ព័ត៌មានទាន់ហេតុការណ៍៖

ជើងហោះហើររាប់រយនៅអាមេរិកត្រូវពន្យារពេល និងខ្លះលុបចោលការហោះហើរ ដោយសារតែត្រួតពិនិត្យឃើញពន្លឺស្រអាប់

ចែករំលែក៖

សេវាកម្មអាកាសចរណ៍បានត្រឡប់ទៅកាន់សភាពធម្មតាបន្តិចម្តងៗកាលពីថ្ងៃទី១៥ ខែសីហា ស្ថិតនៅអាកាសយានដ្ឋានអាមេរិកភាគខាងកើត បន្ទាប់ពីម៉ាស៊ីនកុំព្យូទ័រនៅឯមជ្ឈមណ្ឌលគ្រប់គ្រងការចរាចរណ៍ដែនអាកាសនៅក្នុងតំបន់បានពិនិត្យមើលឃើញមានបញ្ហា ទើបជាហេតុធ្វើឲ្យមានការពន្យារពេលជើងហោះហើររាប់រយជើងអស់ជាច្រើនម៉ោង ។

ជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិ Washington’s Dulles, អាកាសយានដ្ឋានក្នុងស្រុក Reagan និងអាកាសយានដ្ឋានអន្តរជាតិ Baltimore-Washington International Airport (BWI) គឺជាអាកាសយានដ្ឋានដែលរងផលប៉ះពាល់ ។ រួមជាមួយគ្នានោះ នៅមានអាកាសយានដ្ឋានអន្តរជាតិ New York’s John F. Kennedy និងអាកាសយានដ្ឋាន LaGuardia ផងដែរ ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ស្ថិតនៅក្នុងមួយដំណាក់កាលនេះ ជើងហោះហើរជាង៤០០ជើងត្រូវប្រកាសពន្យារពេល បើមិនដូច្នេះទេ គឺលុបចោលជើងហោះហើរតែម្តង ស្ថិតនៅក្នុងចំណោមអាកាសយានដ្ឋានខាងលើនេះ ។ ជើងហោះហើរខ្លះស្ថិតនៅអាកាសយានដ្ឋានអន្តរជាតិ BWI ត្រូវប្រកាសពន្យារពេលហោះហើររយៈពេលជាង៣ម៉ោង ខណៈដែលអ្នកដំណើរនៅអាកាសយានដ្ឋានដូចជា Dulles ត្រូវពន្យារពេលចេញដំណើរជាង១ម៉ោង ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA បានប្រកាសថា ប្រព័ន្ធស្វ័យប្រវត្តិរបស់ FAA បានរកឃើញថា មានបញ្ហា(ចាប់បានពន្លឺស្រអាប់)កាលពីព្រឹកនោះ ប៉ុន្តែវាបានត្រឡប់មកសភាពធម្មតាវិញហើយ។ ប្រភពបានបន្តថា FAA បន្តស្រាវជ្រាវ និងវិភាគឲ្យបានច្បាស់លាស់ថា តើមូលហេតុអ្វីទៅ ដែលនាំមានពន្លឺស្រអាប់នេះកើតឡើង ព្រមទាំងធ្វើការយ៉ាងជិតស្និទ្ធ ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យកុំឲ្យមានផលប៉ះពាល់ដល់អ្នកដំណើរឲ្យសោះ ។

ប្រភពបន្តថា ការចាប់បានពន្លឺស្រអាប់ពីទីតាំងមជ្ឈមណ្ឌលត្រួតពិនិត្យការធ្វើចរាចរណ៍ដែនអាកាសនោះ គឺចាប់បានពន្លឺស្រអាប់ចេញពី Leesburg, Virginia ស្ថិតនៅភាគខាងត្បូងរដ្ឋធានីវ៉ាស៊ីនតោន ។ អាជ្ញាធរអាកាសចរណ៍បានបញ្ជាក់ថា ការពន្យារពេលនេះគ្មានអ្វីក្រៅបញ្ចៀសគ្រោះថ្នាក់ ឬឧប្បត្តិហេតុកុំឲ្យកើតឡើងតែប៉ុណ្ណោះ ៕
airport-flights-delayed


ចែករំលែក៖