ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាពង្រឹងសន្តិសុខនៅមុនពិធីខួបអនុស្សាវរីយ៍ ថ្ងៃទទួលឯករាជ្យ

ចែករំលែក៖

រដ្ឋាភិបាលប្រទេសឥណ្ឌាបានពង្រឹងការត្រួតពិនិត្យសន្តិសុខយ៉ាងតឹងរ៉ឹងជាទីបំផុត ខណៈជិតឈានចូលដល់ថ្ងៃប្រារព្ធពិធីបុណ្យឯករាជ្យដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៥ ខែសីហា នោះ ។ អគារពាណិជ្ជកម្ម និងអគាររដ្ឋាភិបាលសំខាន់ៗនានាត្រូវចាត់ទុកឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យសន្តិសុខយ៉ាងតឹងរ៉ឹង ក្នុងនោះមានដូចជានៅតាមទីតាំងអាកាសយានដ្ឋាន ស្ថានីយអយស្ម័យយាន រោងមហោស្រព និងផ្សារទំនើបជាដើមក៏ស្ថិតក្រោមការត្រួតពិនិត្យសន្តិសុខយ៉ាងយកចិត្តទុកដាក់ផងដែរពីសំណាក់កងកម្លាំងសន្តិសុខ ។

សកម្មភាពរបស់កម្លាំងសន្តិសុខរដ្ឋាភិបាលពេលនេះកើតឡើង ក៏ដោយសារតែកាលពីពេលថ្មីៗនេះមានការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមឧទ្ទាម ហើយដែលគេជឿជាក់ថា ជាក្រុមភេរវកម្មដែលមានមូលដ្ឋាននៅក្នុងទឹកដីប៉ាគីស្ថាន គឺជាក្រុមដែលមានឈ្មោះថា Lashkar-e-Taiba ។ ក្រុមនេះត្រូវរដ្ឋាភិបាលឥណ្ឌាដាក់ការសង្ស័យថា បានធ្វើសកម្មភាពវាយប្រហារនៅភាគខាងជើងតំបន់ Punjab និង Kashmir ។

សន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែនក៏មានការរឹតបន្តឹងផងដែរ ។ កម្លាំងកងទ័ពប្រមាណ៥ម៉ឺននាក់បន្ថែមទៀតត្រូវបញ្ជូនទៅកាន់ព្រំដែន និងដាក់ពង្រាយដើម្បីការពារសន្តិសុខនៅតាមព្រំដែនអន្តរាជាតិ កុំឲ្យមានការប៉ុនប៉ងវាយប្រហារណាមួយសម្រេចគោលដៅ ។

មេទាហានជាន់ខ្ពស់ឥណ្ឌា លោក Mukesh Kumar Meera បានថ្លែងថា សកម្មភាពគំរាមកំហែងសន្តិសុខតែងតែកើតមានឡើងជានិច្ចអំឡុងថ្ងៃប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ដូច្នេះយើត្រូវតែចាត់វិធានការការពារ និងប្រឆាំងក្រុមភេរវកម្ម យើងត្រូវតែចាត់ការចំពោះពួកគេ ។ កម្លាំងរបស់យើងត្រៀមរួចរាល់ហើយក្នុងសកម្មភាពទប់ស្កាត់ និងឆ្លើយតបចំពោះការវាយប្រហារណាមួយពីពួកឧទ្ទាម ។

ភ្នាក់ងារស៊ើបការណ៍សម្ងាត់បានព្រមានឲ្យដឹងពីការគំរាមកំហែងកើនឡើងពីសំណាក់ក្រុមរដ្ឋអិស្លាមទៅលើប្រទេសឥណ្ឌាផងដែរ ។ ការគ្រវីទង់ជាតិរបស់ក្រុមរដ្ឋអិស្លាមដោយជនមិនស្គាល់អត្តសញ្ញាណនៅក្នុងតំបន់កាស្មៀរកំពុងតែក្លាយជារឿងធម្មតាទៅហើយ ហើយវាជាវត្តមាននៃការគំរាមកំហែងដែលមានទំហំធំធេងទាក់ទងទៅដល់រដ្ឋាភិបាលឥណ្ឌាទាំងមូល ។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃឥណ្ឌា លោក Kiren Rijiju បានថ្លែងថា នៅទូទាំងរដ្ឋ Jummu និង Kashmir គឺធ្វើយ៉ាងណាត្រូវតែធានាដល់សន្តិសុខ សុវត្ថិភាព ។ ក្រសួងមហាផ្ទៃនឹងឆ្លើយតបតាមតម្រូវការប្រសិនបើមានបញ្ហាកើតឡើង ។

បើទោះបីជាមានការរៀបចំពិធីបុណ្យឯករាជ្យដែលធ្វើឡើងនៅទូទាំងប្រទេសក៏ដោយ ប៉ុន្តែបញ្ហាសន្តិសុខនៅតែជាក្តីកង្វល់និងព្រួយបារម្ភដដែលចំពោះលទ្ធភាពនៃការជ្រៀតចូល និងធ្វើសកម្មភាពវាយប្រហារ ។ ទោះជាបែបនេះក៏ដោយ ក្រុមសន្តិសុខបានធានាមានការរៀបចំប្រុងប្រៀបយ៉ាងយកចិត្តទុកដាក់ មិនឲ្យមានការធ្លោយនោះទេ នៅក្នុងសកម្មភាពប្រឆាំងហេតុការណ៍អាក្រក់កើតឡើង ៕

india-independence-day

Delhi-Police_Reuters


ចែករំលែក៖