ព័ត៌មានទាន់ហេតុការណ៍៖

លាក់​កាំភ្លើង​ក្នុង​ព្រៃ​ទុក​បាញ់​សត្វព្រៃ​ ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស​ឃាត់ខ្លួន​ ​

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង​ ៖​ បុរស​២​នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន​ ជាមួយនឹង​កាំភ្លើង​វែង​មួយ​ដើម​ ខណៈ​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​លាក់​ទុក​អាវុធ​ខុសច្បាប់​ដើម្បី​ប្រមាញ់​សត្វព្រៃ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ។​ ជនសង្ស័យ​ទាំង​២​នាក់​នេះ​បាន​ឃាត់ខ្លួន​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​អូរ​ត្រកួន​ ឃុំ​ក្រាំង​ស្គារ​ ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ជនសង្ស័យ​ទាំង​២​នាក់​នេះ​ម្នាក់​ឈ្មោះ​ឃុន​ វ៉ុ​ន​ ហៅ​អា​គក​ អាយុ​២៩​ឆ្នាំ​ និង​ ម្នាក់​ទៀត​ឈ្មោះ​ឈួ​ន​ ឈៀង​ អាយុ​៣០​ឆ្នាំ​ ពួក​គេ​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ខាងលើ​ ។​

​ប៉ូ​លី​ស​បានអោយ​ដឹង​ទៀត​ថា​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ស្តី​ពី​សកម្មភាព​ជា​ប្រចាំ​របស់​ជនសង្ស័យ​ ក្នុង​ការ​ប្រ​ម៉ា​ញ់​សត្វព្រៃ​ ដោយ​បាន​យក​កាំភ្លើង​ទៅ​បាញ់​សម្លាប់សត្វ​នៅ​ក្នុង​ព្រៃ​ ។​ បន្ទាប់​ពី​ទទួល​ បាន​នូវ​ព័ត៌មាន​នេះ​ កម្លាំង​នគរបាល​ស្រុក​ទឹកផុស​បាន​ស្រាវជ្រាវ​ និង​បាន​ឈាន​ទៅ​ឃាត់​ ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​បាន​ ។​

​បន្ទាប់​ពី​ការ​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​បានអោយ​ជនសង្ស័យ​នាំ​ទៅ​យក​កាំភ្លើង​ដែល​ជនសង្ស័យ​បាន​លាក់​ទុក​ដើម្បី​បាញ់​សត្វព្រៃ​ តាម​ការ​បង្ហាញ​របស់​ជនសង្ស័យ​សមត្ថកិច្ច​រក​ឃើញ​អាវុធ​ធន់​ CKC​ និង​ គ្រាប់​ចំនួន​៥​គ្រាប់​ដែល​ជនសង្ស័យ​លាក់​ទុក​នៅ​លើ​ខ្នងភ្នំ​សម្រាប់​ប្រើប្រាស់​បាញ់​សត្វព្រៃ​យក​មក​លក់​អោយ​ឈ្មួញ​ និង​ នៅ​តាម​ភោជនីយដ្ឋាន​នានា​។​

​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​គេ​បញ្ជូន​ មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ហើយ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែកក្កដា​នេះ​ ដើម្បី​សាកសួ​យក​ចម្លើយ​បន្ថែម​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​កាន់​តុលាកា​ចាត់ការ​បន្ត​ទៅ​តាម​និ​តិ​វិធី​ ៕​ ច​ន្ថា​

chantha (4)

chantha (3)

chantha (2)

chantha (1)

chantha

chantha (5)


ចែករំលែក៖