ព័ត៌មានទាន់ហេតុការណ៍៖

មានចិត្ត​ឈឺឆ្អាល​រឿង​ក្រុម​គ្រួសារ​អ្នក​ដទៃ​ត្រូវ​គេ​ជះ​សាំង​ស្រោច​រួច​ដុត​រលាក​អស់​មួយ​ចំហៀង​ខ្លួន​

ចែករំលែក៖

​ខេត្តកំពង់ចាម​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​ជន​ដៃដល់​ជះ​សាំង​ស្រោច​ខ្លួន​ រួច​កេះ​ដែកកេះ​ដុត​រលាក​អស់​មួយ​ចំហៀង​ខ្លួន​ ដោយសារ​រូប​គាត់​មានចិត្ត​ឈឺឆ្អាល​ បាន​ជួយ​សម្របសម្រួល​ជម្លោះ​រវាង​ប្ដី​ប្រពន្ធ​អ្នក​ជិតខាង​ ធ្វើ​ឲ្យ​ខាង​ប្ដី​កើត​មាន​កំហឹង​ ក៏​កើត​មាន​អំពើ​ហិង្សា​លើ​រូប​គាត់​ កាលពី​វេលា​ម៉ោង​៨​ និង​១៥​នាទី​ យប់​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​ស​ង្កើ​ប​ ឃុំ​សម្បូរ​ ស្រុក​បា​ធា​យ​។​

​ ​ជន​រង​គ្រោះ​ ដែល​ត្រូវ​បាន​គេ​ជះ​សាំង​ស្រោច​ រួច​ដុត​រលាក​អស់​មួយ​ចំហៀង​ខ្លួន​ ឈ្មោះ​ ប៊ី​ន​ យី​ម​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​។​ ចំណែក​ជន​ដៃដល់​ឈ្មោះ​ ឡេ​ង​ ស៊ី​ថា​ ហៅ​វ៉ា​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ដូច​គ្នា​។​

​ ​តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​ប្ដី​ប្រពន្ធ​របស់​ឈ្មោះ​ ឡេ​ង​ ស៊ី​ថា​ ឈ្លោះ​គ្នា​តមាត់​ ត​សម្ដី​យ៉ាង​ខ្លាំង​។​ ដោយ​ឃើញ​សភាព​បែប​នេះ​ ឈ្មោះ​ប៊ី​ន​ យី​ម​ ដែល​ជា​អ្នក​ជិតខាង​ក៏​បាន​ចូលខ្លួន​ទៅ​ឃាត់​ គោលបំណង​ដើម្បី​សម្របសម្រួល​កុំ​ឲ្យ​មាន​ជម្លោះ​ជា​ហិង្សា​ កើតឡើង​ក្នុង​ក្រុម​គ្រួសារ​ ប៉ុន្តែ​ឈ្មោះ​ឡេ​ង​ ស៊ី​ថា​ បាន​ដេញ​ជន​រង​គ្រោះ​ចេញ​ ដោយ​និយាយ​ថា​ “​ជា​រឿង​ក្រុម​គ្រួសារ​ របស់ខ្ញុំ​ទេ​ អ្នក​ក្រៅ​កុំមក​ចេះ​លូក​មាត់​”​។​ ពេល​នេះ​ជន​រង​គ្រោះ​ ក៏​បាន​ដើរ​ត្រឡប់​មក​ផ្ទះ​ខ្លួន​វិញ​ ។​ ខណៈ​កំពុង​ដើរ​ចេញ​ ក៏​ស្រាប់តែ​ត្រូវ​ជន​ដៃដល់​ដើរ​តាម​ក្រោយ​ រួច​យក​ប្រេងសាំង​មក​ជះ​ស្រោច​លើ​ខ្លួន​ជន​រង​គ្រោះ​ ហើយ​បាន​កេះ​ដែកកេះ​ដុត​ឆាបឆេះ​រលាក​អស់​មួយ​ចំហៀង​ខ្លួន​។​

​ ​ប្រភព​ដដែល​បាន​បន្ត​ថា​ ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ ដើម្បី​អន្តរាគមន៍​ និង​បាន​ឃាត់ខ្លួន​ជន​ដៃដល់​យក​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បា​ធា​យ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​ ​ក្នុង​ហេតុការណ៍​នេះ​ បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ អាច​ជា​ហិង្សា​ដែល​កើតឡើង​ដោយ​ភ្លើង​ប្រចណ្ឌ​ ដោយ​ជន​ដៃដល់​ប្រចណ្ឌ​ប្រពន្ធ​ខ្លួន​ជាមួយ​ជន​រង​គ្រោះ​ ទើប​កើតជា​កំហឹង​ រហូត​ហ៊ាន​យក​ប្រេងសាំង​មក​ជះ​ស្រោច​ដុត​មនុស្ស​ទាំង​រស់​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​បែប​នេះ​ ៕​ ​ហេង​ ន​រិ​ន្ទ្រ​

Heng-norin


ចែករំលែក៖