ព័ត៌មានទាន់ហេតុការណ៍៖

បាញ់​៧​គ្រាប់​ ផ្អើល​ពេញ​ ខណ្ឌ​សែន​សុខ​ សមត្ថកិច្ច​ឆ្លើយ​ថា​ មិនដឹង​រឿង​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ស្នូរ​ផ្ទុះអាវុធ​ចំនួន​៧​គ្រាប់​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ ចុះ​អន្តរាគមន៍​ ខណៈ​ដែល​មាន​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​ មាន​គ្នា​៧​ទៅ​៨​នាក់​ ជិះ​ម៉ូតូ​៣​គ្រឿង​ ប្រដាប់​ដោយ​កាំភ្លើង​បាន​បាញ់​និង​ចាប់​បុរស​ម្នាក់​ទៅ​បាត់​ដោយ​មិនដឹង​មួល​ហេតុ​ ។​

​ ​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ពេទ្យ​ IU​ តាម​បណ្តោយ​ផ្លូវ​១៩៨៦​ ស្ថិត​ក្នុង​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​

​ ​យោង​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​ ក្រុម​ជនសង្ស័យ​មាន​គ្នា​៧​ទៅ​៨​នាក់​ ជិះ​ម៉ូតូ​៣​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើង​២​ដើម​ បាន​ដេញ​ ចាប់​បុរស​ម្នាក់​ដោយ​មិនដឹង​មួល​ហេតុ​ ខណៈ​បុរស​រង​គ្រោះ​រត់​ ក្រុម​ជនសង្ស័យ​ក៏​បាន​ដក​ កាំភ្លើង​បាញ់​ចំនួន​៧​គ្រាប់​គំរាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ជួយ​ ហើយ​បាន​ជិះ​ គេចខ្លួន​បាត់​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ ។​

​ ​សាក្សី​ដដែល​បាន​បន្ត​ថា​ ទាក់ទិន​និង​ហេតុការណ៍​ខាងលើ​នេះ​ នៅ​មិន​ទាន់​ដឹង​នៅ​មូលហេតុ​អ្វី​ឲ្យ​ច្បាស់​នៅឡើយ​ទេ​ គ្រាន់តែ​គេ​បានឃើញ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​ដេញ​ ចាប់​បុរស​ម្នាក់​ដែល​កំពុង​ដើរ​ឡើង​ម៉ូតូ​ហើយ​បាញ់​គំរាម​មិន​ឲ្យ​អ្នក​ណា​ជួយ​នោះ​ទេ​ ។​

​ ​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ និង​ បាន​ត្រឹមតែ​ដើរ​រើស​សំបក​គ្រាប់​ ដែល​ក្រុម​ជនសង្ស័យ​បាន​បាញ់​តែ​ប៉ុណ្ណោះ​ ។​

​ ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​ជនសង្ស័យ​ខាងលើ​ ដើម្បី​យក​មក​ដាក់​ ទោស​តាម​ផ្លូវច្បាប់​ ៕​ ចាន់​ធឿ​ន​

Chan-Th004

Chan-Th004-(1)

Chan-Th004-(2)


ចែករំលែក៖