ព័ត៌មានទាន់ហេតុការណ៍៖

ពលករ​មួយ​ចំនួន​នៅ​ស្រុក​កំពង់លែង​ចោទ​ក្រុមហ៊ុន​ MC​ Center​ នាំ​ ពលករ​ទៅ​ថៃ​បោកប្រាស់​

ចែករំលែក៖

​ខេត្ដកំពង់ឆ្នាំង​ ៖​ ពលករ​ដែល​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ​ តាម​រយៈ​មជ្ឈមណ្ឌល​ អឹ​ម​ ស៊ី​ សេន​ធឺ​(MC​ Center)​កំពុង​ស្វែង​ រក​អ្នក​ប្រឹក្សា​ផ្លូវច្បាប់​ដើម្បី​ប្ដឹង​ក្រុម​ ហ៊ុន​នេះ​ពី​បទ​ឆបោក​និង​ទាមទារ​ឱ្យ​បញ្ជូន​ ពលករ​៣​នាក់​ត្រឡប់​មក​ស្រុក​កំណើត​ ពួក​គេ​វិញ​ ។​

​ពល​ការិនី​ដែល​រត់​រួច​ពី​ការ​ជួញដូរ​ កម្លាំង​ពលកម្ម​នៅ​ប្រទេស​ថៃ​ អះអាង​ថា​ បាន​ខ្ចីប្រាក់​ពី​ធនាគារ​និង​ចងការ​ប្រាក់​ ឯកជន​ជា​ច្រើន​លាន​រៀល​យក​ទៅ​បង់​ឱ្យ​ ក្រុមហ៊ុន​បញ្ជូន​ពលករ​នេះ​ដើម្បី​មាន​ ឱកាស​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ ។​

​អ្នកស្រី​ ជា​ សុ​ជាតិ​ រស់នៅ​ភូមិ​កំពង់​ បា​ចិន​ ឃុំ​ពោធិ៍​ ស្រុក​កំពង់លែង​ មាន​ ប្រសាសន៍​ថា​ អ្នកស្រី​និង​ប្ដី​ព្រមទាំង​អ្នក​ ភូមិ​៣​នាក់​ទៀត​ត្រូវ​គេ​បង្ខំ​ឱ្យធ្វើ​ការងារ​ក្នុង​រោងចក្រ​ដេរ​កា​រ៉ុ​ង​ក្នុង​មួយ​ថ្ងៃ​១១​ ម៉ោង​ ហើយ​ទទួល​បាន​ប្រាក់​តែ​៨០​បាត​ ស្មើនឹង​ប្រហែល​៨​ពាន់​រៀល​ក្នុង​១​ថ្ងៃ​ ។​ តែ​ក្រុមហ៊ុន​ អឹ​ម​ ស៊ី​ សេន​ធឺ​ សន្យា​ថា​ ពលករ​ម្នាក់​នឹង​ទទួល​បាន​ប្រាក់​៣០០​ បាត​សម្រាប់​ធ្វើការ​៨​ម៉ោង​ក្នុង​១​ថ្ងៃ​នៅ​រោងចក្រ​អេ​ឡិច​ត្រូ​និក​។​ អ្នកស្រី​ថា​ រូប​ គាត់​និង​ប្ដី​បាន​រត់គេច​ពី​ការងារ​បន្ទាប់​ពី​ធ្វើ​បាន​៦​ថ្ងៃ​គឺ​ចាប់ពី​ពេល​ចេញពី​ស្រុក​ ខ្មែរ​ទៅ​នៅ​ដើម​ខែមករា​ឆ្នាំ​២០១៥​ ។​

​អ្នកស្រី​ ម៉ប់​ ញ៉ែ​ប​ ថ្លែង​ថា​ គ្រួសារ​ គាត់​បាន​ខ្ចីប្រាក់​ពី​ធនាគារ​និង​ចងការ​ ប្រាក់​អ្នកស្រុក​បាន​ប្រាក់​សរុប​៥​លាន​៥០​ម៉ឺន​រៀល​យក​ទៅ​បង់​ឱ្យ​ក្រុមហ៊ុន​ដើម្បី​ឱ្យ​កូនស្រី​ម្នាក់​និង​កូនប្រុស​ពីរ​នាក់​បាន​ទៅ​ធ្វើ​ការងារ​ស្របច្បាប់​នៅ​ទឹកដី​ថៃ​ ប៉ុន្ដែ​ ត្រូវ​ភាគី​ក្រុមហ៊ុន​បោកប្រាស់​និង​កំពុង​ រង​ទុក្ខវេទនា​នៅ​ទឹកដី​ថៃ​ហើយ​ប្រាក់​ក៏​ ជំពាក់​គេ​ធ្វើ​ឱ្យ​ជីវភាព​គាត់​កាន់តែ​ដុន​ ដាប​ខ្លាំង​ ។​

​មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ អឹ​ម​ ស៊ី​ សេន​ធឺ​ និង​ជា​ប្រធាន​ផ្នែក​ផ្សព្វ​ ផ្សាយ​ជ្រើសរើស​ពលករ​កញ្ញា​ តាក់​ វ៉ា​ន់​ ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ចោទប្រកាន់​ របស់​ពលករ​បាន​ទេ​នៅ​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ដោយ​ទូរស័ព្ទ​ទាំង​បី​ខ្សែ​របស់​កញ្ញា​មិន​ អាច​ទាក់ទង​បាន​ ៕


ចែករំលែក៖