ភ្នំពេញ ៖ នារីរូបស្រស់ស្អាតម្នាក់ ត្រូវបានក្រុមអាជីវករផ្សារបឹងកេងកង ប្តឹងសន្តិសុខអោយឃាត់ខ្លួន រួមនឹង លុយក្រដាសប្រាក់មួយម៉ឺនរៀលក្លែងក្លាយ ចំនួន៤៨សន្លឹក កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៥ នៅក្នុង ផ្សារបឹងកេងកង ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រួចក៏បញ្ជួនបន្តទៅកាន់សមត្ថកិច្ចសួរនាំនិង ចាត់ វិធានការទៅតាមផ្លូវច្បាប់ ។
តាមប្រភពព័ត៌មានពីបុគ្គលិកសន្តិសុខផ្សារបានឲ្យដឹងថា នារីសង្ស័យឈ្មោះ ប៉ុន លក្ខណា អាយុ២២ឆ្នាំ ស្នាក់នៅ និងមុខរបរមិនពិតប្រាកដ ដោយស្លៀកពាក់សមរម្យ និងមានកាបូបស្ពាយមួយ បានដើររកទិញអីវ៉ាន់នៅ ក្នុង ផ្សារបឹងកេងកង ដោយយកលុយ ក្រដាស១ម៉ឺនរៀលក្លែងក្លាយ មួយបាច់ដើរចាយនៅក្នុងផ្សារមួយនេះ ប៉ុន្តែនៅពេល ដែលស្ត្រីសង្ស័យយកលុយទៅឲ្យថ្លៃអីវ៉ាន់ ដល់ក្រុមអាជីវករ ។ ដោយមានការសង្ស័យ ក្រុមអាជីវករបានពិនិត្យ មើលលុយមានភាពខុសប្លែកពីក្រដាសប្រាក់សុទ្ធ ទើបនាំគ្នាទាក់ទងទៅសន្តិសុខផ្សារអោយមកឃាត់ខ្លួននារីរូបនេះ នាំយកទៅសាកសួរ ហើយបានដកហូតក្រដាសប្រាក់ក្លែងក្លាយ ចំនួន៤៨ម៉ឺនរៀល យកមកពិនិត្យមើល ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ក្រោយពីសាកសួរជាបឋមក្រោយមក សន្តិសុខផ្សារបានរាយការណ៍ ដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកេងកង១ និងបានប្រគល់ជនសង្ស័យនិងវត្ថុតាង ទៅប៉ុស្តិ៍រដ្ឋបាលបឹងកេងកង១ ខណ្ឌចំកាមន ដើម្បីសាកសួរបន្ត ។
សមត្ថកិច្ចឲ្យដឹងថា ក្រោយពីការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយក លុយប្រាក់រៀលក្លែងក្លាយ ក្រដាស១ម៉ឺនរៀល មកចរាចរណ៍នៅក្នុងផ្សារបឹងកេងកងពិតមែន ហើយលុយនេះ គឺខ្លួនគេបានទទួលពីមនុស្សម្នាក់អោយមកចាយ ។
បើតាមប្រភពពីក្រុមអាជីវករវិញបានឲ្យដឹងថា ក្រោយពីមានការឃាត់ខ្លួនស្ត្រីសង្ស័យចរាចរណ៍លុយក្លែងក្លាយរួចមក អាជ្ញាធរពាក់ព័ន្ធបានទំនាក់ទំនងទៅ មន្ត្រីធនាគារជាតិ នៃកម្ពុជាឲ្យចុះមកពិនិត្យក្រដាសប្រាក់ក្លែងក្លាយ ដោយបាន សូមណូមពរកុំអោយមានការធ្លាយព័ត៌មានដល់អ្នកកាសែត ព្រោះករណីនេះ ស្ថិតនៅការសង្ស័យនៅឡើយ ។
ក្រោយពីសាកសួរនារីរូបនេះរួចមក សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកេងកង១ បានបញ្ជួនខ្លួនស្ត្រីសង្ស័យទៅ កាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យ ក្រដាសប្រាក់រៀលក្លែងក្លាយដើម្បី កសាងសុំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីចាត់ការតាមច្បាប់ ៕ ស រស្មី