ពីលោក កែម ឡី ត្រូវឃាតក បាញ់សម្លាប់ ។

គេឃើញថា ស្ថានការណ៍ហាក់មាន ភាពតានតឹងបន្តិចក្រោយមកក៏ធូរស្រាលទៅវិញ ។ តានតឹងក៏ព្រោះតែប្រជាពលរដ្ឋបានរារាំងមិនឲ្យសមត្ថកិច្ចដឹកសពលោក កែម ឡី តាមរថយន្តផ្សេងដោយពួកគាត់ទាមទារឲ្យដង្ហែសពដោយថ្មើរជើងដែល ពេលនោះហើយធ្វើឲ្យបរិវេណស្ថានីយប្រេងកាល់តិចនៅមុខស្តារម៉ាត មានភាពចម្រូងចម្រាសបន្តិចរវាងសមត្ថកិច្ចនឹងប្រជាពលរដ្ឋ ។ ក្រោយមកស្ថានការណ៍ក៏បានធូរ ស្រាលឡើងវិញបន្ទាប់មានការសម្រប សម្រួលពីសាច់ញាតិសពដោយឯកភាពព្រមដឹកសពតាមរថយន្តឡិចស៊ី RX300 របស់លោក កែម ឡី ដោយផ្ទាល់តែម្ដង។

លុះនៅវេលាម៉ោងជាង២រសៀលថ្ងៃ ដដែលក្បួនដង្ហែសពលោក កែម ឡី ត្រូវ បានគេមើលឃើញថា មានមនុស្សជាច្រើនបានដង្ហែសពចេញពីកន្លែងកើតហេតុ ស្ថិតនៅក្នុងស្តារម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិចស្តុបបូកគោតាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឆ្ពោះទៅកាន់វត្តក្ដីចាស់តាមបណ្ដោយ មហាវិថីព្រះមុនីវង្ស ដើម្បីយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី ។

ជាមួយនឹងពិធីដង្ហែក្បួនសពបាននិង កំពុងចាប់ផ្ដើមនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯណោះវិញសមត្ថកិច្ចក៏មានរៀបចំធ្វើសន្និសីទសារព័ត៌មានបង្ហាញ មុខជនដៃដល់ដែលជាឃាតកដើម្បីលាតត្រដាងឲ្យសាធារណជនបានដឹងពីវាំង ននខ្មៅដែលបានបិទបាំងអស់រយៈពេល ជាង៥ម៉ោងក្រោយពីជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅចំណុចវត្តស្វាយ ពពែ ជិតស្ថានទូតរុស្ស៊ី ។

លោក ជួន សុវណ្ណ ស្នងការនគរបាល រាជធានីភ្នំពេញបានបញ្ជាក់ថា ករណីឃាត កម្មបាញ់សម្លាប់លោក កែម ឡី គឺស្ថិតក្នុង ការស្រាវជ្រាវនៅឡើយប៉ុន្តែជនសង្ស័យបានសារភាពថាខ្លួនគេជាអ្នកបាញ់សម្លាប់លោក កែម ឡី ដោយផ្ទាល់ដៃ ។

ក្នុងនោះដែរប្រជាពលរដ្ឋរស់នៅក្នុង រាជធានីភ្នំពេញក៏បានសម្តែងក្តីខកចិត្ត និង ខកបំណងដែលក្នុងរាជធានីមានអសន្តិសុខ មានអំពើឃាតកម្មបាញ់សម្លាប់មនុស្សទាំងព្រឹកកណ្តាលក្រុងបែបនេះ ។

សូមជម្រាបថា លោក កែម ឡី ត្រូវបាន ឃាតកដែលអះអាងខ្លួនឯងថា ឈ្មោះ ជួប សម្លាប់ ភេទប្រុស អាយុ៣៨ឆ្នាំ មានស្រុក កំណើតនៅស្រុកស្វាយចេក ខេត្តបន្ទាយ មានជ័យ ហើយបានទៅរស់នៅប្រកបមុខ របរធ្វើជាកម្មករចម្ការដំណាំនៅខេត្តស្រះកែវ ប្រទេសថៃនោះ បានបាញ់សម្លាប់នៅ ក្នុងស្តារម៉ាតរបស់ស្ថានីយប្រេងឥន្ធនៈ កាល់តិច កាលពីវេលាម៉ោង៨និង៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

លោក កែម ឡី មានអាយុ៤៦ឆ្នាំ មុខ របរប្រធានអង្គការអភិវឌ្ឍន៍សង្គម មាន ទីលំនៅផ្ទះលេខ០៨E0 ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជ ធានីភ្នំពេញ ។ លោកមានប្រពន្ធ និងកូន៤ នាក់ក្នុងបន្ទុកនិងម្នាក់ក្នុងពោះ។

លោក កែម ឡី ដែលប្រជាពលរដ្ឋខ្មែរ ស្គាល់ថា ជាអ្នកវិភាគបញ្ហាសង្គមនិង នយោបាយនោះត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់យ៉ាងឃោរឃៅនៅក្នុងស្តាម៉ាត ស្ថានីយប្រេងឥន្ធនៈកាល់តិចជាប់ស្តុបបូកគោ ខណ្ឌចំការមនកាលពីវេលាម៉ោង ប្រមាណ៩ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៦ ពេលកំពុងអង្គុយផឹកកាហ្វេ។ មរណភាពរបស់លោក កែម ឡី បាននាំឲ្យមានសម្រែកសោកស្តាយយ៉ាងខ្លាំងពី សំណាក់ក្រុមគ្រួសារមន្រ្តីអង្គការសង្គម ស៊ីវិលរួមទាំងអ្នកវិភាគបញ្ហាសង្គមដូចជា រូបលោកជាច្រើនផងដែរ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច តេជោ ហ៊ុន សែន ក៏ដូចប្រមុខដឹកនាំបក្ស នយោបាយនានាបានចូលរួមសម្តែងសមាន ទុក្ខក្រៀមក្រំជាមួយក្រុមគ្រួសារសពនិង ទទូចឲ្យសមត្ថកិច្ចវែកមុខឃាតកនិងអ្នកពាក់ព័ន្ធដើម្បីផ្តល់យុត្តិធម៌ជូនសពក៏ដូចជាក្រុមគ្រួសារ ។

លោក កែម ឡី កើតនៅក្នុងគ្រួសារមួយមានជីវភាពក្រីក្រក្នុងភូមិអង្គតាកុក ឃុំ លាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ មានឪពុក ជាសាស្ត្រាចារ្យស្លាប់ក្នុងជំនាន់ ប៉ុល ពត ធ្វើឲ្យលោក និងបងប្អូនប្រុសស្រី២នាក់ ទៀតក្លាយជាកូនកំព្រា រស់នៅជាមួយ ម្តាយមេម៉ាយចាប់តាំងពីឆ្នាំ១៩៧៩មក។បើទោះបីជាមានម្តាយជាអ្នកលក់នំបញ្ចុក។ លោក កែម ឡី បានខិតខំព្យាយាមតស៊ូរៀន សូត្ររហូតដល់ទទួលបានសញ្ញាបត្រជាន់ខ្ពស់នៅឯបរទេស។ ដោយសារតែម្តាយ ជួបការលំបាកខាងជីវភាពពេលរៀនបានត្រឹមថ្នាក់ទី៥ លោក កែម ឡី បានទៅសុំ រស់នៅជាមួយអ្នកលក់គុយទាវម្នាក់នៅ ទីរួមខេត្តតាកែវដើម្បីបន្តការសិក្សាទៅមុខទៀតរហូតប្រឡងជាប់បាក់ឌុបនៅអំឡុងឆ្នាំ១៩៨៨ ។

ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ លោក កែម ឡី បានចាកចេញពីខេត្តតាកែវ មកសុំស្នាក់អាស្រ័យនៅវត្តបទុមវតី រាជ ធានីភ្នំពេញដើម្បីបន្តការសិក្សា នៅមហា វិទ្យាល័យ ។ លោកបានស្នាក់នៅវត្តរហូតដល់រៀនចប់មហាវិទ្យាល័យ។

សូមបញ្ជាក់ថា បន្ទាប់ពីប្រឡងជាប់ បាក់ឌុបលោក កែម ឡី បានប្រឡងជាប់ ចូលរៀនថ្នាក់គ្រូពេទ្យមធ្យម O.S (Officier de Sante) ជំនាន់ទី៩ នៅមហាវិទ្យាល័យវេជ្ជ សាស្ត្រឱសថសាស្ត្រ និងទន្តសាស្ត្រ បច្ចុប្បន្ន មានឈ្មោះថា សកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ។ លោកបានរៀនចប់ពេទ្យ មធ្យមនៅឆ្នាំ១៩៩៣ ។

លោក កែម ឡី ក៏ទទួលបានសញ្ញា បត្រនៅសាកលវិទ្យាល័យ ជូឡាឡុងកន ប្រទេសថៃ ផ្នែកជំនាញសិក្សាស្រាវជ្រាវ លើផ្នែកសុខភាពសាធារណៈនិងទទួល បានសញ្ញាបត្រពីសាកលវិទ្យាល័យម៉ាឡៃយ៉ា ប្រទេសម៉ាឡេស៊ី លើផ្នែកវិទ្យាសាស្ត្រ សង្គម ។

លោក កែម ឡី បានចូលបម្រើការងារនៅមន្ទីរពេទ្យខេត្តតាកែវពីឆ្នាំ១៩៩៤- ២០០២ផ្នែកជំងឺអេដស៍ (AIDS)។ ដោយ សារមានបញ្ហាទាក់ទងអំពើពុករលួយលុយ ជំនួយរបស់អង្គការជួយផ្នែកជំងឺអេដស៍នេះលោក កែម ឡី បានឈប់ធ្វើការងាររដ្ឋ ដោយព្យួរក្របខ័ណ្ឌរដ្ឋហើយទៅធ្វើការងារឲ្យអង្គការក្រៅរដ្ឋាភិបាលនានា ។

ក្រោយឈប់ធ្វើការងាររដ្ឋលោក កែម ឡី បានទៅធ្វើការនៅកាកបាទក្រហមកម្ពុជា។ បន្ទាប់មកលោកបានចេញទៅធ្វើការនៅ អង្គការក្រៅរដ្ឋាភិបាល និងទៅធ្វើជាអ្នក ប្រឹក្សាឲ្យអង្គការ UNDP អស់រយៈពេល៤ ឆ្នាំ ។ ក្រោយពីបញ្ចប់ការងារនៅ UNDP លោកបានទៅធ្វើការឲ្យក្រុមហ៊ុនមួយនៅថៃដែលក្រុមហ៊ុននោះធ្វើការងារជួយ សង្គមច្រើន ជាពិសេសជួយដល់ជនក្រីក្រនៅប្រទេសថៃ នៅកម្ពុជា នៅចិន និងនៅ ឥណ្ឌា ហើយបន្ទាប់ពីនោះលោកបានទៅធ្វើជាទីប្រឹក្សាឲ្យក្រសួងសុខាភិបាលខាងមូលនិធិសកល ។ ក្រោយមកទៅកាន់ខាងបណ្តាញអង្គការក្រៅរដ្ឋាភិបាលហៅHACC បានមួយរយៈ ។

បច្ចុប្បន្នលោក កែម ឡី គឺជាអ្នកសិក្សាស្រាវជ្រាវផ្នែកសង្គមកិច្ចបន្ទាប់មកខាងផ្នែកដីធ្លី សិទ្ធិលំនៅឋាន សិទ្ធិមនុស្ស ធនធានរ៉ែ ហើយនៅពេលថ្មីៗនេះ ។ លោកបានសិក្សាស្រាវជ្រាវភាគច្រើនទៅលើរឿងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ល។ ការសិក្សាស្រាវជ្រាវនេះមិនមែនជាលុយទេ ភាគច្រើនធ្វើជាទីប្រឹក្សាឲ្យអង្គការដៃគូអភិវឌ្ឍន៍ឲ្យអង្គការអន្តរជាតិហើយ និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ។

លោក កែម ឡី បានរៀបការនៅឆ្នាំ ២០០១ ហើយបច្ចុប្បន្នមានកូនសុទ្ធតែ ប្រុសចំនួន៤រូប កូនបងអាយុ១២ឆ្នាំ និង កូនប្អូនអាយុ៤ឆ្នាំ។ ភរិយារបស់លោកមាន ឈ្មោះ ប៊ូ រចនា អាយុ៣៦ឆ្នាំ ជាអ្នកលក់ ខោអាវនៅហាងមួយឈ្មោះថា រចនា ឡី នៅខាងត្បូងផ្សារបឹងកេងកង ។ ភរិយា របស់លោកមានកូនក្នុងផ្ទៃដែលជិតគ្រប់ខែផងដែរ ។

ឃាតកដាក់ឈ្មោះ​ខ្លួនឯង​ថា ​ជួប សម្លាប់​ ​ឈ្មោះ​ ពិត អឿតអាង ភេទ​ប្រុស អាយុ៤៤​ឆ្នាំ ទីលំនៅ​កំណើត​ភូមិទន្លេ​ស ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប​។ ​ម្តាយ​ឈ្មោះ ឯម តាប់ និង​ឪពុក​ឈ្មោះ អឿ​ត អាយុ​៦៤​ឆ្នាំ ។

តាមការស្រាវជ្រាវបឋមរបស់សមត្ថ កិច្ចបង្ហាញថា ប្រវត្តិ​របស់​ឈ្មោះ ​អឿត អាង ​នៅ​ឆ្នាំ២០១១ បាន​រៀបការប្រពន្ធ​ឈ្មោះ យ៉ាង យឿ​ង នៅ​ភូមិ​ល្បើក ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ បានចេញទៅរក​ស៊ី​នៅ​ប្រទេស​ ថៃ និង​មាន​កូនស្រី​ម្នាក់ ។ ​នៅ​ឆ្នាំ២០១២ លែងលះ​ជាមួយ​ប្រពន្ធ ។ នៅ​ឆ្នាំ​២០១៣ ចូល​បួស​ជា​ព្រះសង្ឃនៅ​វត្ត​ប្រាសាទ​ធ្នង់ (​វត្ត​ក្រឡាញ់​) ឃុំ​តា​សោម ស្រុក​អង្គរជុំ ហើយ​នៅ​វត្ត​ប្រាសាទ​ធ្នង់​បាន​ប្រហែល​ជិត១​ឆ្នាំ បាន​ផ្លាស់​ទៅ​នៅ​អាស្រមវត្ត​កំបោរ ស្ថិតនៅ​ភូមិ​កំបោរ ឃុំ​ស្វាយស ស្រុក​វ៉ារិន​ ។ នៅ​ឆ្នាំ​២០១៤ លោកសង្ឃ​អង្គ​នេះ​បាន​ផ្លាស់​ទៅ​នៅអាស្រម​ពើង​ តា​នា​ន់​វិញ​ម្តង ឃុំ​គោក​ដូង ស្រុក​អង្គរជុំ​ ។​

នៅ​ឆ្នាំ​២០១៥ សង្ឃ​អង្គនេះមាន​បញ្ហា​ក្នុង​អាស្រម​ពើង​តា​នា​ន់​នោះក៏​សឹក។​ បន្ទាប់​​ ពី​សឹក​រួចក៏​ចូល​ធ្វើជា​ក្រុម​អង្គការ​បរិស្ថាន ជាមួយ​លោក ទេព ពេជ្រ នៅក្រុងបាត់ដំបង បាន​ឈរជើង​ធ្វើការ​នៅ​ស្រុក​អង្គរជុំ​ ។​

នៅ​ថ្ងៃទី៧​ ខែឧសភា​ ឆ្នាំ​២០១៦ ក៏ បាន​ប្រពន្ធ​ថ្មី​មួយទៀត​ឈ្មោះ ហឿ​ម ហ៊ត់ នៅ​ភូមិ​នគរ​ភាស ស្រុក​អង្គរជុំ មុខរបរ លក់​ចាប់ហួយ​ក្នុងភូមិ​ ។

នៅ​ថ្ងៃទី១ ខែ​កក្កដា​ ឆ្នាំ​២០១៦​ គាត់​បានប្រាប់​ប្រពន្ធ​ថា ទៅធ្វើ​ការ​នៅ​ភ្នំពេញ រហូតមកដល់​ថ្ងៃទី​១០​ ខែកក្កដា ​ឆ្នាំ២០១៦ ក៏បាន​ឃើញ​មាន​ព័ត៌មាន​ករណី​ឃាតកម្ម​បាញ់សម្លាប់​លោ​កប​ណ្ឌិ​ត ​កែម ឡី ហើយ ក៏​បានឃើញ​រូបភាព​ជនសង្ស័យ​តាម បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​កនិង​បានពិនិត្យ ឃើញថា ជនសង្ស័យ​នៅក្នុង​រូបភាព​នោះ ពិតជា​ឈ្មោះ ​អឿត អាង រស់នៅ​មូលដ្ឋាន​ស្រុក​អង្គរជុំ​ប្រាកដ​មែន​ ៕ ហេង សូរិយា


ចែករំលែក៖