ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជាបានផ្ដល់អំណោយជារថយន្ដ មួយគ្រឿងចំណុះ ៣៤កៅអីតម្លៃ៣.៥០០០ ដុល្លារសហរដ្ឋអាមេរិកដល់អង្គការ សង្គ្រោះជនអស់សង្ឃឹមមណ្ឌលទី១ដែលមានទីតាំងនៅភូមិលិចវត្ដ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពិធីប្រគល់និងទទួលរថយន្ដបានធ្វើ ឡើងនៅទីស្នាក់ការកាកបាទក្រហមកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា និង លោកស្រីឡៅ សុខន នាយិកាអង្គការ សង្គ្រោះជនអស់សង្ឃឹម ។
លោកស្រីឡៅ សុខន បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ដដ៏ សប្បុរសរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះកុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ និងបុគ្គលិកអង្គ ការសង្គ្រោះជនអស់សង្ឃឹម ។
ក្រៅពីផ្ដល់រថយន្ដសម្ដេចកិត្ដិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែអញ្ជើញ ដោយផ្ទាល់ទៅជួបសំណេះសំណាលនិងសួរសុខទុក្ខ ព្រមទាំងផ្ដល់អំណោយជា ច្រើនដើម្បីផ្គត់ផ្គង់ដល់អង្គការសង្គ្រោះជនអស់សង្ឃឹមមិនដែលលស់ពេលមួយគ្រាណាឡើយ ។
អំណោយរថយន្ដមួយគ្រឿងនេះគឺជា ការជួយសម្រួលដ៏ធំធេងដល់អង្គការ សង្គ្រោះជនអស់សង្ឃឹម ជាពិសេសការ ធ្វើដំណើររបស់ក្មេងៗទៅសិក្សានៅតាមសាលានានាដែលពីមុនការធ្វើដំណើរ ត្រូវជិះម៉ូតូឌុប រ៉ឺម៉កម៉ូតូ និងជួលរថយន្ដទ្រុងដែលមិនសូវមានសុវត្ថិភាពដល់ក្មេងៗ ។
គួរបញ្ជាក់ថា អង្គការសង្គ្រោះជន អស់សង្ឃឹមមានកុមារកំព្រា អ្នកផ្ទុកមេ រោគអេដស៍ និងបុគ្គលិកចំនួន៤៤៨នាក់ ក្នុងនោះមណ្ឌលទាំងមូលមានផ្ទះអ្នកជំងឺចំនួន ២២ខ្នង, ផ្ទះកុមារកំព្រា ចំនួន២០ ខ្នង, ផ្ទះចាស់ជរា២ខ្នង, ផ្ទះទារក៣ខ្នង, ផ្ទះ បុគ្គលិក៥បន្ទប់, ផ្ទះពេទ្យ១ខ្នង, ផ្ទះនិស្សិត ៣ល្វែង, ការិយាល័យ១ខ្នង, សាលាបឋម សិក្សា១ខ្នង, ថ្នាក់មត្ដេយ្យ៣បន្ទប់, ស្រះ ទឹក៣, អណ្ដូង៥ និងបន្ទប់កាត់ដេរ១ខ្នង ដែលពួកគេទាំងអស់សុទ្ធតែត្រូវការ មធ្យោបាយសម្រាប់ធ្វើដំណើរ ៕