ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ខេត្ត​ប៉ៃលិន​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អគ្គិសនី​​មាន​ភាព​មិន​ប្រក្រតី​ជូន​ដល់​ប្រជាពលរដ្ឋ​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​ ៖​ ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ បាន​រង​ការ​រិះគន់​ ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ថា ​បរាជ័យ​ ក្នុង​ការ​ដោះស្រាយ​ ជូន​ប្រជាពលរដ្ឋ​ដែល​បាន​ប្តឹង​តវ៉ា​ឱ្យ​អាជ្ញាធរ​ខេត្ត​ ជួយ​ដោះស្រាយ​បញ្ហា​ភ្លើង​ អគ្គិសនី​ ក្នុង​ខេត្ត​ប៉ៃលិន​ មាន​ភាព​ប្រ​ក្រ​ត្រី​នោះ​។ ​ក៏​ប៉ុន្តែ​ការ​ដោះស្រាយ ​របស់​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ រវាង​ក្រុមហ៊ុន​អគ្គិសនី​ និង​ប្រជាពលរដ្ឋ​ កាលពី​រសៀល​ថ្ងៃ​ទី​៧ ​ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​សាលាខេត្ត​ប៉ៃលិន​ លទ្ធផល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រាប់​ឱ្យ​ដឹង​ថា​ អាជ្ញាធរ​ខេត្ត​ ជម្រាប​ទៅ​ប្រជាពលរដ្ឋ​ថា ​អស់​លទ្ធភាព​ដោះស្រាយ ​បញ្ហា​ភ្លើង​នេះ​ហើយ ដោយ​សំណូម​ពរ ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បង់ប្រាក់​ថ្លៃ​ភ្លើង​ ទៅ​តាម​ការ​កំណត់​របស់​ក្រុមហ៊ុន​។​ បើ​មិន​ដូច្នេះ​ទេ​ ក្រុមហ៊ុន​និង​ផ្តាច់​ភ្លើង​ មិន​ឱ្យ​ប្រើប្រាស់​តទៅ​ទៀត​នោះ​ឡើយ​ ។

​កិច្ចប្រជុំ​ជជែក​គ្នា​ជា​ច្រើន​លើក​ទៅ​លើ​ ការ​ដោះស្រាយ​បញ្ហា​ភ្លើងអគ្គិសនី​នៅ​ខេត្ត​ប៉ៃលិន​អាជ្ញាធរ​ខេត្ត​ថា​អស់​លទ្ធភាព​ដោះ​ ស្រាយ​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អស់​ក្តី​សង្ឃឹម​និង​ខ្វះ​ជំនឿ​មក​លើ​ការ​ដឹកនាំ​របស់​អាជ្ញាធរ​ខេត្ត​ ប៉ៃលិន​ជា​ខ្លាំង​។​បញ្ហា​នាំ​ឱ្យ​មានការ​ប្តឹង​តវ៉ា​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​កុង​ទ័​រ​ភ្លើង​ក្រុមហ៊ុន​ អគ្គិសនី​ ធ្វើ​ឡើង​បន្ទាប់​ពី​កុង​ទ័​រ​ភ្លើង​ក្នុង​រយៈពេល​២​ខែ​ចុង​ ក្រោយ​នេះ​គឺ​ខែមីនា​និង​ខែមេសា​ ត្រូវ​បាន​ប្រជាពលរដ្ឋ​លើក​ឡើង​ថា​មានការ​កើនឡើង​ទ្វេរ​ ដង​ខុស​ពី​ខែ​មុនៗ​ ។​ប្រជាពលរដ្ឋ​ខ្លះ​ ជា​ទម្លាប់​ប្រើ​ ថាមពល​ភ្លើង​ក្នុង​១​ខែ​ចំណាយ​ប្រាក់​បង់អស់​តែ​១​ពាន់​បាត​ ស្រាប់តែ​២​ខែ​ចុង​ក្រោយ​នេះ​ វិ​ក័យ​ប័ត្រ​ក្រុមហ៊ុន​ចេញ​មក​បាន​ឡើង​ពី​១​ពាន់​បាត​ទៅ​ដល់​១​ម៉ឺន​បាត​ធ្វើ​ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល​។​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ខ្លាំង​ជាងគេ​ទៅ​ លើ​ភាព​មិន​ប្រក្រតី​កុង​ទ័​រ​ភ្លើង​មាន​ប្រមាណ​ ជាង​១០០​គ្រួសារ​ភាគច្រើន​រស់នៅ​ ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ ។​

ចំណែក​ប្រជាពលរដ្ឋ​នៅ​តំបន់​មួយ​ចំនួន​ទៀត​ក៏​គេ​រាយការណ៍​មក​ថា​មាន​បញ្ហា​នោះ​ដែរ​ក៏​ប៉ុន្តែ​ មិន​ហ៊ាន​តវ៉ា​។​

​ ​ជុំវិញ​បញ្ហា​នេះ​ លោក​ ធូ​ ភា​ អភិបាលរង​ខេត្ត​ប៉ៃលិន​និង​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​ដោះ​ ស្រាយ​បញ្ហា​ភ្លើង​ បាន​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​៨​ ខែមេសា​ ឆ្នាំ​២០១៥​ថា​ រដ្ឋបាល​ខេត្ត​ខិតខំ​ប្រឹងប្រែង​សម្របសម្រួល​ដោះស្រាយ​រវាង​ភាគី​ប្រជាពលរដ្ឋ​ និង​ភាគី​ក្រុមហ៊ុន​ កិច្ចប្រជុំ​ដោះស្រាយ​បាន​ធ្វើ​ឡើង​រយៈពេល​៣​លើក​មក​ហើយ​ ។​ក្នុង​នោះ​អាជ្ញាធរ​ខេត្ត​ បាន​សម្របសម្រួល​ឱ្យ​ក្រុមហ៊ុន​អគ្គិសនី​ធ្វើការ​ពន្យា​ពេល​នៃ​ការ​បង់ប្រាក់​ក្នុង​អំឡុង​មាន​បញ្ហា​ និង​អាជ្ញាធរ​ខេត្ត​ក៏​បាន​ទទួលយក​តាម​សំណូមពរ​ឱ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ចុះ​មក​ត្រួតពិនិត្យ​ កុង​ទ័​រ​ភ្លើង​ ដែល​ថា​មាន​បញ្ហា​នោះ​ ។

​បន្ទាប់​មក​អាជ្ញាធរ​អគ្គិសនី​បាន​ចុះ​ត្រួតពិនិត្យ​រក​ឃើញ​ កុង​ទ័​រ​ភ្លើង​ដែល​ដើរ​ខុស​ប្រក្រតី​គឺ​មាន​ចំនួន​តែ​៤​ កុង​ទ័​រ​ប៉ុណ្ណោះ​ ។​ចំណែក​កុង​ទ័​រ​មួយ​ចំនួន​ទៀត​គឺ​មាន​បញ្ហា​តិចតួច​នោះ​ទេ​គឺ​អាច​ចាត់​ទុក​ថា​មិន​មាន​បញ្ហា​អ្វី​ធំដុំ​នោះ​ឡើយ​។​

​ ​លោក​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​ដោយ​យោង​ទៅ​តាម​ការ​ត្រួតពិនិត្យ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ដែល​ជា​អាជ្ញាកណ្តាល​ បាន​ត្រួតពិនិត្យ​ថា​កុង​ទ័​រ​ត្រឹមត្រូវ​គឺ​រដ្ឋបាល​ខេត្ត​ធ្វើ​ទៅ​ តាម​អ្វី​ ដែល​ជា​ការ​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ប៉ុណ្ណោះ​។​ លោក​បាន​ បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​រដ្ឋបាល​ខេត្ត​គ្មាន​សិទ្ធិ​សម្រេច​ក្រុមហ៊ុន​ខុស​រឺ​ប្រជាពលរដ្ឋ​ ត្រូវ​នោះ​ ឡើយ​ សិទ្ធិ​សម្រេច​ខុស​ត្រូវ​លុះត្រាតែ​តុលាការ​។​លោក​និយាយ​ទៀត​ថា​ធម្មតា​ ក្រុមហ៊ុន​ បើ​គេ​យោគយល់​ ប្រជាពលរដ្ឋ​១០​ទៅ​២០​គ្រួសារ​ បើសិន​ប្រជាពលរដ្ឋ​១​ពាន់​គ្រួសារ​ទៀត​គេ​ ធ្វើ​បែប​នេះ​ដែរ​គឺ​គ្មាន​អ្នក​ណា​គោរព​ច្បាប់​នោះ​ទេ​។​

​ ​ចំណែក​លោក​មេឃុំ​ស្ទឹង​កាច់​ដែល​ចូលរួម​កិច្ចប្រជុំ​ដោះស្រាយ​នោះ​ដែរ​បាន​ប្រាប់​ឱ្យ​ ដឹង​ថា​ ប្រជាពលរដ្ឋ​របស់​លោក​ចំនួន​៨០​គ្រួសារ​កើតទុក្ខ​មិន​សុខចិត្ត​ទេ​ទៅ​លើ​បញ្ហា​អគ្គិសនី​។​ លោក​ថា​ភាព​មិន​ប្រក្រតី​ភ្លើងអគ្គិសនី​នេះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លះ​មាន​បញ្ហា​ប្រឈម​និង​ ជីវភាព​រស់នៅ​ជា​ពិសេស​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​គ្មាន​ប្រាក់​ចំណាយ​ខ្ពស់​ទៅ​លើ​ភ្លើង​ អគ្គិសនី​ដែល​មាន​ភាព​មិន​ប្រក្រតី​។​លោក​លោក​មេឃុំ​ស្ទឹង​កាច់​បញ្ជាក់​ឱ្យ​ទៀត​ថា​ លោក​គាំទ្រ​ ប្រជាពលរដ្ឋ​លោក​ ប្រ​សិន​ចាប់​លោក​ដាក់គុក​លោ​ក៏​មិន​ខ្លាច​នោះ​ដែរ​ ពីព្រោះ​វា​ចម្លែក​ពេក​ ប្រជាពលរដ្ឋ​ខ្លះ​ធ្លាប់​ប្រើ​ភ្លើង​១​ខែ​បង់ថ្លៃ​អស់​តែ​១​ពាន់​បាត​ លុះ​ខែមីនា​និង​ខែមេសា​ឡើង​ ពី​១​ពាន់​បាត​ទៅ​១​ម៉ឺន​បាត​ដោយ​ការ​កើនឡើង​បែប​នេះ​វា​ខ្ពស់​ពេក​។​ប្រជាពលរដ្ឋ​កើតទុក្ខ​មិន​សុខចិត្ត​នោះ​ទេ​ពួក​គាត់​និង​ទៅ​ប្តឹង​ខាង​តំណាងរាស្ត្រ​ឱ្យ​ ជួយ​ដោះស្រាយ​បន្ត​ទៀត ​៕​ វិច្ឆិកា​
​ ​

Vicheka-(1)

Vicheka


ចែករំលែក៖