ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ាជឹម សុខ គាបសង្កត់ប្រជាពល រដ្ឋដឹកគោក្របីបង្ខំឱ្យបង់លុយ

ចែករំលែក៖

ខេត្ដព្រៃវែង ៖ មេឈ្មួញរកស៊ីដឹកសត្វ គោ ក្របីផ្ដាច់មុខនៅក្នុងស្រុក ដើម្បីនាំ ទៅលក់នៅប្រទេសវៀតណាមគឺឧកញ៉ា ជឹម សុខ កំពុងគាបសង្កត់មកលើប្រជា ពលរដ្ឋដែលជាអ្នកដឹកគោ ក្របី បន្ដិចបន្ដួច មួយឬពីរ យកទៅចិញ្ចឹមពីស្រុក មួយទៅស្រុកមួយ តម្រូវឱ្យបង់ប្រាក់យ៉ាង តិចក្នុង១ក្បាលចាប់ពី១៣ម៉ឺនរៀលទៅ ២០ម៉ឺនរៀល ។

ប្រជាពលរដ្ឋបានរាយការណ៍មកថា ឧកញ៉ាជឹម សុខ បានពង្រាយកម្លាំងរបស់ គាត់ ដើម្បីស្កាត់ចាប់ប្រជាពលរដ្ឋដឹក គោ ១ក្បាល២ក្បាលនៅលើកំណាត់ផ្លូវ ជាតិលេខ១ ទឹកដីខេត្ដព្រៃវែង និងខេត្ដ កណ្ដាល គឺបញ្ជាឱ្យបង់លុយ ដោយគ្មាន ការអាណិតអាសូរ អង្វរកណាមួយពីប្រជា ពលរដ្ឋនោះឡើយ ។

ពួកគាត់បានលើកឡើងថា បើគ្រាន់ តែទិញគោ ក្របី ១ក្បាលទៅ២ក្បាលយក ទៅចិញ្ចឹម ក៏យកលុយដែរ ឯណាទៅពាក្យ ថា ជួយប្រជាពលរដ្ឋ បើនាយទុនម្នាក់ៗ ជាន់ករាស្ដ្របែបនេះទៅវិញ? ឧកញ៉ា ជឹម សុខ មានសិទ្ធិផ្ដាច់មុខក្នុងការទិញ ប្រមូលគោ ក្របីក្នុងស្រុកដឹកទៅប្រទេស វៀតណាមដោយរថយន្ដប្រភេទយីឌុបធំៗ ហើយក៏ជាឈ្មួញក្នុងការដឹកជញ្ជូនជ្រូកពី ប្រទេសវៀតណាមចូលមកចែកចាយ ក្នុងស្រុក ។

ប្រជាពលរដ្ឋរិះគន់ថា ពេលប្រជាពល រដ្ឋដឹកគោ ក្របី មិនត្រឹមតែមានវត្ដមាន ក្រុមដៃជើង មនុស្សឧកញ៉ាជឹម សុខ មក ជំរិតដោយបង្ខំឱ្យប្រជាពលរដ្ឋបង់លុយ ប៉ុណ្ណោះទេ ក្នុងនោះសូម្បីមន្ដ្រីពេទ្យសត្វ ក៏មានវត្ដមានចូលរួមមកយកលុយផង ដែរពីប្រជាពលរដ្ឋដែរ ។ ផ្ទុយទៅវិញ ពេលដែលក្រុមឧកញ៉ាជឹម សុខ ដឹកជ្រូក ពីវៀតណាម ពុំឃើញវត្ដមានមន្ដ្រីពេទ្យ សត្វពិនិត្យសុខភាពសត្វ អាចធ្វើឱ្យប្រជា ពលរដ្ឋដែលជាអ្នកបរភោគរងគ្រោះ ប៉ះពាល់សុខភាព ដូចជាបញ្ហាជ្រូកក្រហម ជាដើម គឺងាយធ្វើឱ្យស្ដ្រីដែលបរិភោគ មហារីកសុដន់ និងស្បូន សុទ្ធតែជាបញ្ហា គ្រោះថ្នាក់បំផុត ។

ដោយឡែកប្រជាពលរដ្ឋដែលរស់នៅ ម្ដុំផ្សារកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្ដ ព្រៃវែង បាននាំគ្នានិយាយថា ឧកញ៉ាជឹម សុខ ដែលជាឈ្មួញល្បី ក្នុងការគាបសង្កត់ រាស្ដ្របានបង្កើតទីសត្ដឃាតមួយដ៏ធំនៅ ជិតផ្សារកំពង់សឹង្ហ គឺបណ្ដាលឱ្យប៉ះពាល់ បរិស្ថាន សុខភាពរស់នៅរបស់ប្រជាពល រដ្ឋយ៉ាងខ្លាំង តាមរយៈការជះក្លិនស្អុយពី លាមកគោ ក្របី សាច់ស្អុយៗជាដើម ។

ប្រជាពលរដ្ឋសំណូមពរឱ្យអាជ្ញាធរ រួមទាំងជំនាញពាក់ព័ន្ធ មេត្ដាពិនិត្យ ចំពោះការធ្វើអាជីវកម្មប្រមូលទិញគោ ក្របីផ្ដាច់មុខរបស់ឧកញ៉ាជឹម សុខ នេះ ផង ព្រោះគាត់បានបន្ទាបតម្លៃតាមតែ អំពើចិត្ដ ស្របពេលដែលគាត់មានសិទ្ធិ ប្រមូលទិញគោ ក្របីក្នុងស្រុកផ្ដាច់មុខ ក៏ដូចជាគាបសង្កត់ប្រជាពលរដ្ឋឱ្យបង់ លុយពេលដឹកគោ ក្របីកាត់ពីភូមិមួយ ទៅភូមិមួយនោះ ។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកន្លង ទៅថ្មីៗ ក៏បានអំពាវនាវឱ្យមានការយក ចិត្ដទុកដាក់លើបញ្ហាទិញផលិតផល កសិកម្ម ក្នុងពិធីសម្ពោធបើកការដ្ឋាន ផ្លូវជាតិលេខ៥៥ ខេត្ដពោធិ៍សាត់ គឺមិនអនុញ្ញាតឱ្យមានការប្រមូលទិញផ្ដាច់មុខ ផលិតផលកសិកម្ម ប្រយោជន៍ ការពារ ប្រជាកសិករ ដែលបានដាំដំណំកសិ-ឧស្សាហកម្ម ។ ដូច្នេះការប្រមូលទិញគោ ក្របីផ្ដាច់មុខ និងគាបសង្កត់ប្រជាពល ដឹកគោ ក្របីជា ដើម សុទ្ធតែជារឿងបំពានច្បាប់ ដូចអ្វីដែលសម្ដេចតេជោលើកឡើងថា មិនត្រូវឱ្យមានការប្រមូលទិញ ផលិតផលកសិកម្មផ្ដាច់មុខនោះ ។

ពាក់ព័ន្ធករណីឧកញ៉ា ជឹម សុខ យកលុយពីប្រជាពលរដ្ឋដឹកគោ ក្របី នគរវត្តមិនអាចទាក់ទងបានទេកាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៥ ។ ដោយឡែកលោក កៅ ផល ប្រធាននាយកដ្ឋានបសុព្យាបាល ក៏មិនអាចទាក់ទងបានដែរ នៅរសៀលថ្ងៃដដែលនេះ ៕
សិលា


ចែករំលែក៖