ព័ត៌មានទាន់ហេតុការណ៍៖

សិស្សសាលាខ្មែរអន្តរជាតិប្រ៊ិដ (Bridge) ប្រមាណជា ៣០ នាក់ពុលអាហារបណ្តាលឲ្យចុកពោះក្អួតចង្អោ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ នៅសាលាខ្មែរអន្តរជាតិប្រ៊ិដ (Bridge) មានសិស្សប្រមាណជា ៣០ នាក់បានពុលអាហារ បណ្តាលឲ្យចុកពោះក្អួតចង្អោរ ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត និង តាមគ្លីនិកឯកជនមួយចំនួនទៀត។ ករណីនេះនៅមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយទេ តែជំហានដំបូងគេសន្និដ្ឋានថា អាចមកពី ពុលអាហារឬជាជំងឺអាសន្នរោគ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលាខ្មែរអន្តរជាតិប្រ៊ីដ(Bridge)ដែលមានទីតាំងភូមិថ្នល់ទទឹងឃុំអូរអណ្តូងស្រុកសាលាក្រៅខេត្តប៉ៃលិន។

អ្នកគ្រូឈ្មោះ សុខ សេង អាយុ២៦ឆ្នាំ ជាអ្នកមើលការខុសត្រូវក្នុងសាលាបានឲ្យដឹងថានៅម៉ោង ប្រហែលជា៩ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ សិស្សបានចេញលេងហើយបាននាំគ្នាទៅទិញបាយហូប ដែលលក់នៅក្នុងសាលា ។ ក្រោយពេលសិស្សចូលរៀនវិញបានប្រហែលជាកន្លះម៉ោងស្រាប់តែមានសិស្ស ចុកពោះ ក្អួតចង្អោរ ជាបន្តបន្ទាប់ទើបលោកគ្រូអ្នកគ្រូបាននាំយក មកសង្គ្រោះនៅតាមគ្លីនិកឯកជន និងខ្លះទៀត បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តតែម្តង ។ ចំពោះករណីនេះគឺលោកនាយកសាលាអះអាងថា លោកទទួលខុសត្រូវទាំងអស់ក្នុងការចំណាយសម្រាប់ការព្យាបាលរបស់សិស្សទោះជាត្រូវបញ្ចូនទៅសង្គ្រោះនៅទីណាក៏ដោយ ។

លោក ម៉ៅ សុខមាន ជានាយកសាលាខ្មែរអន្តរជាតិប្រ៊ិដ(Bridge)បានឲ្យដឹងថាសាលារបស់លោកបើក ជាង២ឆ្នាំហើយមិនដែលមានបញ្ហាអ្វីកើតឡើងនោះទេ។សិស្សនៅសាលារបស់លោកមានចំនួនប្រមាណជា៤០០ នាក់ដែលកំពុងសិក្សា។ ចំពោះករណីនេះលោកក៏មិនទាន់ដឹងអំពីមូលហេតុច្បាស់លាស់ទេ។

លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅបានឲ្យដឹងថាចំនួនសិស្សដែលមានអាការៈចុកពោះ និងក្អួតចង្អោរមានសរុបចំនួន២៨នាក់ក្នុងនោះមានស្រី១៧នាក់ ដែលកំពុងត្រូវបានបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យ ។

លោក តែង សារដ្ឋ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនបានឲ្យដឹងថាមកដល់ម៉ោង៣រសៀលថ្ងៃ ទី១៣ ខែកុម្ភៈនេះ មានអ្នកជំងឺចំនួន២៣នាក់ស្រី១៧នាក់ (ក្នុងនោះអាយុក្រោម៥ឆ្នាំ២នាក់ អាយុចាប់ពី៥ឆ្នាំដ ល់១៥ឆ្នាំមាន២១នាក់) ដែលបានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេត្តប៉ៃលិនដែលមានអាការចុក ពោះក្អួត ចង្អោរដូចគ្នាទាំងអស់ ។ ករណីនេះក្រុមគ្រូពេទ្យនៅមិនទាន់ដឹងអំពីមូលហេតុដែលបណ្តាលឲ្យសិស្សមានអាការៈចុកពោះក្អួតចង្អោរនោះទេ ព្រោះកំពុងតាមដានស្ថានភាពជំងឺបន្ថែមទៀត ព្រោះអ្នកជំងឺខ្លះមានអាការប្រែប្រួលទៅជាក្តៅខ្លួនខ្លាំង ប៉ុន្តែអ្នកជំងឺខ្លះបានធូរស្បើយហើយ ៕ ស សារ៉េត


ចែករំលែក៖