ភ្នំពេញ៖ តូបលក់ដូរសរុបចំនួន ១០តូប របស់អាជីវករក្នុងផ្សារអូរឫស្សី ត្រូវបានរងការខូចខាតដោយសារតែត្រូវបានអគ្គិភ័យឆាប់ឆេះ ដែលសង្ស័យថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) បង្កជាអណ្តាលភ្លើងយ៉ាង សន្ធោសន្ធៅ នាំឱ្យប្រជាពលរដ្ឋនិងអាជីវករដែលមានតូបលក់នៅក្នុងផ្សារទាំងអស់ មានការសន្លន់ស្លោនិងតក់ស្លត់យ៉ាងខ្លាំង តែត្រូវបានការអន្តរាគមន៍ពីរថយន្ត ពន្លត់អគ្គិភ័យបាញ់អស់ចំនួន១ ៨គ្រឿង ដោយចំណាយពេល ១ម៉ោងទើបរលត់ជាស្ថាពរ ។
ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ ចំតូបលក់កណ្តាលផ្សារអូរឫស្សី ស្ថិតក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តការណ៍នេះ មានរថយន្តពន្លត់អគ្គិភ័យចំនួន ១៨គ្រឿង របស់ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញបានទៅដល់ភ្លាមៗនៅកន្លែងកើតហេតុ និង បានប្រើប្រាស់អស់ទាំង ១៨គ្រឿង និង ចំណាយរយៈពេល ១ម៉ោង ទើបអគ្គិភ័យ បានរលត់ជាស្ថាពរ និង មិនមានអ្នករងរបួសនោះទេ ហើយចំពោះទំហំទឹកប្រាក់ នៃការខូចខាតនូវ មិនអាចបញ្ជាក់បាននៅឡើយទេ ៕