ព័ត៌មានទាន់ហេតុការណ៍៖

អ្នករើសអេតចាយ ស្រវឹងស្រាចុះហែលទឹកត្រពាំងលង់ស្លាប់

ចែករំលែក៖

ភ្នំពេញ : បុរសចំណាស់ម្នាក់ ដែលគេស្គាល់ថា ជាជនអនាថាដើររើសអេតចាយ និងដេក ស្នាក់នៅមិនពិតប្រាកដនោះ ត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់ ខណៈដែលរូបគេបានចុះហែលទឹកក្នុងត្រពាំងមួយកន្លែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅត្រពាំងទឹក មួយកន្លែងនៅក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីបុរសម្នាក់ ដែលមានរបរជាអ្នករើសអេតចាយបានឲ្យដឹងដែរថា សាកសពឈ្មោះ ចាន់ តារា ហៅ តាវ៉ង អាយុ៥៣ឆ្នាំ ជាអ្នករើសអេតចាយ ពុំមានទីកន្លែងស្នាក់នៅឱ្យប្រាកដឡើយ គ្រាន់តែពេលថ្ងៃ ច្រើនតែទៅស្នាក់នៅ ក្រោមម្លប់ឈើ ក្បែរមាត់ត្រពាំងកើតហេតុ ។

ដោយឡែកប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះ អង្គុយផឹកស្រា រួចបានចុះហែលទឹកត្រពាំងខាងលើ។ លុះពេលមកដល់ខាងហើយ ហែលបកត្រឡប់ទៅវិញ ស្រាប់តែអស់ដៃអស់ជើង លង់លិចចូលទៅក្នុងទឹកបាត់ ធ្វើឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលឆោឡោ នាំគ្នារត់មកជួយសង្រ្គោះ តែមិនអាចសង្រ្គោះទាន់ពេល។ អ្នកភូមិដដែលបានឲ្យដឹងថា ត្រពាំងទឹកខាងលើ មានទទឹង៤០ម៉ែត្រ បណ្តោយ៦០ម៉ែត្រ និងមានជម្រៅជាង១០ម៉ែត្រ។

គួរបញ្ជាក់ថា ក្រោយកើតហេតុ ប្រជាពលរដ្ឋក្នុងភូមិបាននាំគ្នាអូសអួនរាវរកជនរងគ្រោះ អស់រយៈពេលជាង២ម៉ោង គឺតាំងពីម៉ោង១០ព្រឹក រហូតដល់វេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃដដែល ទើបអាចរកឃើញ សាកសព។

បន្ទាប់ពីរកឃើញសាកសពជនរងគ្រោះ ដោយពុំមានសាច់ញាតិ ទើបសមត្ថកិច្ច និងអាជ្ញាធរ ដឹកយកទៅរៀបចំធ្វើបុណ្យវតាមប្រពៃណីនៅវត្តទួលសុភាឃួន ៕ វិបុល

72

73

74

75

71


ចែករំលែក៖