ព័ត៌មានទាន់ហេតុការណ៍៖

មីយ៉ាម៉ា និងបង់ក្លាដែសផ្ទុះអាវុធដាក់គ្នានៅតាមព្រំដែន ទាហានម្នាក់រងរបួស និងម្នាក់ទៀតត្រូវចាប់ខ្លួន

ចែករំលែក៖

កម្លាំងទាហានល្បាតតាមព្រំដែនរបស់បង់ក្លាដែសម្នាក់បានរងរបួស និងម្នាក់ទៀតត្រូវចាប់ខ្លួនដោយកម្លាំងទាហានមីយ៉ាន់ម៉ា បន្ទាប់ពីហេតុការណ៍ផ្ទុះអាវុធដាក់គ្នានៅតាមបន្ទាត់ព្រំដែន ខណៈតាមប្រមាញ់ក្រុមរត់ពន្ធគ្រឿងញៀនកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥។

កម្លាំងល្បាតរបស់បង់ក្លាបានតាមប្រមាញ់ក្រុមរត់ពន្ធគ្រឿងញៀនតាមទូកនៅជិតតំបន់ Teknaf តាមបណ្តោយដងទន្លេ Naff រដ្ឋ Cox’s Bazar ភាគខាងត្បូងបង់ក្លាដែស។ ក្រុមរត់ពន្ធថ្នាំញៀនបានរត់រួចខ្លួនអស់ហើយ ប៉ុន្តែកម្លាំងល្បាតរបស់មីយ៉ាន់ម៉ានៅតែបាញ់ប្រហារមកលើកម្លាំងល្បាតរបស់បង់ក្លាដែស ទើបកម្លាំងល្បាតបង់ក្លាដែសបាញ់ប្រហារតបតវិញ។ នេះបើតាមការបញ្ជាក់របស់នាយទាហានជាន់ខ្ពស់បង់ក្លាដែសប្រចាំការនៅទីតាំងខាងលើ លោក Anisur Rahman ។

ការផ្ទុះអាវុធនេះបណ្តាលឲ្យកម្លាំងល្បាត់ម្នាក់រងរបួស និងម្នាក់ទៀតត្រូវកម្លាំងល្បាតរបស់មីយ៉ាន់ម៉ាចាប់ខ្លួនបន្ទាប់ពីធ្លាក់ទឹកទន្លេ។ លោក Anisur Rahman បានបន្តថា យើងព្យាយាមលើកទង់ជ័យរកកិច្ចពិភាក្សា ដើម្បីនាំកម្លាំងល្បាតរបស់យើងត្រឡប់មកវិញ ក៏ដូចកិច្ចពិភាក្សាឲ្យមានសន្តិភាពនៅតាមបន្ទាត់ព្រំដែន។ លោកបន្ថែមថា កម្លាំងល្បាតបន្ថែមទៀតនឹងត្រូវដាក់ពង្រាយនៅតាមព្រំដែនទឹក ដើម្បីធានាដល់ស្ថិរភាពនៅតាមព្រំដែនសមុទ្រដែលកំពុងតានតឹង ៕

mynmar-border-tensed

ទាហានមីយ៉ាន់ម៉ាដើរល្បាតនៅតាមបន្ទាត់ព្រំដែនជាប់ជាមួយបង់ក្លាដែស នាពេលកន្លងមក


ចែករំលែក៖