ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារមន្ទីរធនធានទឹកខេត្តបាត់ដំបងប្រើប្រាស់គ្រឿងចក្រស្តារប្រឡាយប្រវែង៨៥០ម៉ែត្រ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ចាប់តាំងពីថ្ងៃទី 11 ខែសីហា ឆ្នាំ 2015 មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បាននាំយកគ្រឿងចក្រទៅស្តារប្រឡាយ០១ខ្សែ ប្រវែង ៨៥០ម៉ែត្រ ដើម្បីទាញយកទឹកពីប្រឡាយមេកង្ហត មកស្រោចស្រពស្រូវរបស់ប្រជាពលរដ្ឋចំនួន ៧០០ហិកតា ស្ថិតក្នុងភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានជម្រាបជូនថា ប្រព័ន្ធធារាសាស្ត្រកង្ហត ទើបតែបានអនុវត្តរួចរាល់នូវជំហានទី១ ប៉ុណ្ណោះ ។ បច្ចុប្បន្នក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តអនុវត្តជំហានទី២។ លោកបន្តថា ដោយសារតែប្រព័ន្ធនេះ ពុំទាន់បានអនុវត្តរួចរាល់ជាស្ថាពរ ដូចនេះការបែងចែកទឹកជូនដល់ប្រជាកសិករ ក៏ពុំទាន់បានប្រព្រឹត្តទៅដោយរលូនដែរ។ ជាក់ស្តែង ដីស្រែនៅក្នុងភូមិអូរខ្ជាយនេះ ពុំទាន់មានទឹកមកដល់នៅឡើយទេ។

ដូចនេះដើម្បីដោះស្រាយបញ្ហាចំពោះមុខ ដែលស្រូវរបស់ប្រជាពលរដ្ឋកំពុងមានតម្រូវការទឹក មន្ទីរបាននាំយកគ្រឿងចក្រចុះមកស្តារប្រឡាយនេះ ។ លោកបានបញ្ជាក់បន្ថែមថា ការងារនេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី 17 ខែសីហា ឆ្នាំ 2015 ៕

IMG_4051

IMG_4047

IMG_4046

IMG_4048

IMG_4050


ចែករំលែក៖