ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីស្រវឹងទំនាស់ពាក្យសម្តីវាយតបគ្នា អ្នកចាញ់ចូលពេទ្យ អ្នកឈ្នះចូលគុក

ចែករំលែក៖

ខេត្តក្រចេះ៖ បុរសជាជនដៃដល់ម្នាក់គឺត្រូវកម្លាំងនគរបាលស្រុកស្នួល បានចាប់ឃាត់ខ្លួនភ្លាមៗ ក្រោយពីជននេះ បានយកដំបងវាយទៅលើជនរងគ្រោះ ក្នុងទំនាស់ពាក្យសម្តីពេលកំពុងផឹកស៊ី បណ្តាលឱ្យជនរងគ្រោះរងរបួសក្បាលផ្នែកខាងក្រោយជាទម្ងន់ ហើយត្រូវបាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក។
ចំណែកជនដៃដល់គឺត្រូវនគរបាលស្រុកស្នួលបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី១៤ ខែសីហា ដោយចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។

នគរបាលស្រុស្នួល បានឱ្យដឹងថា ហេតុការវាយតបគ្នានៅក្នុងវង់ផឹកស៊ី នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែសីហា នៅចំណុចសាលារៀនព្រែកក្តី ក្នុងភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

អធិការនគរបាលស្រុកស្នួល លោក ចាន់ សុខគីម បានឱ្យដឹងថា ជនដៃដល់ដែលបានធ្វើសកម្មភាពវាយជនរងគ្រោះនិងដំបង ម្នាក់នេះឈ្មោះ ឈិន ចាន់ទី អាយុ២៦ឆ្នាំ ចំណែកជនរងគ្រោះ ឈ្មោះ អោក អឿន អាយុ ៤៥ឆ្នាំ ជនរងគ្រោះ និងជនដៃដល់រស់នៅ ក្នុងភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល។

លោកអធិការបានបន្តថា នៅព្រឹកថ្ងៃកើតហេតុ ជនដៃដល់ និងជនរងគ្រោះ រួមនិងមិត្តភក្រ័ជាច្រើននាក់តៀត បានជុំគ្នាផឹកស្រាសរ ជាមួយគ្នា លុះផឹកអស់ស្រាសរជាច្រើនលីត្រ ស្ថិតក្នុងស្ថានភាពស្រវឹងដូចគ្នា ជនរងគ្រោះក៏បាននិយាយអួតអាងថាខ្លួនចេះក្បាច់គុណ ហើយបាននិយាយចោទប្រកាន់ទៅជនដៃដល់ ថាផឹកស៊ីគេងប្រវញ្ញ័លុយ។ ខណៈនោះ បានធ្វើឱ្យជនដៃដល់ឈ្មោះ ឈិន ចាន់ទី ខឹងសម្បាយ៉ាងខ្លាំង ហើយក៏ស្ទុះទៅយកដំបងវាយមកលើជនរងគ្រោះ ចំក្បាលផ្នែកខាងក្រោយបណ្តាលឱ្យរបួសធ្ងន់ ។

នគរបាលព្រហ្មទណ្ឌនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្ត បានឱ្យដឹងថា ជនម្នាក់នេះ គឺកម្លាំងជំនាញកំពុងសាកសួរបន្ត ដើម្បិកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៥ខែសីហា ដើម្បីមានវិធានការបន្ត ៕ កោះទ្រុង

20150814_152001

IMG-20150814-WA0013


ចែករំលែក៖