ព័ត៌មានទាន់ហេតុការណ៍៖

អតីតចាងហ្វាងសាលាដំបូងរាជធានី ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលយ៉ាងស្ងាត់ស្ងៀម

ចែករំលែក៖

ខេត្តកណ្តាលៈ លោកអាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញត្រូវបានឃុំខ្លួនកាលពីព្រលប់ថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៥ នៅពន្ធនាគារខេត្តកណ្តាល បន្ទាប់ពីសាលាដំបូងខេត្តនេះចោទប្រកាន់រួច ។ នីតិវិធីរបស់សាលាដំបូងខេត្តកណ្តាលបានធ្វើឡើងយ៉ាងស្ងាត់ស្ងៀម ដោយមិនអនុញ្ញាតឲ្យអ្នកកាសែតដ៏ច្រើនស្អេកស្កះបានសាកសួរព័ត៌មាន និងថតរូបនោះឡើយ ។ សកម្មភាពនៃការសួរនាំ និងការបញ្ជូនលោកអាំង មាលតីទៅពន្ធនាគារ គឺឮសូរតែសំឡេងនៃការធ្វើដំណើរក្ឌូងក្ឌាំង ប៉ុន្តែមិនឮសំឡេងនរណានិយាយស្តីអ្វីទេ ។ កងសមត្ថកិច្ចធ្វើដំណើរយ៉ាងស្វាហាប់ក្រៀកអតីតលោកប្រធានសាលាដំបូងចេញពីតុលាការខេត្តកណ្តាលចូលរថយន្ត បើកបរតាមច្រកខាងក្រោយ ឆ្ពោះទៅពន្ធនាគារ ។

ប្រភពពីមន្ត្រីសាលាដំបូងខេត្តកណ្តាលបានឲ្យដឹងថា អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង មាលតី ត្រូវបានចៅក្រមសាលាដំបូងខេត្តកណ្តាលសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារពីបទ «គៃបំបាត់ដោយចេតនា» បន្ទាប់ពីការសាកសួរដេញដោលអស់រយៈពេលជាច្រើនម៉ោងនៅល្ងាចថ្ងៃទី១៦ ខែសីហា ។ លោកត្រូវបានដេញដោលជុំវិញរឿងពុករលួយក្នុងសំណុំរឿង គ្រឿងញៀន របស់ជនសង្ស័យ ថាវ ថាវី ។ តាមមាត្រា៦០១នៃក្រមព្រហ្មទណ្ឌលោក អាំង មាលតី ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ។

គួររំលឹកថា លោកអាំង មាលតី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល នៅវេលាម៉ោង១និង៥០នាទី រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ក្រោយពីរកឃើញថា មានពាក់ព័ន្ធនឹងការគៃបំបាត់រថយន្តម៉ាកអូឌីស៊េរីឆ្នាំ២០១០ ដែលមានទំហំទឹកប្រាក់ជិត៧ម៉ឺនដុល្លារ ។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានមានប្រសាសន៍ថា លោកអាំង មាលតី មានចេតនា ដោះលែងឈ្មោះ ថាវ ថាវី ជាជនជាប់ចោទពាក់ព័ន្ធគ្រឿងញៀន ជាថ្នូររថយន្តម៉ាកអូឌី ស៊េរីឆ្នាំ២០១០មួយគ្រឿង ដែលមានតម្លៃប្រមាណ៦៧.០០០ដុល្លារ ។ ចំពោះមុខអង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា ការដែលឈ្មោះថាវ ថាវី ជាប់ឃុំបណ្តោះអាសន្នលើកទី១(២៥-១១-២០១៤ដល់ ០៦-០២-២០១៥) ហើយត្រូវដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន មានពាក់ព័ន្ធ និងចេតនារបស់លោកអាំង មាលតី ក្នុងការគៃបំបាត់រថយន្តអូឌី ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ។

បើតាមលោកទេសរដ្ឋមន្ត្រី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ លោកអាំង មាលតី ប្រឈមនឹងមាត្រា៣២ នៃច្បាប់ប្រឆាំងអំពើពុករលួយ និងមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ ។

លោកអាំង មាលតី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីវេលាម៉ោង១២ ថ្ងៃទី១៤ ខែសីហា ។ លោក អតីតប្រធានសាលាដំបូងត្រូវបានដកចេញពីតំណែងកាលពីខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីមានសំណុំរឿងមិនប្រក្រតីជាច្រើន បានកើតឡើងនៅក្រោមការគ្រប់គ្រងរបស់លោក ៕ ហេង សូរិយា

sew


ចែករំលែក៖