ព័ត៌មានទាន់ហេតុការណ៍៖

ពលករ​ខ្មែរ​រង​គ្រោះ​៥៩​នាក់​ទៀត​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ពី​ឥណ្ឌូ​នេ​ស៊ី​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ក្រសួងការបរទេស​កម្ពុជា​ឲ្យ​ដឹង​ថា​ ពលករ​ខ្មែរ​រង​គ្រោះ​ចំនួន​៥៩​នាក់​ នឹង​ត្រូវ​បញ្ជូន​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​ក្រោយ​។​ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា​ ចេញផ្សាយ​នៅ​ថ្ងៃ​៨​ ខែឧសភា​ ឆ្នាំ​២០១៥​ ឲ្យ​ដឹង​ថា​ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ និង​ម៉ា​ឡេ​ស៊ី​ បាន​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​ចំនួន​៥៩​នាក់​ ពី​ទូក​នេសាទ​ខុសច្បាប់​នា​ពេល​កន្លង​មក ​។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បន្ត​ថា​ ស្ថានទូត​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ ជាមួយ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​(IOM)​ ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ពលករ​ទាំង​៥៩​នាក់​នេះ​មក​កម្ពុជា​វិញ​ នៅ​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​៤​និង​១០​រសៀល​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

សេចក្តី​ប្រកាស​បន្ត​ថា​ករណី​ព័ត៌មាន​ដែល​ថា​ មាន​ពលករ​ខ្មែរ​ចំនួន​៣៦​នាក់​ទៀត​នៅ​លើ​កោះ​បេន​ជី​ណា​(Benjina)​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដែរ​នោះ​ មន្ត្រី​ស្ថានទូត​ និង​មន្ត្រី​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ នឹង​ទៅ​ជួប​សម្ភាសន៍​ផ្ទាល់​ នៅ​ថ្ងៃ​ទី​ ១២​ ខែ​ ឧសភា​ ឆ្នាំ​២០១៥​ ដើម្បី​បញ្ជូន​ពលករ​ទាំង​ ៣៦​នាក់​នេះ​មក​មាតុប្រទេស​វិញ​។​

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ក្រសួងការបរទេស​ នា​ពេល​ថ្មីៗ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ស្ថានទូត​កម្ពុជា​បាន​សហការ​ជាមួយ​អាជ្ញាធរ​ឥណ្ឌូ​នេ​ស៊ី​ ជួយ​សង្គ្រោះ​ពលករ​ខ្មែរ​ ចំនួន​៣២​នាក់​ផ្សេង​ទៀត​ ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នេះ​ផង​ដែរ​។​

សេចក្តី​ប្រកាស​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​ពេល​រង់ចាំ​ធ្វើ​មាតុភូមិនិវត្តន៍​ ស្ថានទូត​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ឥណ្ឌូ​នេ​ស៊ី​ ថែទាំ​ ផ្តល់​អាហារ​ និង​ការ​ស្នាក់​នៅ​ឲ្យ​បាន​គ្រប់គ្រាន់​ដល់​ពលករ​ខ្មែរ​ទាំងនោះ​ ។​ ក្រសួងការបរទេស​បន្ត​ថា​ស្ថានទូត​ បាន​សហការ​ជាមួយ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ ដើម្បី​បញ្ជូន​ពលករ​ខ្មែរ​ទាំង​៣២​នាក់​នេះ​មក​កម្ពុជា​ វិញ​នា​ពេល​ខាង​មុខ ​។

ទាក់ទង​នឹង​ពលករ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​វិញ​ ក្រសួងការបរទេស​ឲ្យ​ដឹង​ថា​ស្ថានទូត​កម្ពុជា​បាន​ចេញ​លិខិត​ធ្វើ​ដំណើរ​ និង​អន្តរាគមន៍​ជួយ​ទាមទារ​ប្រាក់ខែ​ពី​ថៅកែ​ឲ្យ​ពល​ការិនី​ និង​នារី​ជំនួយការ​មេផ្ទះ​ ចំនួន​៣​នាក់​ ។​ អ្នក​ទាំង​៣​ នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩​ ខែឧសភា​ ឆ្នាំ​ ២០១៥​ វេលា​ម៉ោង​៧​និង​៣៥​នាទី​ព្រឹក​ ៕​ ហេង​ សូ​រិ​យា​


ចែករំលែក៖