ព័ត៌មានទាន់ហេតុការណ៍៖

អាងឋានៈជាអភិបាលរងខណ្ឌចំការមនប្រើអំណាចចាប់ឡានបេតុង ឃាត់ខ្លួនអ្នកបើកបរឲ្យដាច់បាយក្រហាយទឹកទាំងបំពាន

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋតែងតែឆ្ងល់ថា ហេតុអ្វីបានជាបុគ្គលអ្នកមានអំណាចតួនាទី ឋានៈខ្លះចូលចិត្តយកទម្លាប់ អាងបុណ្យស័ក្តិ អាងលុយ អាងបក្ខ អាងពួក អាងខ្លួនជាអាជ្ញាធរ ធ្វើអ្វីៗទាំងបំពានច្បាប់ រំលោភបំពានទៅលើអ្នកដទៃដោយគ្មានការពិចារណា និងមិនឲ្យតម្លៃខ្លួនឯងទៅវិញ?

ប្រជាពលរដ្ឋបាននិយាយថា ភាពជាក់ស្តែងកាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភ់ៈ ឆ្នាំ២០១៥ រថយន្តលាយបេតុងចំនួន៤គ្រឿង រួមទាំងអ្នកបើកបរផងដែរ ត្រូវបានលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌចំការមនចាប់និងឃាត់ខ្លួនអ្នកបើកបរយកទៅរក្សាទុកក្នុងបរិវេណវត្តទួលទំពួង ដោយគ្មានមូលហេតុ គ្រាន់តែអភិបាលរងរូបនេះមានបញ្ហាទំនាស់វិវាទជាមួយនឹងអ្នកជួលបេតុង ដើម្បីមកចាក់នៅលើសំណង់របស់ខ្លួននោះ ។

ហេតុការណ៍ខាងលើនេះត្រូវបានគេឃើញដោយផ្ទាល់ភ្នែកពីសកម្មភាពរបស់លោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌចំការមនបានបញ្ជាដៃជើងកូនចៅ សមត្ថកិច្ច និងក្រុមសណ្តាប់ធ្នាប់សំឡុត គំរាម កំហែងទៅលើអ្នកបើកបររថយន្តលាយបេតុង ទាំងកំរោល និងបញ្ជាឲ្យឃាត់ខ្លួនភ្លាមៗដោយគ្មានការបញ្ជាណាមួយពីគណៈបញ្ជាការឯកភាពខណ្ឌលោក ព្រំ សំខាន់ ឬមានពាក្យបណ្តឹងណាមួយនោះ ។

អ្នកបើកបររថយន្តលាយបេតុងបានឲ្យដឹងថា ពួកខ្លួនគឺជាអ្នកស៊ីឈ្នួលប្រើប្រាស់កម្លាំងពលកម្មក្នុងការបើកបររថយន្ត លាយបេតុងចាក់គ្រឹះ ។ ដោយម្ចាស់ក្រុមហ៊ុនក៏ពុំដឹងថា លោកអភិបាលរងខណ្ឌខាងលើមានទំនាស់អ្វីជាមួយម្ចាស់ផ្ទះដែលបានជួលរថយន្តលាយបេតុងនេះមកចាក់នោះទេ ព្រោះថៅកែរបស់ខ្លួន គ្រាន់តែស៊ីឈ្នួលក្នុងការចាក់ប៉ុណ្ណោះ ប៉ុន្តែពេលរថយន្តមកដល់កន្លែងចាក់ មិនទាន់នឹងប្រើម៉ាស៊ីនក្នុងការចាក់បេតុងផងបែរជាគាត់ (អភិបាលរងខណ្ឌ) បានមកគំរាមកំហែងសំឡុត និងបញ្ជាកូនចៅរបស់ខ្លួន មិនអនុញ្ញាតឲ្យអ្នកបើកបរចុះពីលើរថយន្ត រួចបញ្ជាឲ្យយករថយន្តនិងអ្នកបើកបរ ទៅរក្សា ឃុំទុកនៅវត្តទួលទំពួង តាំងពីម៉ោងជិត៤រសៀលរហូតដល់ជិតម៉ោង៧យប់ ។

ពាក់ព័ន្ធករណីនេះនគរវត្តមិនអាចទាក់ទងបានទេ ពីលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌចំការមន ដែលយកឋានៈ តួនាទីទៅធ្វើបាប និងជិះជាន់រំលោភអ្នកដទៃ កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែអ្នកជិតខាងបាននិយាយថា មូលហេតុដែលលោកអភិបាលរងខណ្ឌ ផ្ទុះកំហឹងលើស១៨០អង្សារ រហូតដល់ធ្វើឲ្យបាត់បង់ នូវសេចក្តីថ្លៃថ្នូរក្នុងនាមខ្លួនជាអភិបាលរងខណ្ឌនោះ ដោយសារគាត់មានទំនាស់ជាមួយនឹងភាគីម្ខាងទៀត ដែលជាម្ចាស់ផ្ទះជួលរថយន្តលាយបេតុងខាងលើនេះមកចាក់ ទើបក្លាយទៅជាកើតមានអំពើបំពានច្បាប់បែបនេះ ។

ម្ចាស់រថយន្តចាក់បេតុងបានប្រាប់នគរវត្តឲ្យដឹងថា ខ្លួនគ្រាន់តែជាអ្នកស៊ីឈ្នួលចាក់ ដោយឡែកលោកអភិបាលរងខណ្ឌ គាត់មានបញ្ហាទំនាស់ជាមួយអ្នកជិតខាង ធ្វើម្តេចគាត់នឹងដឹង ប៉ុន្តែលោកអភិបាលរងខណ្ឌបានប្រើអំណាចមកឃាត់រថយន្តនិងអ្នកបើកបរសុទ្ធតែជារឿងបំពានច្បាប់ ខណៈដែលការរកស៊ីរបស់គាត់ស្របច្បាប់ ។

ម្ចាស់លាយបេតុងបានបន្តថា គាត់គ្មានកំហុសផង ថែមទាំងរកស៊ីស្របច្បាប់ អាជ្ញាធរគាត់ហ៊ានធ្វើទាំងបំពានបែបនេះហើយ ចុះទំរាំប្រជាពលរដ្ឋវិញ តើត្រូវនូវភាពអយុត្តិធម៌បែបនេះក្នុងកម្រិតណា? ម្យ៉ាងវិញទៀតពេលដែលគាត់បានសូមអង្វរ ទៅលោកអភិបាលរងខណ្ឌដើម្បីចាក់កុំឲ្យខូចបេតុង បែរជាគាត់និយាយដោយគ្មានការទទួលខុសត្រូវថា “បើចង់ចាក់ ទាល់តែឲ្យពូ ជ្រៀង សុផាន់ និងពូ ប៉ា សុជាតិវង្ស ទូរស័ព្ទមកកាន់ខ្លួនទើបអាចចាក់បាន” ។

ម្ចាស់បេតុងបន្តទៀតថា ក្រោយមកលោកអភិបាលរងខណ្ឌរូបនេះបានគំរាមថា “បើពូជ្រៀង សុផាន់ តេមកក៏មិនព្រមដែរ លុះតែពូវង្សតេមក ទើបអាចចាក់បាន” ។

ប្រជាពលរដ្ឋនៅទីនោះបានរិះគន់ថា លោក ប៊ុន សុភ័ក្ត្រ បានប្រើប្រាស់អំណាច តួនាទីរបស់ខ្លួនក្នុងការរំលោភសិទ្ធិអ្នកដទៃ មិនអស់ចិត្តទេ បែរជាហ៊ាននិយាយយកឈ្មោះ ថ្នាក់ដឹកនាំ គណៈអភិបាលរាជធានីភ្នំពេញមកប្រើប្រាស់គំរាមអ្នកដទៃថែមទៀត ។

នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃដដែលនេះ បេតុងលាយស្រាចទាំង៥រថយន្តត្រូវបានខូចទាំងស្រុង ដោយសារអំណាចរបស់អភិបាលរងខណ្ឌខាងលើ ឃាត់រថយន្ត ហើយម្ចាស់ផ្ទះដែលមានទំនាស់ជិតខាងជាមួយលោកអភិបាលរងខណ្ឌ ប៊ុន សុភ័ក្ត្រ ដោយឃើញភាពអយុត្តិធម៌ជ្រុលហួសហេតុពេក ក្នុងនាមគាត់ជាម្ចាស់ផ្ទះ មិនបានចាក់បេតុងហើយ ថែមទាំងចេញលុយឲ្យម្ចាស់រថយន្តដើម្បីបញ្ចប់រឿង ព្រោះមិនចង់បើកភ្នែកមើល ពីសកម្មភាពនៃទង្វើអ្នកមានអំណាចយកឋានៈ តួនាទី មកគ្របដណ្តប់អ្នកដទៃទាំងបំពានបែបនេះទេ៕ សុខ ខេមរា

p11

p12

p1

p2

p3

p4

p5

p6

p7

p8

p9

p10


ចែករំលែក៖