ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីក្រសួងរ៉ែ និងថាមពលយឺតយូរ ផ្ដល់អាជ្ញាប័ណ្ណបូមខ្សាច់

ចែករំលែក៖

ភ្នំពេញ ៖ ទាំងអាជីវករធ្វើអាជីវកម្ម បូមខ្សាច់ ក៏ដូចជាម្ចាស់សំណង់ធំៗបាន ស្ដីបន្ទោសចំពោះការយឺតយ៉ាវរបស់ ក្រសួងរ៉ែ និងថាមពល ក្នុងការចេញ អាជ្ញាប័ណ្ណ ហើយពួកគេបានព្រួយបារម្ភ យ៉ាងខ្លាំងទៅលើវិស័យ សំណង់អាចនឹង រាំងស្ទះ ប្រសិនបើខាងក្រសួងរ៉ែ និងថាមពល មិនទាន់មានចំណាត់ ការច្បាស់លាស់ ដើម្បីអនុវត្ដតាមអនុក្រឹត្យរបស់រាជរដ្ឋា ភិបាលទើបនឹងចេញថ្មីៗនេះ?
អ្នកធ្វើអាជីវកម្មខ្សាច់បានលើកឡើង ថា បើទោះជាក្រសួងរ៉ែ និងថាមពល កន្លងទៅបានលើកឡើងនៅក្នុងសន្និសីទ្ធ កាសែតដែលមានការចូលរួមពីសមត្ថ កិច្ច រដ្ឋមន្ដ្រីក្រសួង បរិស្ថានផងនោះគឺ អនុញ្ញាតឱ្យអ្នកមាន អាជ្ញាប័ណ្ណចាស់បន្ដ ធ្វើអាជីវកម្មឡើងវិញ ប៉ុន្ដែមកទល់នឹង បច្ចុប្បន្នទាំងម្ចាស់ អាជីវកម្មចាស់ និងថ្មី ពុំទាន់ត្រូវបានអនុញ្ញាតនៅឡើយទេ ។

អាជីវករបានបញ្ជាក់ថា គ្រាន់តែ តម្លៃដឺម៉ង់យ៉ាងតិចចំនួន៥០០ដុល្លារ ហើយសុំច្បាប់ពីក្រសួងរ៉ែ និងថាមពល ហើយតម្រូវឱ្យទៅសុំបន្ដនៅក្រសួងបរិ ស្ថាន ប៉ុន្ដែបានការអនុញ្ញាតពីក្រសួង បរិស្ថានហើយ បែរតម្រូវឱ្យទៅសុំការ អនុញ្ញាតពីអង្គភាពកំពង់ផែស្វយ័តភ្នំពេញ គ្រប់គ្រងដោយលោក ហ៊ឺ បាវី នោះទៅ វិញ ដូច្នេះបញ្ហានេះម្នាក់ៗចង់វិលមុខ និងមិនយល់ទាល់តែសោះថា ការងារ ច្បាប់ពាក់ព័ន្ធនឹងការអនុញ្ញាតការធ្វើ អាជីវកម្មបូមខ្សាច់នេះ ត្រូវធ្វើដោយ របៀបណា?
អាជីវករបូមខ្សាច់បានបញ្ជាក់ថា ខាងក្រសួងរ៉ែ និងថាមពលតម្រូវឱ្យទៅ សុំការអនុញ្ញាតពីអង្គភាពកំពង់ផែស្វយ័ត ភ្នំពេញ ដោយសំអាងថាអង្គភាពនេះបាន សិក្សាយល់ដឹងច្បាស់អំពីជលវិទ្យា ។ ផ្ទុយ ទៅវិញខាងអាជីវកម្មនាំគ្នាទៅទំនាក់ ទំនងជាមួយនិងលោកហ៊ឺ ប៉ាវី បែរជា គាត់ហាក់ដូចជាធ្វើអាជីវកម្មផ្ដាច់មុខ មានន័យថា អាជីវករត្រូវតែទិញខ្សាច់ពី អង្គភាពកំពង់ផែស្វយ័តភ្នំពេញ ដោយ កំណត់ក្នុង១ម៉ែត្រគូប៤,៥ដុល្លារ ធានា ដឹកដល់កន្លែង និងហាមអាជីវករលក់ បន្ដមិនឱ្យលើសពី៥ដុល្លារ ។ ចំណុចនេះ ពួកគាត់ឆ្ងល់ថា ហេតុអ្វីបានជាក្រសួងរ៉ែ និងថាមពលផ្ដល់អទិភាព ឬឬកំណត់ឱ្យ អង្គភាពកំពង់ផែស្វយ័តភ្នំពេញម្ចាស់ការ ផ្ដាច់មុខក្នុងការធ្វើអាជីវកម្មខ្សាច់ ផ្ទុយ ពីអនុក្រឹត្យរដ្ឋាភិបាលទៅវិញ ។

នេះអាចទៅជាភាពមិនប្រក្រតីមួយ ពាក់ព័ន្ធនឹងអំពើពុករលួយ ពីព្រោះអង្គ ភាពកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្ម ខ្សាច់ផ្ដាច់មុខ ហើយអាជីវករត្រូវទទួល ទិញពីអង្គភាពនេះ ផ្ទុយពីពាណិជ្ជកម្ម ទីផ្សារសេរី ។ ម្យ៉ាងទៀតបើអង្គភាព កំពង់ផែស្វយ័តភ្នំពេញកំណត់តម្លៃ១ម៉ែត្រ៤,៥ដុល្លារ ហើយលក់វិញមិនឱ្យលើស៥ ដុល្លារ ចំណុចនេះ សួរថា តើអ្នកធ្វើ អាជីវកម្មទទួលបានកម្រៃឬទេ? បើត្រូវ ចំណាយលើការដឹកជញ្ជូន ថ្លៃគ្រឿងចក្រ រថយន្ដ អ្នកបើកបរជាដើមនោះ…?
ពួកគាត់បានរំលឹកថា ពីមុនការធ្វើ អាជីវកម្មខ្សាច់ផ្ដល់ភាពងាយស្រួល សម្រាប់អាជីវករ ខណៈគណៈកម្មាធិការ ការគ្រប់គ្រងធនធានខ្សាច់ពិនិត្យ និង ផ្ដល់បច្ចេកទេសត្រឹមត្រូវ ហើយមាន ការអនុញ្ញាតពីក្រសួង ដើម្បីធ្វើអាជីវកម្ម ក្នុងនោះតម្លៃខ្ពស់បំផុត ត្រូវលក់ចេញ ១ម៉ែត្រគូប៣ដុល្លារទៅ៣,៥ដុល្លារ នេះ សម្រាប់ឯកជនធ្វើអាជីវកម្មផង តែដល់ រដ្ឋជាអ្នកផ្គត់ផ្គង់អាជីវកម្មផ្ដាច់មុខទៅ ជាកំណត់តម្លៃខ្ពស់កប់ពពកទៅវិញ ។

បញ្ហាទាំងអស់នេះហើយ កំពុងតែធ្វើឱ្យរាំងស្ទះយ៉ាងខ្លាំងទៅលើវិស័យសំណង់ ដោយភាពយឺតយ៉ាវ និងមិនច្បាស់លាស់ ដោយក្រសួងរ៉ែ និងថាមពល ក្នុងការអនុ វត្ដអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ។

ពាក់ព័ន្ធនឹងការរិះគន់នេះ នគរវត្ដមិន អាចទាក់ទងបានទេ ពីលោកស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល និងលោក ហ៊ឺ បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ ដោយគ្មានលេខទូរស័ព្ទ ។ ដោយឡែក លោក ឌិត ឌីណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ក៏មិនអាចទាក់ទងបានដែរ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ។
គួររំលឹកថា ចំណូលសេដ្ឋកិច្ចរបស់ កម្ពុជាបើតាមការលើកឡើងដោយធនា គារអភិវឌ្ឍន៍អាស៊ីផ្ដោតសំខាន់ទៅលើ ប្រភពចំណូលចំនួន៤គឺ វិស័យទេសចរណ៍ , វិស័យវាយនភ័ណ្ឌ ,វិស័យកសិកម្ម និង វិស័យសំណង់ ក្នុងនោះយ៉ាងតិចកំណើន ពីវិស័យទាំងនេះ កម្ពុជាទទួលបាន៧ភាគ រយនៃកំណើនសម្រាប់ឆ្នាំ២០១៤ និង កំណើន៧,៥សម្រាប់ឆ្នាំ២០១៥ ។ ប៉ុន្ដែបើសិនជាវិស័យ សំណង់ត្រូវបានរាំង ស្ទះអាចជាកម្មវត្ថុមួយយ៉ាងធំ ធ្វើឱ្យបាត់ បង់ចំណូលសេដ្ឋកិច្ចជាតិ ដូច្នេះក្រសួង រ៉ែ និងថាមពល ដែលទទួលខុសត្រូវអនុ វត្ដអនុក្រឹត្យលេខ២០ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ ត្រូវគិតគូជុំវិញបញ្ហារាំងស្ទះនេះ ៕
សុខខេមរា


ចែករំលែក៖