ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីទីទ័លក្រម្នាក់កើតជំងឺមហារីកដោះ អត់លុយព្យាបាលលើកដៃអង្វររកសប្បុរសជនឲ្យជួយ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីមេម៉ាយទីទ័លម្នាក់ ដែលកំពុងស្នាក់អាស្រ័យនៅខាងក្រោមផ្ទះអ្នកជិតខាង ដែលកំពុងរស់យ៉ាងលំបាកវេទនាជាទីបំផុត បានលើកដៃប្រណម្យទាំងគូសូមអង្វររកក្តីមេត្តា ករុណាពីសម្បុរសជនជិតឆ្ងាយឲ្យជូយគាត់ក្នុងជីវិតចុងក្រោយរបស់គាត់ ដែលកំពុងតែមានជំងឺមហារីកដោះ ហើយមានស្ថានភាពធ្ងន់ខ្លាំងណាស់ទៅហើយនោះ ។

ស្រ្តីមេម៉ាយទុរគតនេះ ឈ្មោះ សំ ធឿន អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិកំពុងអូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សម្លេងខ្សៀវៗហាក់និយាយមិនសូវឮដោយសារជំងឺធ្វើទុក្ខខ្លាំង បានប្រាប់អំពីទុក្ខវេទនា និងការឈឺចាប់របស់ខ្លួនថា គាត់បានកើតជំងឺមហារីដោះនេះរយៈពេល៣ឆ្នាំមកហើយ ប៉ុន្តែកន្លងមក ស្ថានភាពជំងឺនៅមិនទាន់ធ្ងន់នោះទេ ទើបតែក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជំងឺកាន់តែវិវឌ្ឍន៍ខ្លាំងឡើងៗ ធ្វើឲ្យគាត់រស់នៅយ៉ាងលំបាកវេទនាបំផុត ។

សម្លេងអួលដើមក និងដំណក់ទឹកភ្នែករបស់គាត់បានហូរចេញ ដោយបានបញ្ជាក់ប្រាប់តិចៗថា (គាត់ពិបាកទ្រាំណាស់) គាត់បានប្រាប់បន្ថែមថា មានទុក្ខជាន់លើទុក្ខជាច្រើនដង ចន្លោះតែរយៈពេល២ឆ្នាំប៉ុណ្ណោះ ប្តីនិងកូនស្រីរបស់គាត់ដែលបង្គោលនៃគ្រួសារបានស្លាប់បន្តបន្ទាប់គ្នា ។

ចាប់ពីពេលនោះមក រលកនៃជីវិតរបស់គាត់បានចេះតែរសាត់អណ្តែត កូនប្រុស៣នាក់ដែលនៅសល់ ក៏រស់នៅឆ្ងាយពីខ្លួន ដែលនៅពេលនោះ ហើយបានធ្វើអោយជីវិតរបស់គាត់កាន់តែធ្លាក់ជ្រៅក្នុងរណ្តៅនៃភាពក្រីក្រ ។

ដោយសារតែកត្តាជីវភាពគាត់បានឃ្លាតឆ្ងាយពីភូមិស្រុក ទៅស៊ីឈ្នួលបេះផ្លែមៀន នៅឡែម ខេត្តបាត់ដំបង បើទោះបីជានាពេលនោះដឹងថា ខ្លួនមានជំងឺមហារីកដោះក៍ដោយ ។

ក្នុងពេលទៅធ្វើជាអ្នកបេះផ្លែមៀនឲ្យគេគឺធ្វើមួយថ្ងៃសម្រាប់រស់មួយថ្ងៃតែប៉ុណ្ណោះ លុយដែលបានមកគឺគ្រាន់តែទិញបាយហូប និងទិញថ្នាំព្យាបាលខ្លួនខ្លះ ក្នុងពេលដែលគាត់មានលុយខ្លះគ្រាន់បានទិញបាយហូប និង ទិញថ្នាំព្យាបលខ្លះហើយនោះ ព្រហ្មលិខិតនៃជិវិតពិតជាមិនអត់អោនអោយគាត់ឡើយ គាត់បានធ្លាក់ពីលើដើមមៀន បណ្តាលអោយភ្លាត់ឆ្អឹងត្រគាក ដើរលែងរួចរហូតដល់សព្វថ្ងៃ ។

ស្រ្តីរូបនេះបានប្រាប់ទៀតថា ចាប់តាំងពីគាត់រងគ្រោះដោយភ្លាត់ឆ្អឹងត្រគាកដើរលែងរួចមក ពេលនោះជំងឺមហារីកដោះបានរើឡើងវិញកាន់តែធ្ងន់ទៅៗតែម្តង រួមផ្សំនឹងកត្តាជីវភាពនោះបានធ្វើអោយគាត់រស់នៅទាំងឈឺចាប់ ដើរមិនរួច ជំងឺមហារីកដោះកាន់តែស៊ីរូងជ្រៅទៅៗ ។

នៅចំពោះមុខអ្នកយកព័ត៌មាន ស្រ្តីរូបនោះបានលើដៃទាំងពីរឡើងប្រណម្យ សូមក្តី សណ្តោសមេត្តាពីសំណាក់សប្បុរសជនជិតឆ្ងាយមេត្តាជួយរូបគាត់នៅគ្រាជីវិតចុងក្រោយនេះផង ។

មានតែប្បុរសជន និង កាកបាទក្រហមប៉ុណ្ណោះទេ ដែលនឹងផ្តល់នូវក្តីសង្ឃឹមអោយជីវិតរបស់គាត់អាចរស់បានតទៅមុខទៀត គា្រដែលគាត់ជួបការលំបាកនេះ ៕ ចន្ថា

sses (5)

sses (2)

sses (4)

sses (3)

sses (1)


ចែករំលែក៖