ខេត្តកណ្តាល ៖ ក្មេងស្រីអាយុ១១ ឆ្នាំម្នាក់ត្រូវបានបងប្រុសជីដូនមួយចាប់រំលោភរហូតបានសម្រេចបំណង កាលពីវេលាម៉ោង៣និង១០នាទីទាបភ្លឺឈានចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ គ្រាដែលកុមាររី រងគ្រោះកំពុងដេកលក់ក្នុងដំណេកនៅក្រោមផ្ទះឪពុមាឈ្មោះ ណន ណាត ស្ថិតក្នុងភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួន គ្រាដែលកុមាររីរងគ្រោះភ្ញាក់ពីដំណេកឃើញជន សង្ស័យកំពុងធ្វើសកម្មភាពសម្រេចទៅហើយនោះ ។ ទោះបីជាជនសង្ស័យព្យាយាមគេចខ្លួនបាត់មួយយប់យ៉ាងណាក្តី នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ សមត្ថកិច្ចមូលដ្ឋានបាន ឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
លោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាល ស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ណូ សុភាព ហៅប៉ោង ភេទប្រុស ឣាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រីឯក្មេងស្រីរងគ្រោះឈ្មោះ ព ពស អាយុ១១ឆ្នាំ ជាសិស្ស ។ ជនសង្ស័យនិងជនរងគ្រោះត្រូវ ជាបងប្អូនជីដូនមួយនឹងគ្នាមានទីលំនៅក្នុងភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។
លោកអធិការបានបន្តថា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅនៅផ្ទះរបស់ឈ្មោះ ណន ណាត ដែលត្រូវជាឪពុកមាក្មេងស្រីរងគ្រោះមានរៀបចំពិធីបុណ្យខួប៨ឆ្នាំ ហើយក្មេងស្រីរងគ្រោះ និងយុវជនសង្ស័យ ដែលជាក្មួយរបស់ឈ្មោះ ណន ណាត បានទៅចូលរួមបម្រើភ្ញៀវ និងរាំលេងកំសាន្តផងដែរ ។
ក្រោយពីបំរើភ្ញៀវនិងរាំលេងកំសាន្តចប់ហើយនោះ ក្មេងស្រីរងគ្រោះមិនបានត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនទេ ពោលគឺបាននៅដេកលើគ្រែក្រោមផ្ទះឪពុកមាជាមួយប្អូនៗជីដូនមួយ២នាក់ទៀត ។ ដោយឡែកជនសង្ស័យពុំដឹងថាទៅណានោះទេ រហូតដល់វេលាម៉ោងកើតហេតុខាងលើជនសង្ស័យក៏បានលបលួចឡើងទៅលើគ្រែរបស់ក្មេងស្រីរងគ្រោះ ហើយក៏បានធ្វើសកម្មភាពចាប់ស្រាតខោក្នុងរបស់ក្មេងស្រីរងគ្រោះ ហើយធ្វើសកម្មភាពរំលោភរហូតសម្រេច ខណៈដែលក្មេងស្រីរងគ្រោះដេកលង់លក់ក្នុងដំណេក ។
លោកវរសេនីយ៍ទោ សេង សុជាតិ បានបន្តទៀតថា ពេលជនសង្ស័យកំពុងធ្វើសកម្មភាពនោះក្មេងស្រីរងគ្រោះបានភ្ញាក់ពីដំណេកក៏ស្រែយំបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាទាបភ្លឺ ។ បន្ទាប់ពីមានហេតុការណ៍កើតឡើងជនសង្ស័យបានគេចខ្លួនទៅផ្ទះបាត់ ហើយក្រុមគ្រួសារសាច់ញាតិជនរងគ្រោះក៏ពុំបានឆោឡោតាមចាប់ខ្លួនជនសង្ស័យដែរ ពោលគឺរង់ចាំឲ្យកម្មវិធីបុណ្យចប់សព្វគ្រប់សិន ។
ក្រោយពីពិធីបុណ្យបានបញ្ចប់នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ រួចមកនៅវេលាម៉ោង១និង៣០នាទីនាទីរសៀល ថ្ងៃខែឆ្នាំដដែល ម្តាយក្មេងស្រីរងគ្រោះបានយកវត្ថុតាង សំពត់កូនស្រី ដែលមានប្រលាក់ទឹកកាមជនសង្ស័យដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាល មូលដ្ឋានឲ្យជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់ ។
នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៥ កម្លាំងនគរបាលជំនាញយុត្តិធម៌នៃអធិការដ្ឋាននគរ បាលស្រុកកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមច្បាប់ ៕