ខេត្ដកំពង់ឆ្នាំង ៖ បុរសម្នាក់បាន ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីត្រូវគូបដិបក្ខយកដែកឆាបចាក់ត្រូវ ក្នុងជម្លោះពាក្យសម្ដីពេលរាំធុងបាស់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត១១យប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុងភូមិអូរសណ្ដាន់ចាស់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។
ជនរងគ្រោះក្នុងហេតុការណ៍វាយកាប់ ចាក់គ្នានេះឈ្មោះគល់ យ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មានប្រពន្ធឈ្មោះយ៉ង់ ហុង អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិគោក ស្ដៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្ដ កំពង់ឆ្នាំង។ ជនរងគ្រោះត្រូវគូជម្លោះ យកដែកឆាបមុខ៣ចាក់ត្រូវចំគល់ដោះខាងឆ្វេងជម្រៅ៣សង់ទីម៉ែត្របណ្ដាលឱ្យប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុតែម្ដង ។ ដោយឡែក ជនដៃដល់ឈ្មោះម៉ាង រី ហៅពៅ ភេទ ប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិ -ឃុំកើតហេតុខាងលើត្រូវសមត្ថកិច្ច ចាប់បាន ។
ប្រជាពលរដ្ឋស្ថិតនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅក្នុងយប់កើតហេតុនោះ មានក្រុមស្ទាវចំនួន២ក្រុមបានទៅលេងរាំធុងបាស់ នៅក្នុងភូមិអូរសណ្ដាន់ចាស់ ហើយបានប៉ះទង្គិចពាក្យសម្ដីគ្នាក្នុង ពេលរាំវង់។ បន្ទាប់ពីឌឺដងសម្ដីដាក់គ្នា ហើយក្រុមស្ទាវទាំង២ក្រុមបានស្ទុះវាយកាប់ចាក់គ្នាដោយពេលនោះជនដៃដល់ បានហូតដែកឆាបមកចាក់ទៅលើជនរងគ្រោះក្រោមដោះបណ្ដាលឱ្យប្រកាច់ ស្លាប់ភ្លាមៗតែម្ដង ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះទៅពិនិត្យសាកសពនិងបានឈានទៅកំណត់មុខសញ្ញាជនដៃដល់។ នៅថ្ងៃទី ៧ ខែកុម្ភៈ សមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យឈ្មោះ ម៉ាង រី ហៅពៅ ដើម្បី កសាងសំណុំរឿងបញ្ជូនខ្លួនមកកាន់ស្នង ការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំងចាត់ ការបន្ដតាមនីតិវិធី ៕