ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អភិបាលស្រុកព្រែកប្រសប់ បើកដៃឲ្យមេឃុំ​ សោប រកស៊ីឈើ

ចែករំលែក៖

ថ្មីៗនេះ មានករណីរថយន្តសាំយ៉ុងដឹកឈើបុកបុរសម្នាក់ស្លាប់ នៅភូមិសោបលើ ឃុំសោប ស្រុកព្រែកប្រសប់ ខេត្តក្រចេះ ដែលមកដល់​ពេលនេះ លោកមេឃុំសោប ឈ្មោះ ស៊ា ហេង កំពុងសម្របសម្រួលក្នុងនាមម្ចាស់ឈើ ជាមួយគ្រួសារអ្នកស្លាប់ ។ ប្រជាពលរដ្ឋនៅក្នុងស្រុក​ព្រែក​ប្រសប់ សុទ្ធតែដឹងថា លោក ស៊ា ហេង ក្នុងនាមតួនាទីជាមេឃុំ រកស៊ីឈើតាំងពីមិនទាន់ក្លាយជាមេឃុំ ។ ដោយសារលោកមានលុយ ទើបលោកអាចសម្របសម្រួលជាមួយលោកអភិបាលស្រុកព្រែកប្រសប់ ដើម្បី​បានតំណែងជាមេឃុំ ។

គេរាយការណ៍ថា លោក សេក ប៊ុនហេង អភិបាលស្រុកព្រែកប្រសប់ បាន​ជំពាក់វាក់វិនជាមួយ​លោកមេឃុំសោប ក្នុងរឿងជំនួញឈើ​ដ៏ល្បីល្បាញ​ក្នុងស្រុកនេះតាំងពីលោក ស៊ា ហេង នៅជាឈ្មួញរកស៊ីឈើនោះមកម្ល៉េះ ។ នៅ​ស្រុកព្រែកប្រសប់ របររកស៊ីចេញឈើ ស្ថិតនៅក្នុង​កណ្តាប់ដៃរបស់លោកមេឃុំ ស៊ា ហេង ទាំងអស់ ។ លោកស៊ា ហេង រកស៊ីឈើ​យូរឆ្នាំមកហើយ ដោយមិនខ្វល់ចំពោះអ្នកណា ឬសមត្ថកិច្ចណាបង្ក្រាបនោះឡើយ ។ របររកស៊ីឈើនេះល្បីល្បាញយូរឆ្នាំ សូម្បីតែថ្នាក់ដឹកនាំខេត្តច្រើនជំនាន់ ក៏មិនដែល​យកចិត្តទុកដាក់​នឹង​បង្ក្រាប​នោះដែរ ។ មិនបង្ក្រាប​ ក៏ព្រោះតែជឿរបាយការណ៍បោកប្រាស់​របស់លោកអភិបាលស្រុក សេក ប៊ុនហេង នោះឯង ។

ការដឹកជញ្ជូនឈើ​នៅក្នុងស្រុកព្រែកប្រសប់ ត្រូវបានធ្វើឡើងជាចំហរ ដូចការដឹកជញ្ជូនត្រីលក់តាមផ្សារនោះដែរ ។ នោះក៏ដោយសារតែ​លោក​មេឃុំ សោប ជាអ្នករកស៊ីផ្តាច់មុខ​នៅក្នុងស្រុកព្រែកប្រសប់ ។ គាត់អាចផ្តាច់មុខបាន ដោយសារតែលោកអភិបាលស្រុក ជាអ្នកជួយ​ជ្រោមជ្រែង ហើយផលប្រយោជន៍​ត្រូវបានចែករំលែកគ្នា ។ ដូច្នេះ គួរថ្នាក់ដឹកនាំខេត្ត​ ក៏ដូចជាគណៈកម្មការបង្ក្រាបបទល្មើស​ទូទាំងប្រទេសពិនិត្យមើល​បទល្មើសព្រៃឈើ​នៅក្នុងស្រុក​ព្រែកប្រសប់នេះផង ៕


ចែករំលែក៖