ព័ត៌មានទាន់ហេតុការណ៍៖

​អ្នកមាន​លុយ​នៅ​ផ្សារ​ពង្រ​យក ​គ្រឿងចក្រ​មក​វាយ​ កម្ទេច​សា​លាម​ត្ដេ​យ្យ​នៅ​ក្នុង​ឃុំ ​ស្វាយ​ជ្រំ​

ចែករំលែក៖

ខេត្ដកំពង់ឆ្នាំង​ ៖​ អតីត​អគារ​សាលា​ ម​ត្ដេ​យ្យ​សិក្សា​របស់​រដ្ឋ​មួយ​កន្លែង​ស្ថិត​ក្នុង​ឃុំ​ស្វាយ​ជ្រំ​ ស្រុក​រលាប្អៀរ​ ខេត្ដ​ កំពង់ឆ្នាំង​ ត្រូវ​បាន​លោកគ្រូ​ អ្នកគ្រូ​ និង ​ប្រជាពលរដ្ឋ​រាយការណ៍​ថា​ មាន​ អ្នកមាន​ម្នាក់​នៅ​ផ្សារ​ពង្រ​បាន​យក​ គ្រឿងចក្រ​មក​វាយ​កម្ទេច​ចោល​ ដោយ​ ពុំ​មាន​អាជ្ញាធរ​ស្រុក​ និង​សមត្ថកិច្ច​បាន​ ដឹង​នោះ​ឡើយ​រហូត​ដល់​អគារ​សាលា​ ម​ត្ដេ​យ្យ​បាក់​រាប​ដល់​ដី​ទាំងស្រុង​ ។

​ប្រជាពលរដ្ឋ​ដែល​នៅ​ទីនោះ​បានឱ្យ​ដឹង​ថា​ អគារ​ចំណាស់​នេះ​ដើម​ឡើយ​ជា​ អតីត​សាលាឃុំ​បន្ទាប់​មក​បាន​ប្រគល់​ មក​ឱ្យ​សាលា​ដើម្បី​ធ្វើ​ជា​សា​លាម​ត្ដេ​យ្យ​ សម្រាប់​បង្រៀន​កូនចៅ​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ ។​ ក្រោយមក​ដោយ​មាន​ អគារ​ថ្មី​សា​លាម​ត្ដេ​យ្យ​នេះ​ត្រូវ​បាន​ទុក​ចោល​មិន​មាន​សិស្ស​ចូល​ទៅ​រៀន​នោះ​ទេ​ ។​ ប៉ុន្ដែ​អគារ​និង​ដី​សា​លាម​ត្ដេ​យ្យ​នេះ​ នៅ​តែ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ដដែល​ដោយ​ ស្ថិត​ក្នុង​បញ្ជី​សារពើ​ភណ្ឌ​របស់​អនុ​វិទ្យាល័យ​ស្វាយ​ជ្រំ​ ស្រុក​រលាប្អៀរ​ ។​

​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ឆ្ងល់​ផង​ដែរ​ នៅ​ពេល​ដែល​ឃើញ​គេ​យក​គ្រឿងចក្រ​ ទៅ​វាយ​កម្ទេច​ចោល​បង្ក​ឱ្យ​មានការ​ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៥​ ដែល​ប្រជា​ ពលរដ្ឋ​រស់នៅ​មូលដ្ឋាន​នេះ​លើក​ឡើង​ថា​ មានការ​ឃុបឃិត​គ្នា​រវាង​មន្ដ្រី​អាជ្ញាធរ​មូលដ្ឋាន​លួច​លក់​អគារ​និង​ដី​នេះ​ទៅ​ ឱ្យ​អ្នកមាន​លុយ​នៅ​ផ្សារ​ពង្រ​ធ្លាប់​ហៅ​ ឈ្មោះ​ក្ដាន់​ ។​ បន្ទាប់​ពី​ប្រជាពលរដ្ឋ​មាន​ ការ​ភ្ញាក់ផ្អើល​នឹង​ការ​វាយ​កម្ទេច​សំណង់​អគារ​នោះ​ កាលពី​រសៀល​ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ អភិបាលស្រុក​រលាប្អៀរ​ លោក​ សោម​ វឺ​ន​ បាន​ចុះ​ទៅ​កន្លែង​សាលា​នោះ​ ដោយ​មាន​ទាំង​មន្ដ្រី​មួយ​ចំនួន​ទៀត​ ដើម្បី​ពិនិត្យ​មើល​អគារ​សា​លាម​ត្ដេ​យ្យ​ ដែល​គេ​យក​គ្រឿងចក្រ​ទៅ​វាយ​កម្ទេច​ ចោល​នោះ​ និង​ស្រាវជ្រាវ​រក​មនុស្ស​ ដែល​ហ៊ាន​វាយ​កម្ទេច​ទ្រព្យសម្បត្ដិ​របស់​រដ្ឋ​ដោយ​គ្មាន​ការ​អនុញ្ញាត​ និង​គ្មាន​ អាជ្ញាធរ​ណា​ម្នាក់​បានដឹង​ឮ​នោះ​ ។​

​ពាក់ព័ន្ធ​ នឹង ​ករណី​នេះ​ មេឃុំ​ស្វាយ​ជ្រំ​ លោក​យី​ ភួ​ន​ បាន​ប្រាប់​ថា​ អ្នក​ដែល​យក​ គ្រឿងចក្រ​ទៅ​វាយ​កម្ទេច​អគារ​សា​លាម​ត្ដេ​យ្យ​ចាស់​នេះ​ឈ្មោះ​ក្ដាន់​ ប៉ុន្ដែ​ឈ្មោះ​ ក្ដាន់​នេះ​មិន​បាន​ប្រាប់​អាជ្ញាធរ​ឱ្យ​ដឹង​ទេ​ តែ​នៅ​ពេល​ដែល​សាកសួរ​ទៅ​ឈ្មោះ​ក្ដាន់​នេះ​គេ​បាន​ប្រាប់​លោក​ថា​ គេ​វាយ​ដើម្បី​ យក​ទីធ្លា​ដី​សាលា​មេ​ត្ដេ​យ្យ​នេះ​ធ្វើ​រោង​ បុណ្យ​ ។​ រីឯ​លោកនាយក​សាលា​ស្វាយ​ជ្រំ​ វិញ​បាន​បញ្ជាក់​ថា​ កាលពី​ប៉ុន្មាន​ថ្ងៃមុន​ ឈ្មោះ​ក្ដាន់​បាន​ទៅ​សុំ​វាយ​សា​លាម​ត្ដេ​យ្យ​នេះ​ចោល​ប៉ុន្ដែ​លោក​មិន​បាន​អនុញ្ញាត​ ឡើយ​ ។​

​ពាក់ព័ន្ធ​ នឹង ​ការ​លើក​ឡើង​របស់​អាជ្ញាធរ​មូលដ្ឋាន​នេះ​ឈ្មោះ​ក្ដាន់​បាន​ប្រាប់​ តាម​ទូរស័ព្ទ​ថា​ លោក​មិន​បាន​យក​គ្រឿង​ ចក្រ​ទៅ​វាយ​កម្ទេច​សា​លាម​ត្ដេ​យ្យ​នោះ​ទេ​អ្នក​ដែល​វាយ​សា​លាម​ត្ដេ​យ្យ​នោះ​គឺ​ មាន​មនុស្ស​ផ្សេង​ទៀត​ដែល​មានផ្ទះ​ជាប់​នៅ​នឹង​ដី​នោះ​ហើយ​ការ​វាយ​កម្ទេច​សា​លាម​ត្ដេ​យ្យ​របស់​រដ្ឋ​នេះ​ដោយសារ​តែ​ចង់​ បាន​ទីធ្លា​ធ្វើបុណ្យ​នៅ​មុខ​ផ្ទះ​ឱ្យ​ធំ​ ។​

មជ្ឈដ្ឋាន​ទូទៅ​កំពុង​តែ​រង់ចាំ​មើល​ពី​ចំណាត់ការ​របស់​អាជ្ញាធរ​ស្រុក​ ខេត្ដ​ និង​ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ចាត់​វិធាន​ ការ​បែប​ណា​ចំពោះ​អ្នកមាន​លុយ​ម្នាក់​ នេះ​ដែល​ហ៊ាន​យក​គ្រឿងចក្រ​វាយ​កម្ទេច​ បំផ្លាញ​ទ្រព្យសម្បត្ដិ​របស់​រដ្ឋ​បែប​នេះ​?​ ៕​
51(4)


ចែករំលែក៖