ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីរដ្ឋបាលព្រៃឈើ ស្រុកព្រែក ប្រសព្វ ខេត្តក្រចេះ ឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់ តាមអំពើចិត្ត

ចែករំលែក៖

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញច្រើននាក់បន្តសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់យ៉ាងពេញបន្ទុក ព្រោះគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។ ប្រភពបានឲ្យដឹងថា ឈ្មួញឈ្មោះ ហាក់ ដែលមានមេឃុំសោប ស៊ា ហេង ជាអ្នករត់ការបើកផ្លូវនៅតែអាចដឹកជញ្ជូនឈើឆ្លងកាត់ស្រុកព្រែកប្រសព្វ ដោយគ្មានញញើតអ្វីឡើយ។ ប្រភពបានឲ្យដឹងថា ការដែលឈ្មួញឈ្មោះ ហាក់ និងឈ្មួញដទៃទៀតដឹកជញ្ជូនឈើឆ្លងកាត់ស្រុកព្រែកប្រសព្វ តាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំសោប ស្រុកព្រែកប្រសព្វ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះឈ្មួញឈ្មោះ ហាក់ សម្រុកដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុងកែច្នៃនិងគោយន្តកន្ត្រៃ ឆ្លងកាត់ឃុំសោប យ៉ាងគឃ្លើនព្រោះមានលោក ស៊ា ហេង មេឃុំសោប ជាអ្នករត់ការបើកផ្លូវ។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកព្រែកប្រសព្វ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកព្រែកប្រសព្វ គិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល ហើយបណ្ដោយឲ្យបទល្មើសព្រៃឈើកើតឡើងកាន់តែច្រើនជាងមុនទៅទៀត។

មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំសោប ស្រុកព្រែកប្រសព្វ បានឲ្យដឹងថា មេឃុំសោប គឺលោក ស៊ា ហេង បានប្រើប្រាស់តួនាទីរបស់ខ្លួនដើម្បីកាងបទល្មើសដឹកជញ្ជូនឈើខុសច្បាប់របស់ឈ្មួញឈ្មោះ ហាក់ ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ហើយថ្មីៗនេះរថយន្តដឹកឈើរបស់ឈ្មួញឈ្មោះ ហាក់ បើកបុកមនុស្សស្លាប់ម្នាក់នៅក្នុងភូមិសោបលើ ឃុំសោប ទៀតផង។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ ហាក់ និងឈ្មួញដទៃទៀតបានប្រមូលទិញឈើដឹកជញ្ជូនឈើចេញពីតំបន់ព្រៃអភិរក្ស និងព្រៃឡង់ យ៉ាងពេញបន្ទុកដោយគ្មានលិខិតអនុញ្ញាតទាល់តែសោះ ព្រោះមានការឃុបឃិតពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ ៕


ចែករំលែក៖