ខេត្តកំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី 14 ខែសីហា ឆ្នាំ 2015 ក្រុមអ្នកបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងមន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក អៀ ពិសិដ្ឋ ប្រធានមន្ទីរ បានចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផលក្នុងខេត្តកំពង់ស្ពឺ ។
លោក អៀ ពិសិដ្ឋ បានឱ្យដឹងថា មកដល់ពេលនេះ ការងារបង្កបង្កើនផលស្រូវវស្សារបស់បងប្អូនប្រជាកសិករនៅទូទាំងខេត្ត សម្រេចបានចំនួន 32.672ហិកតា ស្មើនឹង 28,76ភាគរយ នៃផែនការ 113.600ហិកតា បើប្រៀបធៀបនឹងឆ្នាំ 2014 គឺលឿនជាងចំនួន 15,56ភាគរយ ។ ទោះជាយ៉ាងនេះក្តី ក៏តំបន់មួយចំនួនតូច នៅតែត្រូវការទឹកសម្រាប់ការងារបង្កបង្កើនផល។ យោងលើស្ថានភាពជាក់ស្តែង ឯកឧត្តមរដ្ឋមន្ត្រី បានចាត់អ្នកបច្ចេកទេសរបស់ក្រសួង មកសហការជាមួយមន្ទីរ ដើម្បីដោះស្រាយទឹកទៅតំបន់ដែលនៅមានតម្រូវការទឹកនោះ ។
លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ការងារចាំបាច់ដែលយើងត្រូវអនុវត្តនាពេលនេះ មានដូចជា៖ ទី1. ពិនិត្យលើស្ថានភាពជាក់ស្តែង និងបង្វែរទឹកពីស្ទឹងព្រែកត្នោត ទៅកាន់តំបន់ដែលមានតម្រូវការទឹក។ ទី2. បង្កើនការបង្វែរធារទឹកទៅកាន់ទន្លេបាទី ។
លោក ឈា ប៊ុនរិទ្ធ បានបន្ថែមថា ការងារនេះយើងបានអនុវត្តប្រមាណ ១០ថ្ងៃកន្លងមកហើយ តាមរយៈស្ទឹងព្រែកត្នោតទៅទំនប់៧មករា រួចទម្លាក់តាមស្ទឹងតូចទៅកាន់ទន្លេបាទី។ មកដល់ថ្ងៃនេះ ដោយស្ថានភាពធារទឹកនៅក្នុងស្ទឹងព្រែកត្នោត បានកើនឡើងជាងមុន ដូចនេះក្រុមការងារបានបើកបង្វែទឹកតាមប្រឡាយមេរលាំងជ្រៃខាងជើង ០១ខ្សែទៀត ដើម្បីឱ្យបរិមាណទឹកហូរចូលទន្លេបាទីបានកាន់តែច្រើនជាងមុន ។
លោកបន្តថា គោលដៅចំបងរបស់យើងគឺបញ្ជូនទឹកមួយផ្នែកទៅជូនដល់ប្រជាកសិករ សម្រាប់ប្រកបរបបកសិកម្មនៅតាមប្រព័ន្ធធារាសាស្ត្រនានា និងមួយផ្នែកទៀតបញ្ជូនទៅស្តុកទុកនៅក្នុងទន្លេបាទី សម្រាប់ប្រើប្រាស់នាថ្ងៃខាងមុខ ៕