ព័ត៌មានទាន់ហេតុការណ៍៖

មានគេលួចចិញ្ចឹមត្រីឆ្ដោនៅភូមិព្រែកគន្លងមន្ដ្រីជលផលមានផែនការតែមិនឃើញអនុវត្ដ

ចែករំលែក៖

ខេត្ដកំពង់ឆ្នាំង ៖ កូនត្រីឆ្ដោចំនួន១៨ ស្រះមានចំនួនជិត៣ម៉ឺនក្បាល ត្រូវបាន គេលួចចិញ្ចឹមដោយខុសច្បាប់នៅក្នុង ភូមិព្រែកគន្លង ឃុំកំពង់ត្រឡាច ស្រុក កំពង់ត្រឡាចហើយត្រូវបានសមត្ថកិច្ច រដ្ឋបាលជលផលចុះទៅធ្វើកំណត់ហេតុ កាលពីថ្ងៃទី៩ ខែកក្កដា ជាមួយសហ គមន៍នេសាទ និងម្ចាស់ត្រីឱ្យចាក់លែង កូនត្រីចូលក្នុងទន្លេវិញដោយខ្លួនឯងឱ្យ អស់នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ប៉ុន្ដែមកដល់ពេលនេះមិនឃើញអ្នកណាអនុវត្ដឡើយទាំងម្ចាស់ត្រី និងសមត្ថកិច្ច ។

លោកហ៊ីម វាន់ អនុប្រធានភូមិព្រែក គន្លងឃុំកំពង់ត្រឡាចបានឱ្យដឹងថា កាល ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ ក្រុមការ ងាររបស់មន្ដ្រីជលផលខណ្ឌកំពង់ឆ្នាំង ដឹកនាំដោយលោក អ៊ឹង ជីប៉ោ នាយរង ខណ្ឌបានចុះមកត្រួតពិនិត្យក្នុងភូមិដោយរកឃើញអ្នកចិញ្ចឹមកូនត្រីឆ្ដោចំនួន១៨ នាក់មាន១៨ស្រះ និងមានកូនត្រីជិត ៣ម៉ឺនក្បាល ។ នៅពេលនោះក្រោយពី បានប្រជុំផ្សព្វផ្សាយស្ដីអំពីការបញ្ឈប់ សកម្មភាពចិញ្ចឹមត្រីឆ្ដោដែលស៊ីកូនត្រីជាចំណីខាតបង់ត្រីរាប់ម៉ឺនតោនក្នុង១ឆ្នាំៗ និងយោងតាមលិខិតជូនដំណឹងលេខ ៣១៨៤កសក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤របស់ក្រសួងកសិកម្មអ្នកចិញ្ចឹមត្រីឆ្ដោបានសំណូមពរដល់ក្រុមការងារសុំចាក់លែងត្រីដោយខ្លួនឯងឱ្យអស់នៅ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ដោយមាន កំណត់ហេតុត្រឹមត្រូវ បើលើសថ្ងៃកំណត់ សមត្ថកិច្ចក្នុងក្រុមការងារនឹងចុះមក ចាក់លែងត្រីទាំងអស់នេះមិនទុកឡើយ ។ ប៉ុន្ដែមកដល់ពេលនេះអ្នកចិញ្ចឹមត្រីឆ្ដោទាំង១៨ស្រះនោះមិនបានអនុវត្ដតាម កិច្ចសន្យារបស់ខ្លួនឡើយ ចំណែកសមត្ថ កិច្ចរដ្ឋបាលជលផលក៏មិនទាន់អនុវត្ដ ផែនការចាក់លែងកូនត្រីឆ្ដោនៅក្នុងភូមិព្រែកគន្លងនេះនៅឡើយដែរ ដែលគេ គិតថាជារឿងគោះទឹកបង្អើលត្រីឱ្យចូលស៊ង ដើម្បីតែផលប្រយោជន៍ និងបើ តាមគេដឹងនៅក្នុងឃុំកំពង់ត្រឡាចមានអ្នកចិញ្ចឹមត្រីឆ្ដោតាមស្រះរាប់សិប កន្លែងឯណោះក្នុង១ឆ្នាំៗ ។

លោក អ៊ឹង ជីប៉ោ នាយរងខណ្ឌរដ្ឋ បាលជលផលកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥នេះ យើងបាន ទូរស័ព្ទចូលជាច្រើនដងតែលោកមិន ទទួល ។ ដោយឡែកលោកអ៊ូ សោភ័ណ នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ បានឱ្យដឹងថា ករណីខាងលើនេះដោយ មានចំណាររបស់លោកអភិបាលខេត្ដ និងលោកនាយខណ្ឌបានកំណត់ឱ្យក្រុមការងារចម្រុះរួមមានទាំងសមត្ថកិច្ចនគរ បាលសេដ្ឋកិច្ចខេត្ដផងត្រូវចុះទៅណែនាំអប់រំម្ដងទៀតក្នុងពេលឆាប់ៗនេះ ដើម្បី ឱ្យប្រជាពលរដ្ឋបញ្ឈប់ការចិញ្ចឹមត្រីឆ្ដោដែលច្បាប់ហាមឃាត់៕ ហេង នរិន្ទ្រ

DSC07414

DSC07407 (1)

DSC07406


ចែករំលែក៖