ខេត្តកំពង់ចាម ៖ រហូតដល់រសៀលថ្ងៃ៩ ខែឧសភា ឆ្នាំ២០១៥ មានអ្នកជំងឺដែលពុលនំបញ្ចុកបានចាកចេញពីមន្ទីរពេទ្យស្រុកបាធាយជិតអស់ហើយ និងអ្នកជំងឺផ្សេងទៀតក៏ធូរស្បើយដែរ ។ នេះបើតាមការអះអាងពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ បានប្រាប់តាមសារអេឡិចត្រូនិច ( whatsapp ) ។
ស្រដៀងគ្នានេះដែរស្នងការនគរបាលខេត្តកំពង់ចាមលោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន ក៏បានឲ្យដឹងដែរថា ចំនួនអ្នកជំងឺដែលពុលនំបញ្ចុកបានចាកចេញទៅផ្ទះជិតអស់ហើយ ។ បច្ចុប្បន្ននេះ អ្នកជំងឺជិត១០នាក់បាននិងកំពុងសម្រាកនៅមន្ទីពេទ្យ បង្អែកស្រុក។
លោក លន់ លឹមថៃ អភិបាលខេត្តនិងជាប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម បាននាំយកអំណោយនិងថវិកាទៅចែកជូនអ្នកជម្ងឺម្នាក់ៗ៤ម៉ឺនរៀល ក្រោយពីអ្នកជំងឺមានសភាពធូរស្រាលជាងមុន ។
បើតាមស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសនីយ៍ បែន រ័ត្ន បានប្រាប់ ថា លោក បុ៑ន ហុង អាយុ៣៦ឆ្នាំ និង ប្រពន្ធ ស៑ន គឹមស្រៀង អាយុ៣៤ឆ្នាំ ជាម្ចាស់សិប្បកម្មចែកចាយនំបញ្ចុកដែលពុល ស្ថិតនៅភូមិស្តើងជ័យ ស្រុកជើងព្រៃ ។ នំបញ្ចុកនេះ ផលិតបាន២០០គីឡូក្រាមក្នុង១ថ្ងៃ បន្ទាប់មកក៍ចែកចាយលក់បន្តទៅដល់២ស្រុក គឺស្រុកបាធាយ និងស្រុកជើងព្រៃ ។
លោក បែន រ័ត្ន បានបន្តរថា ការចែកចាយនំបញ្ចុកនេះពុលអ្នកតែអ្នកភូមិនៅស្រុកបាធាយប៉ុណ្ណោះ ប៉ុន្តែសម្រាប់អ្នកភូមិនៅស្រុកជើងព្រៃវិញ មិនបានពុលនោះឡើយ ។
ក្រោយកើតហេតុ គណៈកម្មការចម្រុះមានមន្ត្រីមន្ទីសុខាភិបាល កាំកុងត្រូល អាជា្ញធនិងនគរបាល បានចុះទៅធ្វើកោសល្យវិច័យទៅតាមជំនាញរៀងៗខ្លួន ប៉ុន្តែលទ្ធផលមិនទាន់បានបង្ហាញផលវិជ្ជមាននៅឡើយទេ ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ ក្រុមអ្នកភូមិជាច្រើននាក់បានពុលនំបញ្ចុក ស្ថិតនៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។
ក្រោយទទួលព័ត៏មាននេះភ្លាម អាជា្ញធពាក់ព័ន្ធបានចុះទៅកាន់កន្លែងកើតហេតុ ក្នុងនោះកម្លាំងនគរបាលក្នុងខេត្តកំពង់ចាម បានចូលរួមអន្តរាគមន៍ប្រមាណ២០នាក់ផងដែរ ៕ ហេង សូរិយា