ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់​មិន​ទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម​១៥​គ្រាប់​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ពញាក្រែក​

ចែករំលែក៖

​ខេត្ត​ត្បូងឃ្មុំ​ ៖​ គ្រាប់​មិន​ទាន់​ផ្ទុះ​ ប្រភេទ​M79​ និង​ប្រភេទ​105​មិល្លីម៉ែត្រ​ ១៥​គ្រាប់​ ដែល​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាម​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ ក្នុងភូមិ​ចំនួន​ពីរ​ គឺ​ភូមិ​ព្រៃ​ទទឹង​ និង​ភូមិ​បុស​ល្វេ​ ឃុំ​ក្រែក​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា​ កន្លង​ទៅ​ថ្មីៗ​នេះ​ មាន​ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ​ ម៉ី​ យ៉ាង​ អាយុ​៧០​ឆ្នាំ​ នៅ​ភូមិ​បុស​ល្វេ​ បាន​ជីករណ្តៅ​ដី​នៅ​ខាងក្រោយ​ផ្ទះ​យក​ដី​មក​ចាក់​ខាងក្រោម​ផ្ទះ​ឈើ​ ស្រប​ពេល​ដែល​ជីក​ដល់​ជម្រៅ​ជាង​១​ម៉ែត្រ​ ក៏​ប្រទះ​ឃើញ​គ្រាប់​ប្រភេទ​105​មិល្លីម៉ែត្រ​ កប់​នៅ​ក្នុង​ដី​មាន​ចំនួន​១០​គ្រាប់​ ។​

​សមត្ថកិច្ច​ បន្ត​ថា​ ក្រោយ​ពី​បាន​ប្រទះ​ឃើញ​គ្រាប់​ច្រើន​បែប​នេះ​ ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន​ ជា​បន្ទាន់​ ហើយ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ក៏​បាន​ហ៊ុម​ព័ទ្ធ​មិន​ឲ្យ​អ្នក​ណា​ចូល​ទៅ​ប៉ះពាល់​គ្រាប់​ទាំងនោះ​ទេ​ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ។​

​ចំណែក​ នៅ​ភូមិ​បុស​ល្វេ​ ឃុំ​ក្រែក​ នៅ​ត្រង់​ព្រំ​ដី​របស់​អ្នក​ភូមិ​ក៏​បាន​ប្រទះ​ឃើញ​គ្រាប់​M79​ ចំនួន​៥​គ្រាប់​ទៀត​ ដែល​មិន​ទាន់​ផ្ទុះ​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​ដាក់​ស្លាក​សញ្ញា​ហាម​កុំ​ឲ​ប៉ះពាល់​គ្រាប់​ ។​

​ជាមួយ​និង​ការ​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ខាងលើ​នេះ​ដែរ​អាជ្ញាធរ​និង​សម្មត្ថកិច្ច​ជំនាញ​កំពុង​ត្រៀម​ប្រគល់​ឲ្យ​ទៅ​អង្គការ​ស៊ី​ម៉ាក​យក​ទៅ​កម្ទេច​ចោល​ផង​ដែរ​ ៕​ វ​ណ្ណះ​
kcham


ចែករំលែក៖