ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ ផ្សារអូរប្ញស្សី ឃាត់ខ្លួនជនសង្ស័យ បន្លំលួចទូរស័ព្ទ ប្រគល់ឲ្យនគរបាលខណ្ឌ៧មករា

ចែករំលែក៖

ភំ្នពេញ ៖ បើតាមការបញ្ជាក់ពីលោក ឡេង គឹមស្រុង ប្រធានគណៈកម្មការផ្សារអូប្ញស្សីបានឲ្យដឹងថា នៅវេលាម៉ោង ៣ និង ៣០ នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ កម្លាំងសន្តិសុខផ្សារអូរប្ញស្សី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាពាក់ព័ន្ធករណីបន្លំលួចទូរស័ព្ទដៃ ម៉ាកអាយហ្វូនហ្វរ១ គ្រឿងពីភ្ញៀវដែលចូលទិញអីវ៉ាន់នៅក្នុងផ្សារ ។

លោកបន្តទៀតថា ជនសង្ស័យខាងលើមានឈ្មោះ សុខ ឡេង ភេទស្រី អាយុ២២ឆ្នាំ មុខរបរនិងទីលំ នៅមិនពិតប្រាកដ ។ ក្រោយការឃាត់ខ្លួនយកមកសាកសួរ ស្រ្តីសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានបន្លំលួចយកទូរស័ព្ទដៃ​អាយហ្វូនហ្វ័ររបស់គេប្រាកដមែន ។ បន្ទាប់មកលោកក៏បាន ប្រគល់ជនសង្ស័យខាងលើឲ្យនគរបាលខណ្ឌ៧មករា យកទៅដោះស្រាយបន្ត ។

លោក រស់ ស៊ីណា ប្រធានផ្នែកនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឲ្យដឹង ដែរថា ខាងគណៈកម្មការផ្សារអូប្ញស្សីបានប្រគល់ជនសង្ស័យខាងលើនេះយកមកឲ្យសមត្ថកិច្ចដោះ ស្រាយតាមនីតិវិធីនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រង់ចាំជន រងគ្រោះមកដាក់ពាក្យបណ្តឹងនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលកម្លាំងសន្តិសុខផ្សារអូរប្ញស្សី បញ្ចេញកណ្តាប់ដៃ ទៅលើជនបង្កអសកម្ម និងអសន្តិសុខ ក្នុងបរិវេណផ្សារអូរប្ញស្សីនាពេលកន្លងមក ។ និយាយរួមគឺ កម្លាំង សន្តិសុខផ្សារអូរប្ញស្សីរក្សាបាននូវសន្តិសុខ សុវត្ថិភាពជូនភ្ញៀវនិងអាជីវករលក់ដូរក្នុងផ្សារ ៕ ស សម

Sor-sam


ចែករំលែក៖