ភ្នំពេញ ៖ ជនសង្ស័យ ២ នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋវាយម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន ខណៈដែលពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ ហើយបានព្យាយាមជិះគេចខ្លួនក៏ជ្រុលបុកជាមួយនឹងរថយន្តមួយគ្រឿង ហើយបើកុំតែកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ទៅធ្វើការអន្តរាគមន៍ទាន់ពេលវេលាមិនដឹងទៅជាយ៉ាងណានោះទេ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចមុខក្រុមហ៊ុនសែលកាត តាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
នារីរងគ្រោះមានឈ្មោះ ទេស ចរិយា អាយុ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខB3 ផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ រីឯជនសង្ស័យ២នាក់ខាងលើម្នាក់ឈ្មោះ ង៉ែត ចាន់បូលី អាយុ២២ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានស្រុកកំណើតនៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម និងម្នាក់ទៀតឈ្មោះលី ជីមី អាយុ២២ឆ្នាំបច្ចុប្បន្នស្នាក់នៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
នារីរងគ្រោះបានរៀបរាប់ឱ្យដឹងថា នៅមុនពេលកើតហេតុរូបនាងបានជិះម៉ូតូសេ១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខកណ្តាល 1F-8115 ទើបតែចេញពីធ្វើការជិះតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីកើតទីលិច ។ ខណៈមកដល់ចំណុចមុខក្រុមហ៊ុនសែលកាត បានឈប់រួចដកទូរស័ព្ទចេញពីក្នុងកាបូបដើម្បីនិយាយ ភ្លាមៗនោះស្រាប់តែមានជនសង្ស័យ២នាក់ខាងលើ បានជិះម៉ូតូស្ទេបពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BL-3132 មកអែបកៀនក្បែរនឹងរូបខ្លួន ហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទតែម្តង ។
ប្រភពបន្តថា ក្រោយពីធ្វើសកម្មភាពពួកគេបានព្យាយាមជិះគេចខ្លួន ប៉ុន្តែបានប្រមាណជា៥០ម៉ែត្រ ដោយមានការស្លន់ស្លរនិងការស្រែកឆោរឡោឡើងថាចោរៗនោះ គេក៏បានជិះទៅពីក្រោយរថយន្តមួយគ្រឿងបណ្តាលឱ្យដួល ហើយត្រូវបានប្រជាពលរដ្ឋ នាំគ្នាព្រួតវាយម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន ហើយបើកុំតែកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញទៅធ្វើការអន្តរាគមន៍ទាន់ពេលវេលាមិនដឹងទៅជាយ៉ាងណានោះទេ ។
បច្ចុប្បន្នជនសង្ស័យ២នាក់ខាងលើត្រូវបានយកទៅឃុំខ្លួនជាបណ្តោះអាសន្ននៅមូលដ្ឋានកងរាជអាវុធ ហត្ថខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរបន្តនិងកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ ៕