ព័ត៌មានទាន់ហេតុការណ៍៖

នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ អញ្ជើញ​ជា​អធិបតី​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ពល​ទាហាន​អាវុធហត្ថ​ជំនាន់​ទី​៤១

ចែករំលែក៖

​ភ្នំពេញ​ ៖​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០១៥​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ ពល​ទាហាន​អាវុធហត្ថ​ជំនាន់​ទី​៤១​ នៅ​សាលា​អាវុធ​ហត្ថកំ​បូល​ ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​មេបញ្ជាការ​រង​ ស្នងការ​ ស្នងការ​រង​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ និង​នាយ​អាវុធហត្ថ​ជា​ច្រើន​រូប​ទៀត​ ។​

​គួរ​រំលឹក​ថា​ ពល​ទាហាន​អាវុធហត្ថ​ជំនាន់​ទី​៤១​ ដែល​បាន​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​គឺ​អនុវត្ត​បាញ់​គ្រាប់​ពិត​ នៅ​ភ្នំ​ជម្រាល​ ដែល​មាន​ចម្ងាយ​៤០០​ម៉ែត្រ​ និង​២៤០០​ម៉ែត្រ​ ដោយ​កាំភ្លើងត្បាល់​ ៦០​ម​ម​,​ ៨២​ម​ម​,​ ១០០​ម​ម​,​ កាំភ្លើង​DK៧៥​ម​ម​ និង​កាំភ្លើង​ការពារ​អាកាស​១២,៧​ម​ម​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៥​ ប្រកបដោយ​សមត្ថភាព​ ជំនាញ​បច្ចេកទេស​ច្បាស់លាស់​ បាញ់​ចំ​គោលដៅ​ ស្ទើរ​គ្រប់​គ្រាប់​ ហើយ​ក៏​មានការ​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​សំណាក់​ លោក​ឧត្តមសេនីយ៍ឯក​ វង្ស​ ពិ​សេន​ មេបញ្ជាការ​រង​ និង​ជា​នាយសេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ តំណាង​ដ៏​ខ្ពង់ខ្ពស់​នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ក្នុង​ពិធី​បាញ់​គ្រាប់​ពិត​នៅ​ភ្នំ​ជម្រាល​នោះ​ ។​

លោក​ឧត្តមសេនីយ៍ត្រី​ ស​ សំបូរ​ធន​ នាយក​សាលា​បណ្តុះបណ្តាល​ពល​ទាហាន​អាវុធហត្ថ​ភ្នំ​ជម្រាល​ បាន​ឲ្យ​ដឹងផង​ដែរ​ថា​ ការ​ហ្វឹកហាត់​សម្រាប់​ពល​ទាហាន​អាវុធហត្ថ​ជំនាន់​ទី​៤១​ គឺ​មាន​គ្រូ​បណ្តុះបណ្តាល​ ប្រកបដោយ​សមត្ថភាព​ ជំនាញ​បច្ចេកទេស​គួប​ផ្សំ​នឹង​ការ​យកចិត្តទុកដាក់​ពី​សិក្ខាកាម​ ពល​ទាហាន​អាវុធហត្ថ​ទាំង​២​ភេទ​ ជា​លទ្ធផល​សិក្ខាកាម​ទាំងអស់​ទទួល​បាន​ សមត្ថភាព​ជំនាញ​ និង​បច្ចេកទេស​ សម្រាប់​យក​ទៅ​បំពេញការងារ​ភារកិច្ច​ បម្រើ​ជាតិ​មាតុភូមិ​ក៏​ដូច​ជា​ការ​អនុវត្ត​ច្បាប់​ តាម​បទបញ្ជា​ថ្នាក់លើ​ និង​ក្រសួងការពារជាតិ​ដើម្បី​ការពារ​សន្តិសុខ​ជាតិ​ទាំងមូល​ ។​

នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ បាន​ចាត់​ទុក​សិក្ខាកាម​ដែល​ទើបនឹង​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នា​ពេល​នេះ​ ពិតជា​យក​នូវ​ចំណេះដឹង​ បទ​ពិសោធ​ពី​ការ​ហ្វឹកហាត់​ដោយ​ការ​អត់ធ្មត់​តស៊ូ​ លះបង់​ពេលវេលា​ប្រកបដោយ​ពលិកម្ម​នេះ​ ទៅ​បម្រើ​ប្រទេស​ជាតិ​ និង​ជា​កងកម្លាំង​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច​ ពិសេស​ការពារ​សន្តិសុខ​ជូន​ប្រទេស​ជាតិ​ ៕​ សុខ​ ខេមរា​


ចែករំលែក៖