ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្ត​ក្រចេះមើលមេឃុំ សោប រកស៊ីឈើផង

ចែករំលែក៖

លោកមេឃុំ សោប ស្រុកព្រែកប្រសប់ ខេត្តក្រចេះ ត្រូវគេរាយការណ៍ថា មានរបររកស៊ីឈើខុសច្បាប់ តាំងពីលោក​មិនទាន់​ជាប់ជាមេឃុំម្ល៉េះ ។ តាមរយៈការជួយជ្រោមជ្រែងពីលោក​សេក ប៊ុនហេង អភិបាលស្រុកព្រែកប្រសប់ លោក ស៊ា​ ហេង ដែលជា​ឈ្មួញរកស៊ី​ឈើ​ខុសច្បាប់​នៅក្នុងមូលដ្ឋាន បានក្លាយខ្លួនទៅជាមេឃុំ​ ។ នៅពេលដែលលោកស៊ា ហេង ក្លាយខ្លួនជាមេឃុំ របររកស៊ីដឹកជញ្ជូនឈើ​របស់លោក កាន់តែ​រីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការសម្រួលពីលោក សេក ប៊ុនហេង ដែលជាអភិបាលស្រុកព្រែកប្រសប់ ។

ថ្មីៗនេះ រថយន្តសាំយ៉ុងដឹកឈើ​របស់មេឈ្មួញ ស៊ា ហេង បានបុក​បុរសម្នាក់បណ្តាលឲ្យស្លាប់នៅចំណុចភូមិសោបលើ ឃុំសោប ស្រុកព្រែកប្រសប់ ខេត្តក្រចេះ ។ រថយន្តដឹកឈើប្រសាច ធ្វើចរាចរណ៍នៅក្នុងស្រុកព្រែកប្រសប់ស្ទើរតែទាំងអស់ជារបស់លោកមេឃុំ ។ ផលប្រយោជន៍​ដែលបានពីរបររកស៊ីឈើខុសច្បាប់ប្រទេស ក្នុងនាមជាអាជ្ញាធរដែនដី លោកមេឃុំ បានចែករំលែក​ដល់លោកអភិបាល​ស្រុកព្រែកប្រសប់នោះផងដែរ ។ គេមិនដឹងថា តើលោកមេឃុំ ស៊ា ហេង បានចែករំលែកផលប្រយោជន៍នេះដល់ថ្នាក់ដឹកនាំខេត្តក្រចេះដែរ​ឬយ៉ាងណានោះទេ បានជា​ថ្នាក់ដឹកនាំខេត្តនេះ​មិនដែលមានប្រតិកម្ម​ចំពោះសកម្មភាព​នៃការដឹកជញ្ជូនឈើ​របស់មេឈ្មួញ ស៊ា ហេង ដែលជាមេឃុំសោបនោះ ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា សកម្មភាពនៃការដឹកជញ្ជូនឈើ​តាមរថយន្តសាំយ៉ុង​បាននិងកំពុងកើតមាន​យ៉ាង​គគ្រឹកគគ្រេង ទាំងថ្ងៃចូលឆ្នាំនោះ គឺជាលាភសក្ការដ៏ធំធេងរបស់​លោកអភិបាលស្រុក ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្មាននរណា​ហ៊ានរកស៊ីរបរ​ដូចលោកមេឃុំនោះទេ ។ ដូច្នេះអ្នកភូមិទទូចឲ្យលោកអភិបាលខេត្ត​ ជាពិសេស​ក្រសួងមហាផ្ទៃពិនិត្យមើល​ករណី​លោក សេក ប៊ុនហេង អភិបាលស្រុកព្រែកប្រសប់ និងលោកស៊ា ហេង មេឃុំសោប ដែលពាក់ព័ន្ធនឹងរបររកស៊ីដឹកជញ្ជូនឈើខុសច្បាប់ សម្លាប់មនុស្សនៅក្នុងមូលដ្ឋានដឹកនាំរបស់ខ្លួននោះផង ៕


ចែករំលែក៖