ព័ត៌មានទាន់ហេតុការណ៍៖

​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ក្មេង​ស្រី​ខ្មែរ​តូចៗ​៨​នាក់​ដើរ​សុំទាន​ និង​លក់​ផ្កា​នៅ​ក្នុង​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ ក្មេង​ស្រី​កូន​ខ្មែរ​តូចៗ​ចំនួន​៨​នាក់​ត្រូវ​គេ​ប្រើប្រាស់​ កេង​កម្លាំង​ពលកម្ម​ឱ្យ​ដើរ​សុំទាន​និង​លក់​ផ្កា​នៅ​ក្នុង​ប្រទេស​ថៃ​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​តាម​ ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដើម្បី​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​ យក​ទៅ​អប់រំ​ ។​

​ការ​បញ្ជូន​ក្មេង​ស្រី​តូចៗ​ទាំង​៨​នាក់​នោះ​អាជ្ញាធរ​ថៃ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​ក្មេង​ស្រី​ខាងលើ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ប្រមូល​បាន​នៅ​ក្នុង​ខេត្ត​ ភូ​កេ​ត​ និង​ខេត្ត​ណុ​ន​ថៈ​បុរី​ ខណៈ​ពួក​គេ​កំពុង​តែ​ដើរ​សំ​ទាន​និង​លក់​ផ្កា​ នៅ​ក្នុង​ខេត្ត​ទាំង​២​នេះ​។​ក្មេង​ស្រី​តូច​ទាំង​៨​នាក់​នោះ​ដែរ​បន្ទាប់​ពី​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ ដល់​ក្រុង​ប៉ោយ​ប៉ែ​ត​ គេ​ឃើញ​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត​បាន​ទៅ​សម្ភាសន៍​កុមារី​ទាំង​៨​នាក់​ផ្ទាល់​ ដើម្បី​ស្រាវជ្រាវ​វែកមុខ​រក​មេខ្យល់​ នៅ​ពីក្រោយ​ដែល​នាំ​កុមា​ទាំងនោះ​យក​សុំទាន​និង​លក់​ផ្កា​នៅ​ក្នុង​ប្រទេស​ថៃ​ ដើម្បី​ស្វែងរក​ចាប់​ឃាត់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ ។​

​ក្រោយ​ពី​សមត្ថកិច្ច​សម្ភាសន៍​ក្មេង​ស្រី​ទាំងនោះ​ គឺ​ពួក​គេ​ចេញ​ទៅ​ប្រទេស​ថៃ​តាម​រយៈ​បង្អូន​ និង​ឳ​ពុក​ម្តាយ​ មិន​ជាប់​ពាក់ព័ន្ធ​និង​មេខ្យល់​នោះ​ទេ​ ហើយ​មាន​ក្មេង​ស្រី​ខ្លះ​បាន​ស្នាក់​ នៅ​ក្នុង​ប្រទេស​ថៃ​ចាប់​៣​ខែ​ ទៅ​១​ឆ្នាំ​ ។​ ក្មេង​ស្រី​ទាំងនោះ​ក៏​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ទៀត​ថា​ ពួក​គេ​ដើរ​សុំទាន​ និង​លក់​ផ្កា​ បាន​ប្រាក់​ប្រគល់​ឱ្យ​ឪពុក​ម្តាយ​ និង​បងប្អូន​ដែល​ រស់នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ ។​

​លោក​វរសេនីយ៍ត្រី​ ឡាយ​ គឹ​ម​លួ​ន​ នាយការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត​ប្រាប់​ឱ្យ​ដឹង​ថា​ពាក់ព័ន្ធ​និង​ការ​ប្រើប្រាស់​ក្មេង​តូចៗ​ពី​សំណាក់​ឪពុក​ម្តាយ​និង​បងប្អូន​ដែល​ជា​អាណាព្យាបាល​ក្នុង​រូបភាព​ដើរ​សុំទាន​និង​លក់​ផ្កា​បែប​នោះ​ជា​ទ​ង្វើ​ខុសច្បាប់​ គេ​ចាត់​ទុក​ថា​គឺជា​ការ​កេង​កម្លាំង​កុមា​ធ្ងន់ធ្ងរ​ ។​

​ទោះបី​ឪពុក​ម្តាយ​ឬ​អាណាព្យាបាល​ក៏​គ្មាន​សិទ្ធិ​ប្រើប្រាស់​កម្លាំង​កូន​នៅ​តូចៗ​ដើរ​រក​ប្រាក់​ដើម្បី​បំរើ​ផលប្រយោជន៍​ក្នុង​ក្រុម​គ្រួសារ​បែប​នោះ​ទេ​ ។​ លោកនាយ​ការិយាល័យ​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ ក្មេង​ស្រី​ខាងលើ​ ត្រូវ​ បែក​ពី​ឳ​ពុក​ម្តាយ​ និង​បងប្អូន​ពួក​គេ​ បន្ទាប់​ពី​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​ប្រទេស​ក​កម្ពុជា​វិញ​ ហើយ​ ក្មេង​ទាំង​៨​នាក់​ដែរ​ បន្ទាប់​មក​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ ប​ញ្ចូ​ន​ទៅ​ស្នាក់​នៅ​រៀនសូត្រ​ក្នុង​មណ្ឌល​អង្គការ​ កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​។​

​សូម​បញ្ជាក់​ថា​ កន្លង​មក​មាន​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា​ធ្លាប់​មាន​ករណី​កុមា​តូចៗ​ត្រូវ​បាន​មេខ្យល់​ធ្វើការ​ជួញដូរ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដើរ​សុំទាន​និង​លក់​ផ្កា​ នៅ​ក្នុង​ប្រទេស​ថៃ​ ។​សកម្មភាព​ដែល​នាំ​ឱ្យ​មាន​ ការ​ប្រើប្រាស់​កម្លាំង​កុមា​ធ្វើ​បែប​នោះ​ ដោយសារ​តែ​មេខ្យល់​ទិញ​ទឹកចិត្ត​ឳ​ពុក​ម្តាយ​កុមា​ទាំង​ នោះ​ជា​ថ្នូរ​និង​ការ​ឱ្យប្រាក់​បន្តិចបន្តួច​ ៕​ សំ​ វិច្ឆិកា​


004

002


ចែករំលែក៖