ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន​ស្វី​ហ្វ​រ៉ាប់​ប៊ើ​រ​លីមីត​ធី​ត​ចម្ការ​កៅស៊ូ​ខេត្ដ​​រតនគិរី​យក​គ្រឿងចក្រ​ឈូស​ឆាយ​លំនៅ​ឋាន​ពលរដ្ឋ​

ចែករំលែក៖

​ខេត្ដរតនគិរី​ ៖​ លំនៅ​ឋាន​របស់​ប្រជា​ ពលរដ្ឋ​មួយ​ខ្នង​ដែល​បាន​សាងសង់​នៅ​ លើ​ដី​ទំហំ​១៥​ម៉ែត្រ​គុណ​នឹង​៣៥​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​នៅ​លើ​ដី​របស់​ក្រុមហ៊ុន​ស្វី​ហ្វ​រ៉ាប់​ប៊ើ​រ​លីមីត​ធី​ត​ ស្ថិត​ក្នុង​ ភូមិ​៣​ សង្កាត់​កាចា​ញ​ ត្រូវ​បាន​ក្រុម​ ហ៊ុន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ចោល​ ទាំងស្រុង​ដោយ​ពុំ​បាន​រាយការណ៍​ដល់​ អាជ្ញាធរ​មូលដ្ឋាន​ជា​មុន​នោះ​ឡើយ​ កាល​ ពី​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១៥​ ។​

​លោក​ ទុន​ ពៅ​ ចៅសង្កាត់​កាចា​ញ​ បានឱ្យ​ដឹង​ថា​ លំនៅ​ឋាន​ដែល​ត្រូវ​បាន​ ក្រុមហ៊ុន​ឈូស​ឆាយ​ចោល​ជា​កម្មសិទ្ធិ​ របស់​ឈ្មោះ​ ប៊ុ​ន​ រ៉េ​ន​ ភេទ​ស្រី​ អាយុ​ ៥៥​ឆ្នាំ​ ជា​ស្ដ្រី​មេម៉ាយ​រស់នៅ​ក្នុង​ជីវ​ ភាព​ក្រីក្រ​តោកយ៉ាក​បំផុត​ដោយ​គាត់​ រស់នៅ​ទីនោះ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​ ហើយ​រូប​គាត់​ក៏​ធ្លាប់​ជា​បុគ្គលិក​ បម្រើ​ការ​ឱ្យ​ក្រុមហ៊ុន​នោះ​ដែរ​ ។​

លោក​ចៅសង្កាត់​បាន​បន្ដ​ទៀត​ថា​ មុន​ពេល​ក្រុមហ៊ុន​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ផ្ទះ​ខាងលើ​លោក​ក៏​បាន​ទទួល​ដំណឹង​ដែរ​ ប៉ុន្ដែ​ដឹង​ក្នុង​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ​ ដែល​វា​ហាក់បីដូចជា​លឿន​ពេក​សម្រាប់​ឱ្យ​លោក​ដោះស្រាយ​ជាមួយ​ម្ចាស់​លំនៅ​ឋាន​ ។​

លោក​បាន​បញ្ជាក់​ថា​ ដំណោះស្រាយ​ ដែល​លោក​បាន​ត្រៀម​ដើម្បី​ចរចា​ជា​ មួយ​ម្ចាស់​លំនៅ​ឋាន​នោះ​គឺ​ ទី​១-​ត្រូវ​ រក​ដី​កន្លែង​ណាមួយ​ឱ្យ​គាត់​រស់នៅ​ថ្មី​ និង​ទី​២-​សង​សំណង​ជា​ប្រាក់​ទៅ​លើ​ថ្លៃ​ ខូចខាត​ទាំង​ប៉ុន្មាន​ឱ្យ​ដល់​ម្ចាស់ផ្ទះ​វិញ​ ។​ ប៉ុន្ដែ​នៅ​ថ្ងៃ​កើតហេតុ​ស្រាប់តែ​ក្រុមហ៊ុន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​លំនៅ​ឋាន​នេះ​តែ​ម្ដង​ធ្វើ​ឱ្យ​ម្ចាស់ផ្ទះ​ព្រមទាំង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០​នាក់​កើតទុក្ខ​ពុំ​សុខចិត្ដ​ចំពោះ​ទ​ង្វើ​របស់​ក្រុមហ៊ុន​ដែល​ធ្វើ​បំពាន​មក​លើ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​តោកយ៉ាក​នាំ​ឱ្យ​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​ នាំ​គ្នា​មក​ឡោម​ព័ទ្ធ​គ្រឿងចក្រ​មិន​ឱ្យ​ឈូស​ឆាយ​បន្ដ​និង​ត្រូវ​រក​ដំណោះស្រាយ​ជូន​ ជន​រង​គ្រោះ​ឱ្យ​បាន​សមរម្យ​ ។​

ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ធ្វើ​អន្ដរាគមន៍​ចំពោះ​សកម្មភាព​ឡោម​ព័ទ្ធ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ ពី​សំណាក់​ប្រជាពលរដ្ឋ​ដែរ​ ពីព្រោះ​ខ្លាច​ កើត​មាន​អំពើ​ហិង្សា​ ៕ អ៊ុ​ច​ សា​វុ​ទ្ធ​

savuth4

savuth5

savuth6


ចែករំលែក៖