ភ្នំពេញ ៖ រថយន្ដកាមរីបាឡែន បើកក្នុងល្បឿនលឿន ជ្រុលចង្កូតបុករថយន្ដវីស្តូ ពេញទំហឹង បណ្ដាលអោយរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ តាម បណ្ដោយផ្លូវលេខ៤៣២ ជិតផ្លូវបំបែកជា៥ ស្ថិតក្នុងសង្កាត់ ទួលទំពូង២ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីសាក្សីនៅនឹងកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមានរថយន្ដ ម៉ាកវីស្តូ១គ្រឿង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-2498 បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៣២ទិសដៅពីកើតទៅលិច ក្នុង ល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដ១គ្រឿងទៀត ម៉ាកកាមរី បាឡែន ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2T-2917 បើកបរដោយបុរស់ម្នាក់និងរួមដំណើរជាមួយបុរស់ម្នាក់ទៀត តាមបណ្ដោយ ផ្លូវ៤៣២ ទិស ដៅពីលិចទៅកើត បញ្ច្រាសទិសគ្នា ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុករថយន្ដវីស្តូពេញទំហឹង ចំហៀងផ្នែកខាងឆ្វេងបណ្ដាលអោយរថយន្ដវីស្តូរងការខូចខាតដាច់កាឡេឆ្វេងទៅមុខលែងរួច ។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តកាមរីបាឡែនចេញថ្លៃខូចខាតទៅលើរថយន្ត វីស្តូ ដោយយករថយន្តទៅជុសជុលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុដោយមិនរំខាងដល់ សមត្ថកិច្ច ៕ សុខា សែនជ័យ