ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​ដែល​និយាយ​ថា​ប្រើ​ភ្លើង​អស់​ច្រើន​ខែ​មុន​ជា​ក្រុមប្រឆាំង​ផ្កាប់មុខ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ក្រុម​មន្ដ្រី​អគ្គិសនី​កម្ពុជា​ និយាយ​ថា​ អ្នក​ដែល​និយាយ​ឬ​ញុះញង់​ក៏​ ដូច​ជា​ប្រើ​ពាក្យពេចន៍​មួយ​ចំនួន​នៅ​ក្នុង​ បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ការ​ប្រើ​ ប្រាស់​ចរន្ដអគ្គិសនី​អស់​លុយ​ច្រើន​ក្នុង​ អំឡុង​ខែមិថុនា​កន្លង​ទៅ​នោះ​គឺជា​ក្រុម​ ប្រឆាំង​គឺ​ប្រឆាំង​ផ្កាប់មុខ​ ។​ ការ​លើក​ ឡើង​យ៉ាង​ដូច្នេះ​នៅ​គ្រា​ដែល​ប្រជា​ពល​ រដ្ឋ​នៅ​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ធំ​បន្ដ​ ជជែក​គ្នា​អំពី​បញ្ហា​នៃ​ការ​ប្រើប្រាស់​ភ្លើង​ អស់​លុយ​ច្រើន​កាលពី​ខែ​មុន​ ។​

​ជា​ថ្មី​ម្ដងទៀត​រដ្ឋមន្ដ្រីក្រសួង​រ៉ែ​ និង​ ថាមពល​លោក​ ស៊ុ​យ​ សែ​ម​ បើ​ទោះបី​ ជា​មិន​អះអាង​ជា​ចំហ​ក៏​ដោយ​ក៏​លោក​ មាន​ប្រសាសន៍​ដោយ​ប្រយោល​កាលពី​ ពេល​ថ្មីៗ​នេះ​ពាក់ព័ន្ធ​នឹង​ការ​រអ៊ូរទាំ​របស់​ ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ ភ្លើង​អស់​លុយ​ច្រើន​ ។​ ជាមួយនឹង​ផែន​ ការ​រឹត​បន្ដឹង​ចំពោះ​មន្ដ្រី​អគ្គិសនី​កម្ពុជា​ ដែល​ធ្វើការ​មិន​យកចិត្ដទុកដាក់​ចំពោះ​ការងារ​ឬ​បណ្ដែតបណ្ដោយ​ក្នុង​ការ​កត់​ លេខ​កុង​ទ័​រ​ភ្លើង​បណ្ដាល​ឱ្យ​ខុស​យ៉ាងណា​ នោះ​លោក​រដ្ឋមន្ដ្រី​ ស៊ុ​យ​ សែ​ម​ មើល​ ឃើញ​ថា​ ការ​លើក​ឡើង​អំពី​បញ្ហា​ប្រើ​ ភ្លើង​អស់​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​ មួយ​ចំនួន​ណា​នោះ​ហាក់ដូចជា​មិន​ពិត​ នោះ​ឡើយ​ ។​ មិនតែប៉ុណ្ណោះ​ការ​លើក​ ឡើង​អំពី​បញ្ហា​នេះ​ហាក់​មាន​ចេតនា​ធ្វើ​ឱ្យ​មាន​ បញ្ហា​ដល់​អគ្គិសនី​កម្ពុជា​ ។​

​សម្រាប់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ ភ្នំពេញ​ប្រាកដ​ណាស់​ថា​ ការ​ប្រើប្រាស់​ ភ្លើងអគ្គិសនី​របស់​ក្រុមហ៊ុន​អគ្គិសនី​ កម្ពុជា​ពិតជា​អស់ប្រាក់​ច្រើន​ខុសធម្មតា​ អំឡុង​ខែមិថុនា​កន្លង​ទៅ​ ។​ ប្រជាពលរដ្ឋ​ ដែល​ធ្លាប់​ប្រើប្រាស់​ភ្លើង​ចំណាយ​ប្រាក់​ ប្រហែល​២០​ម៉ឺន​រៀល​ បាន​កើនឡើង​ រហូត​ដល់​ជាង​៣០​ម៉ឺន​រៀល​ ។​ មិន​តែ​ ប៉ុណ្ណោះ​អ្នក​ដែល​មាន​លំនៅ​ឋាន​នៅ​ តាម​បណ្ដា​ “​បុរី​”​ ការ​ប្រើប្រាស់​ភ្លើង​ កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រង្វង់​ខែ​ ឧសភា​ និង​ខែមិថុនា​កន្លង​ទៅ​ ។​ លំនៅ​ ឋាន​ខ្លះ​ដែល​ធ្លាប់តែ​ចំណាយ​២០​ម៉ឺន​ រៀល​ ដែល​ម្ចាស់​គ្រាន់តែ​មក​ដេក​នៅ​ ពេល​យប់​នៅ​ខែ​កន្លង​ទៅ​នោះ​ត្រូវ​ចំណាយ​ រហូត​ដល់​៧០​ម៉ឺន​រៀល​ ។​

​មន្ដ្រី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​មិន​ យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​របស់​ ប្រជាពលរដ្ឋ​នោះ​ទេ​ ហើយ​ថា​មិន​មាន​ លំនៅ​ឋាន​ប្រជាពលរដ្ឋ​ណា​ចំណាយ​ប្រាក់​ អស់​ច្រើន​ខុស​ប្រក្រតី​នោះ​ឡើយ​ ។​ ប៉ុន្ដែ​ ទទួលស្គាល់​ថា​ ការ​ប្រើប្រាស់​ភ្លើង​នៅ​ តាម​លំនៅ​ឋាន​នីមួយៗ​កើនឡើង​ព្រោះ​ តែ​ជា​រដូវក្ដៅ​ ។​

​សម្រាប់​ប្រជាពលរដ្ឋ​ការ​ចំណាយ​ ទៅ​លើ​ការ​ប្រើប្រាស់​ភ្លើង​ឡើង​ខុស​ប្រក្រតី​ ទើប​ប្រជាពលរដ្ឋ​មាន​ប្រតិកម្ម​ ។​ វា​ខុស​ ពី​ធម្មតា​ដែល​ប្រការ​នេះ​ទើប​ធ្វើ​ឱ្យ​មាន​ ការ​ជជែក​គ្នា​នៅ​ក្នុង​ចំណោម​ប្រជា​ពល​ រដ្ឋ​ ។​ ផ្ទុយ​ទៅ​វិញ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ បែរជា​យល់​ថា​ បណ្ដាជន​ដែល​លើក​ ឡើង​ពី​បញ្ហា​ភ្លើង​ឡើង​ច្រើន​គីឡូ​គឺជា​ ចេតនា​នៃ​ក្រុមប្រឆាំង​ដែល​ចង់​ធ្វើ​ឱ្យ​ សង្គម​វឹកវរ​ ឬ​កើត​ចលាចល​ ។​

​លោក​ សេក​ សម្បត្ដិ​ ជា​មន្ដ្រីរាជការ​ រស់នៅ​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​បាន​ និយាយ​ថា​ “​ខ្ញុំ​ស្បថ​ ភ្លើង​ផ្ទះ​ខ្ញុំ​ប្រើ​អស់​ ច្រើន​មែន​កាលពី​ខែ​មុន​,​ គ្មាន​ប្រយោជន៍​ ទេ​ដែល​ខ្ញុំ​ត្រូវ​អួត​ពី​ការ​ប្រើ​ភ្លើង​អស់​ លុយ​ច្រើន​,​ ខ្ញុំ​គ្រាន់តែ​ឆ្ងល់​,​ ខ្ញុំ​គ្មាន​ពេល​ ប្ដឹងផ្ដល់​អី​ទេ​”​ ។​ ក្នុង​នាម​មន្ដ្រីរាជការ​ លោក​សម្បត្ដិ​ បាន​អះអាង​ថា​ ការ​ចំណាយ​ ទៅ​លើ​ការ​ប្រើប្រាស់​ភ្លើង​កាលពី​ខែ​មុន​ បាន​កើនឡើង​មិនមែន​តែ​ផ្ទះ​លោក​នោះ​ ទេ​ ។​ ផ្ទះ​អ្នក​ជិតខាង​ផ្សេង​ទៀត​ក៏​ឮ​គេ​ និយាយ​រអ៊ូរទាំ​ដូច​គ្នា​នេះ​ដែរ​ ។​

​មិនមែន​តែ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ ទឹកថ្លា​ម្នាក់​នេះ​ទេ​ដែល​និយាយ​អំពី​បញ្ហា​ ភ្លើង​ដែល​បាន​កើតឡើង​កាលពី​ខែ​មុន​ ។​ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ម្ដុំ​បុរី​កីឡា​ លោក​ អ៊ី​ង​ អេ​ន​ ដែល​ជា​អ្នក​រកស៊ី​គួ​ក​ ជេ​ម៉ូតូ​បាន​សួរ​ត្រឡប់​មក​អ្នកកាសែត​ វិញ​ថា​ “​ផ្ទះ​បង​ឯង​ប្រើ​ភ្លើង​អស់​លុយ​ ច្រើន​ទេ​ខែ​មុន​?”​ ។​ លោក​បាន​ស្ដីបន្ទោស​ ភរិយា​អំពី​ការ​ដែល​មិន​ចេះ​សន្សំ​សំចៃ​ ភ្លើង​ព្រោះ​ជា​ធម្មតា​នៅ​រដូវក្ដៅ​លោក​ ថា​ ភ្លើង​ស៊ី​បន្ដិច​ហើយ​ ។​ លោក​ អ៊ី​ង​ អេ​ន​ ឆ្លើយ​តប​ដោយ​លើក​សម្ដី​របស់​ភរិយា​ គាត់​ប្រាប់​មក​វិញ​ថា​ “​សូ​ម្បី​តែ​ហូប​បាយ​ ពេល​ល្ងាច​ក៏​មិន​ចង់​បើកភ្លើង​ផង​”​ ។​

​នរណាៗ​ក៏​និយាយ​ពី​រឿង​ភ្លើង​ដែរ​ ក្នុង​ រង្វង់​ខែឧសភា​ និង​ខែមិថុនា​កន្លង​ទៅ​ ។​

​នៅ​ឯ​តំបន់​ជាយក្រុង​ក្នុង​សង្កាត់​ភ្នំ​ ពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ក៏​ដូច​សង្កាត់​ និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ តំបន់​ដែល​ទើប​ តែ​មានការ​អភិវឌ្ឍ​ខ្លាំង​ ប៉ុន្ដែ​ភ្លើង​បាន​ ដាច់​ញឹក​ ។​ សម្រាប់​អ្នក​ដែល​ប្រើប្រាស់​ ភ្លើង​នៅ​ទីនោះ​ក៏​មិន​ខុស​ពី​អ្នក​នៅ​កណ្ដាល​ ទីក្រុង​ដែរ​ ។​ ពួក​គាត់​បាន​រអ៊ូរទាំ​អំពី​ការ​ ចំណាយ​ក្នុង​ការ​ប្រើប្រាស់​ភ្លើង​អំឡុង​ខែ​ ឧសភា​ និង​ខែមិថុនា​កន្លង​ទៅ​ថា​ មានការ​ កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ។​

​មន្ដ្រី​សាលា​រាជធានី​ភ្នំពេញ​មួយ​រូប​ បាន​អះអាង​ក្នុង​លក្ខខណ្ឌ​មិន​ឱ្យ​បញ្ចេញ​ ឈ្មោះ​ថា​ អគ្គិសនី​កម្ពុជា​ត្រូវ​ទទួលស្គាល់​ ការ​ពិត​ថា​ ខែ​មុន​ភ្លើង​ដាច់​ច្រើន​ ហើយ​ អ្នក​ប្រើប្រាស់​រអ៊ូរទាំ​អំពី​ការ​ចំណាយ​ ថវិកា​ច្រើន​ទៅ​លើ​បញ្ហា​ភ្លើង​ ។​ លោក​ ថា​ សាលា​រាជធានី​ភ្នំពេញ​បាន​ទទួល​ ព័ត៌មាន​ស្ដី​អំពី​អ្វី​ដែល​ប្រជាពលរដ្ឋ​លើក​ ឡើង​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ភ្លើង​ ប៉ុន្ដែ​ “​វា​មិនមែន​ជា​បញ្ហា​ដែល​សាលាក្រុង​ ត្រូវ​ដោះស្រាយ​ទេ​”​ ។​ មន្ដ្រី​រូប​នេះ​និយាយ​ ថា​ ត្រូវ​ទទួលស្គាល់​ការ​ពិត​ មិនមែន​អ្វីៗ​ ចេះ​តែ​បដិសេធ​នោះ​ទេ​ ។​

​អគ្គិសនី​កម្ពុជា​ហាក់ដូចជា​អេះ​មិន​ ចំ​រមាស់​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អស់​ មន្ទិល​សង្ស័យ​នោះ​ឡើយ​ ។​ អ្វី​ដែល​ជា​ ការ​បដិសេធ​ ហើយ​ព្យាយាម​ទម្លាក់​បញ្ហា​ ទៅ​លើ​អ្នក​ដទៃ​មិនមែន​ជា​ដំណោះស្រាយ​ ទេ​ ។​ អ្វី​ដែល​ជា​ដំណោះស្រាយ​គឺ​យក​ បញ្ហា​មក​ដាក់​លើ​តុ​ ហើយ​រួម​គ្នា​ដោះ​ ស្រាយ​ ។​ ការ​ព្រម​ទទួលស្គាល់​ថា​ មាន​ បញ្ហា​ ហើយ​ឆាប់​ដោះស្រាយ​ ទើប​អាច​ ដោះស្រាយ​បញ្ហា​នោះ​បាន​ ។​ ការ​ព្រម​ ទទួលស្គាល់​ការ​ពិត​ ឬ​ស្គាល់​កំហុស​ទើប​ អាច​ដោះស្រាយ​បញ្ហា​បាន​ ។​

​ករណី​ខាងលើ​អគ្គិសនី​កម្ពុជា​មិន​ ទទួលស្គាល់​ថា​ មាន​បញ្ហា​ដូចដែល​ប្រជា​ ពលរដ្ឋ​លើក​ឡើង​ហើយ​ថែម​ទាំង​លាភ​ពណ៌​ដល់​ប្រជាពលរដ្ឋ​ថា​ ជា​អ្នកប្រឆាំង​ ផ្កាប់មុខ​ថែម​ទៀត​ផង​ ។​ ប្រការ​នេះ​គឺ​ គ្មាន​ដំណោះស្រាយ​ទេ​សម្រាប់​បញ្ហា​ អគ្គិសនី​ដែល​មាន​ភាព​មិន​ប្រក្រតី​នៅ​ តាម​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ ។​ មាន​តែ​ មន្ដ្រី​អគ្គិសនី​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ អាជ្ញាធរ​អគ្គិសនី​មើលឃើញ​ថា​មាន​ កំហុស​ដូច​ជា​ការ​កត់​លេខ​កុង​ទ័​រ​មិន​ ត្រឹមត្រូវ​ជាដើម​ ។​

​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ ថ្នាក់​ ដឹកនាំ​គួរតែ​ដឹង​ហើយ​ថា​ គ្មាន​ឱកាស​នឹង​ ទៅ​តវ៉ា​រឿង​ភ្លើង​នោះ​ទេ​ ។​ អាជ្ញាធរ​អគ្គិ​ ស​នី​កម្ពុជា​ក៏​ដឹង​ពី​ចរិត​ប្រជាពលរដ្ឋ​ខ្មែរ​ នោះ​ដែរ​ គឺ​បាន​ត្រឹមតែ​អង្គុយ​ជជែក​គ្នា​ វ៉ែ​តាម​តូប​កាហ្វេ​ប៉ុណ្ណោះ​ ។​ ប៉ុន្ដែ​ការ​ ជជែក​គ្នា​តាម​តូប​កាហ្វេ​ ឬ​ហៅ​ថា​ តេ​អូ​វល្លិ​អណ្ដើក​នេះ​គឺ​សាយភាយ​លឿន​ រហ័ស​ណាស់​ ។​

​ទីបំផុត​ទៅ​គឺ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ ឯណោះ​ទេ​ដែល​មាន​កំហុស​ ។​ រីឯ​អាជ្ញាធរ​ អគ្គិសនី​កម្ពុជា​អត់​មាន​ខុស​អ្វី​បន្ដិច​សោះ​៕​ ហេង​ សូ​រិ​យា​

Wat-160116


ចែករំលែក៖